WFP នឹងផ្អាកជំនួយស្បៀងដល់ប្រជាជន១លាននាក់នៅមីយ៉ាន់ម៉ា ដោយសារកង្វះថវិកា
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសកាលពីថ្ងៃទី១៤ ខែមីនាថា ខ្លួននឹងផ្អាកជំនួយស្បៀងអាហារដល់ប្រជាជនជាងមួយលាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា... The post WFP នឹងផ្អាកជំនួយស្បៀងដល់ប្រជាជន១លាននាក់នៅមីយ៉ាន់ម៉ា ដោយសារកង្វះថវិកា appeared first on Kampuchea Thmey Daily.

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសកាលពីថ្ងៃទី១៤ខែមីនាថា ខ្លួននឹងផ្អាកជំនួយស្បៀងអាហារដល់ប្រជាជនជាងមួយលាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារកង្វះថវិកា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧ខែមីនានេះ។

WFP បានប្រកាសថា ខ្លួននឹងផ្អាកជំនួយស្បៀងអាហារសង្គ្រោះជីវិតដល់មនុស្សជាង១លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ពីខែមេសា ដោយសារតម្រូវការថវិកាដ៏ច្រើនលើសលប់។ ការផ្អាកនេះកើតឡើង ចំពេលដែលតម្រូវការស្បៀងអាហារកំពុងកើនឡើងដោយសារតែជម្លោះ ការផ្លាស់ទីលំនៅ និងការរឹតត្បិតការចូលទៅក្នុងប្រទេសនេះ។
លោក Michael Dunford តំណាងរបស់ WFP និងជានាយកប្រចាំប្រទេសនៅមីយ៉ាន់ម៉ាបាននិយាយថា៖«ការកាត់បន្ថយដែលនឹងមកដល់នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ដែលងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដែលភាគច្រើនពឹងផ្អែកទាំងស្រុងលើការគាំទ្ររបស់ WFP ដើម្បីរស់»។
WFP ថា ប្រសិនបើគ្មានមូលនិធិថ្មីទេ វានឹងអាចផ្គត់ផ្គង់មនុស្សបានត្រឹមតែ៣៥០០០នាក់ប៉ុណ្ណោះ រួមទាំងកុមារអាយុក្រោម ៥ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន និងជនពិការ ដែលជាក្រុមមនុស្សដែលងាយរងគ្រោះជាងគេ។
នៅឆ្នាំនេះ ប្រទេសនេះត្រូវការជាបន្ទាន់នូវទឹកប្រាក់ចំនួន៦០លានដុល្លារ ដើម្បីបន្តផ្តល់ជំនួយស្បៀងអាហារសង្គ្រោះជីវិតដល់ប្រជាជនមីយ៉ាន់ម៉ា។ WFP ជំរុញឱ្យដៃគូទាំងអស់ស្វែងរកមូលនិធិបន្ថែមដើម្បីបំពេញតម្រូវការ។ សហគមអន្តរជាតិត្រូវតែធានាថា ប្រជាជនមីយ៉ាន់ម៉ា ដែលខ្វះខាតខ្លាំងបំផុត ត្រូវបានផ្តល់មូលនិធិចាំបាច់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមតែអាចធ្វើទៅបាន៕



អត្ថបទ៖ ប៊ុន សុភាព
The post WFP នឹងផ្អាកជំនួយស្បៀងដល់ប្រជាជន១លាននាក់នៅមីយ៉ាន់ម៉ា ដោយសារកង្វះថវិកា appeared first on Kampuchea Thmey Daily.