Duterte នឹងត្រូវបញ្ជូនទៅមន្ទីរឃុំឃាំងរបស់តុលាការ ICC នៅថ្ងៃពុធនេះ ត្រៀមឡើងសវនាការ
លោក Duterte ត្រូវគេរំពឹងថា នឹងបញ្ជូនទៅដល់ទីក្រុងឡាអេប្រទេសហូឡង់នៅថ្ងៃពុធនេះ ដើម្បីប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ... The post Duterte នឹងត្រូវបញ្ជូនទៅមន្ទីរឃុំឃាំងរបស់តុលាការ ICC នៅថ្ងៃពុធនេះ ត្រៀមឡើងសវនាការ appeared first on Kampuchea Thmey Daily.

អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវគេរំពឹងថា នឹងបញ្ជូនទៅដល់ទីក្រុងឡាអេប្រទេសហូឡង់នៅថ្ងៃពុធនេះ ដើម្បីប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់តុលាការឧក្រិដ្ឋកម្មមអនត្រជាតិ (ICC) ដែលមានអង្គហេតុចេញពីសង្គ្រាមប្រឆាំងគ្រឿងញៀនក្នុងដើមអាណត្តិនៃការកាន់អំណាចរបស់លោកកាលពី៩ឆ្នាំមុន។

លោក Duterte ត្រូវបានចាប់បញ្ជូនតាមជើងយន្តហោះដឹកជញ្ជូនពិសេស (Charter Flight) នៅយប់ថ្ងៃអង្គារនៅវេលាម៉ោងជាង១១យប់ម៉ោងនៅទីក្រុងម៉ានីឡា ត្រូវម៉ោងប្រហែល១០យប់ម៉ោងនៅកម្ពុជា ដោយមានការចេញតវ៉ារបស់ប្រជាជនដែលគាំទ្រលោកកាន់តែច្រើន។
សេចក្តីរាយការណ៍របស់សារព័ត៌មានហ្វីលីពីន Manila Times នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា នៅពេលយន្តហោះដឹកអតីតប្រធានាធិបតី Duterte ចុះចតនៅអាកាសយានដ្ឋាន Amsterdam Airport Schiphol នៃទីក្រុង Amsterdam ប្រទេសហូឡង់ លោក Duterte នឹងត្រូវបញ្ជូនទៅកាន់កន្លងឃុំខ្លួនរបស់តុលាការឧក្រិដ្ឋកម្មមអនត្រជាតិ (ICC) ជាទីដែល លោកនឹងត្រៀមខ្លួនចំពោះការបង្ហាញខ្លួនដំបូងមុខចៅក្រមជំនុំជម្រះរបស់តុលាការ ICC។

ក្រោយការដឹកជញ្ជូនអតីតប្រធានាធិបតីហ្វីលីនចេញពីប្រទេសភ្លាមៗ Ferdinand Marcos Jr. ដែលជាប្រធានាធិបតីហ្វីលីពីន បានចេញធ្វើសន្និសីទសារព័ត៌មានភ្លាមៗ ព្រមទាំងបានបង្ហាញថា ការអនុវត្តការចាប់ខ្លួនអតីតប្រធានាធិបតីតាមប៉ូលិស Interpol គឺជារឿងត្រឹមត្រូវ។
ប្រធានាធិបតី Ferdinand Marcos Jr. កំពុងកាន់អំណាច និងមានទំនាស់ជាមួយអនុប្រធានាធិបតី Sara Duterte ដែលជាកូនស្រីរបស់ លោក Rodrigo Duterte ដោយភាគីទាំងពីរបង្ហាញពីជម្លោះដ៏ជ្រាលជ្រៅ និងបង្ហាញពីការប៉ុនប៉ងយកជីវិតគ្នាទៀតផង។
ប្រធានាធិបតី Ferdinand Marcos Jr. បាននិយាយថា ការចាប់ខ្លួនអតីតប្រធានាធិបតី Rodrigo Duterte គឺ «សមរម្យនិងត្រឹមត្រូវ» ដូចដែលវាត្រូវបានអនុវត្តស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសហ្វីលីពីនចំពោះអង្គការប៉ូលីសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol) ។
នៅក្នុងសន្និសីទសារព័ត៌មានយប់មិញ លោក Marcos បានបញ្ជាក់ថា យន្តហោះដែលដឹកលោក Duterte បានចាកចេញពីមូលដ្ឋានទ័ពអាកាស Villamor ក្នុងទីក្រុង Pasay នៅម៉ោង 11:03 យប់។ ថ្ងៃអង្គារ ធ្វើដំណើរទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ «ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងសង្រ្គាមបង្ហូរឈាមរបស់គាត់លើគ្រឿងញៀន»។ យោង Manila Times។

តាមរបាយការណ៍ដែលបានផ្សព្វផ្សាយក្នុងពេលកន្លងមក ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន អតីតប្រធានាធិបតី Rodrigo Duterte បានសម្លាប់មនុស្សជាង៦០០០នាក់ដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ដោយមិនឆ្លងកាត់ការជំំនុំជម្រះក្តីរបស់តុលាការ ដែលទាំងនេះបានក្លាយជាបន្ទុកនៃការដឹកនាំរបស់លោក។
យោងតាមតម្រាយផ្លូវដល់ប្រព័ន្ធបច្ចេកវិទ្យា Google Map ចម្ងាយផ្លូវដឹកជញ្ជូនពីទីក្រុងម៉ានីឡាប្រទេសហ្វីលីពីន ដល់ទីក្រុង Amsterdam ប្រទេសហូឡង់មានជា១ម៉ឺនគីឡូម៉ែត្រ នឹងប្រើពេលជាង១៧ម៉ោង។
លោក Rodrigo Duterte បានក្លាយជាមេដឹកនាំដំបូងគេនៅតំបន់អាស៊ីនិងអាស៊ីអាគ្នេយ៍ដែលត្រូវបានចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប៉ុន្តែតុលាការនេះក៏នៅមានស៊ើបបណ្តឹងប្រឆាំងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អូលាំងផងដែរ៕
ដោយ រ៉ាន់ រើយ


The post Duterte នឹងត្រូវបញ្ជូនទៅមន្ទីរឃុំឃាំងរបស់តុលាការ ICC នៅថ្ងៃពុធនេះ ត្រៀមឡើងសវនាការ appeared first on Kampuchea Thmey Daily.