ពលរដ្ឋភូមិ៤ សង្កាត់ដងទង់ កំពុងខ្វះខាតទឹកស្អាតប្រើប្រាស់អំឡុងរដូវប្រាំងនេះ
ប្រជាពលរដ្ឋរស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងជួបប្រទះការខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ អំឡុងរដូវប្រាំងនេះ The post ពលរដ្ឋភូមិ៤ សង្កាត់ដងទង់ កំពុងខ្វះខាតទឹកស្អាតប្រើប្រាស់អំឡុងរដូវប្រាំងនេះ appeared first on Kampuchea Thmey Daily.

កោះកុង ៖ ប្រជាពលរដ្ឋរស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងជួបប្រទះការខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ អំឡុងរដូវប្រាំងនេះ ខណៈអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ស្វែងរកទឹកស្អាតមកចែកជូនពលរដ្ឋផងដែរ។

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះថា ការខ្វះខាតទឹកស្អាតរបស់ពលរដ្ឋភាគច្រើនជាខ្មែរឥស្លាម មានរយៈពេល២ទៅ៣ថ្ងៃមកហើយ ប៉ុន្តែអាជ្ញាធរមូលដ្ឋានរបស់លោកពុំបានព្រងើយកន្តើយនោះទេ ដោយប្រឹងប្រែងសុំអន្តរាគមន៍ពីក្រុមហ៊ុនទឹកស្អាត ដើម្បីដឹកទឹកមកចែកចាយជូនពលរដ្ឋបានប្រើប្រាស់គ្រប់ៗគ្នា។

បើតាមលោកចៅសង្កាត់ដងទង់ ការខ្វះខាតទឹកស្អាតនេះ បានបង្កឱ្យពលរដ្ឋចំណាយថវិកាច្រើនទៅទិញទឹកធុង មកដាំស្ល បោកខោអាវ និងបន្ទោបង់គ្មានទឹកសាបប្រើ។ កាលពីឆ្នាំមុន មូលដ្ឋានរបស់លោក ក៏ធ្លាប់ជួបការខ្វះខាតទឹកស្អាតនេះដែរដោយរដ្ឋបាលក្រុងខេមរភូមិន្ទ និងអាជ្ញាធរភូមិសង្កាត់ យកចិត្តទុកដាក់ដោះស្រាយសម្រួលជូនពលរដ្ឋ។

ទាក់ទិននឹងបញ្ហានៃការរអាក់រអួលផ្គត់ផ្គង់ទឹកស្អាតខេត្តកោះកុង កន្លងទៅ លោក លឹម សុខឃាង អគ្គនាយកក្រុមហ៊ុនទឹកស្អាតខេត្តកោះកុង បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នឹងបែងចែកម៉ោងបិទបើកទឹកស្អាតចែកចាយជូនពលរដ្ឋប្រើប្រាស់ ដោយកំណត់ទី១នៅក្រុងខេមរភូមិន្ទ ទី២ស្រុកមណ្ឌលសីមា និងផ្សារផ្លែឈើ និងភូមិថ្មី បិទទឹកចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹកជារៀងរាល់ថ្ងៃ។

តំណាងក្រុមហ៊ុនទឹកស្អាតខេត្តកោះកុងដដែល អះអាងថា ការបិទបើកទឹកតាមម៉ោងកំណត់យ៉ាងដូច្នេះ ក៏ព្រោះតែដោយសារបាតុភូតធម្មជាតិនារដូវប្រាំងឆ្នាំនេះ ធ្វើឱ្យអាកាសធាតុមានសភាពក្តៅហួតហែងខ្លាំង ស្របនឹងតម្រូវការប្រើប្រាស់ទឹកក៏កើនឡើងជាងមុន បានធ្វើឱ្យប្រភពទឹកមួយចំនួន ដូចជាទឹកស្រះ បឹង អូរ ប្រឡាយ និងអណ្តូង រីងស្ងួតជាបណ្តើរៗ ហើយប្រភពទឹកនៅទំនប់ស្ទាកទឹកជ្រោះតាប៉ន និងស្រះទឹកនៅភូមិចាំយាម មានការស្រកយ៉ាងគំហុកដែលជាបញ្ហាប្រឈមខ្លាំងចំពោះមុខ ដូច្នេះក្រុមហ៊ុនសូមអំពាវនាវដល់ពលរដ្ឋជួយប្រើប្រាស់ទឹកដោយការសន្សំសំចៃបំផុត និងកាត់បន្ថយប្រើប្រាស់ទឹកដែលមិនចាំបាច់ ដើម្បីទប់ស្កាត់ការរីងស្ងួត គ្មានទឹកប្រើប្រាស់មុនពេលរដូវវស្សាឈានមកដល់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

The post ពលរដ្ឋភូមិ៤ សង្កាត់ដងទង់ កំពុងខ្វះខាតទឹកស្អាតប្រើប្រាស់អំឡុងរដូវប្រាំងនេះ appeared first on Kampuchea Thmey Daily.