ឥណ្ឌូណេស៊ី៖ Toyota ចង់ឱ្យ​​ខ្លួន​ក្លាយជា មជ្ឈ​មណ្ឌល​​ផលិតកម្ម​ប្រចាំលោកខាងត្បូង

បច្ចុប្បន្ន​ ក្រុមហ៊ុន Toyota ​ប្រចាំឥណ្ឌូណេស៊ី មានរោងចក្រ​ផលិតរថយន្តចំនួន ៥ រួចហើយ​ ដោយ​រោងចក្រនីមួយៗថែមទាំងមានសមត្ថភាពផលិតរថយន្ត​ប្រចាំឆ្នាំរាប់​សែន​គ្រឿង។ The post ឥណ្ឌូណេស៊ី៖ Toyota ចង់ឱ្យ​​ខ្លួន​ក្លាយជា មជ្ឈ​មណ្ឌល​​ផលិតកម្ម​ប្រចាំលោកខាងត្បូង appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី៖ Toyota ចង់ឱ្យ​​ខ្លួន​ក្លាយជា           មជ្ឈ​មណ្ឌល​​ផលិតកម្ម​ប្រចាំលោកខាងត្បូង

ប្អូនប្រុសបង្កើត​របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវូ ស៊ូប៊ីយានតូ លោក Hashim Djojohadikusumo​ ថ្មី​ៗ​នេះ​បាន​បង្ហើប​ថា​ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី​យក្ស​ជប៉ុន Toyota ចង់​ឱ្យ​ឥណ្ឌូណេស៊ីក្លាយជា​មជ្ឈមណ្ឌល​ផលិតកម្ម​របស់​ក្រុមហ៊ុន​សម្រាប់​ទីផ្សារ​នៅប្រទេស​លោក​ខាង​ត្បូង​។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត Jakarta Globe កាលពីថ្ងៃព្រហស្បតិ៍។

ថ្លែង​ក្នុងវេទិកាមួយដែល​ពេញដោយពាណិជ្ជករឥណ្ឌូណេស៊ី លោក Hashim បាន​អះអាងថា លោក​បាននិយាយជាមួយតំណាងក្រុមហ៊ុន Toyota ​ហើយផ្អែក​លើ​ការ​និយាយ​គ្នា​ លោក Hashim ថ្លែង​យ៉ាងដូច្នេះ​ថា​៖ «Toyota និយាយថា ពួកគេចង់ធ្វើឱ្យ​ឥណ្ឌូណេស៊ីក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ពិភព​លោក​ខាង​ត្បូង​។ ​Toyota Indonesia នាំចេញទៅកាន់ ៨០ ប្រទេស។ តើ​អាចស្រមៃបានទេ? ​ពួក​គេ​នាំចេញសូម្បី​តែ​ទៅម៉ិកស៊ិក​»។

លោក​បន្តថា​៖ «ពួកគេចង់ពង្រីកទីផ្សារ​ទៅ​ម៉ិកស៊ិកបន្ថែម​ទៀត​។ ​ដូច្នេះតើពួកគេត្រូវការអ្វីខ្លះ? ពួកគេត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ិកស៊ិក។ នោះហើយជាអ្វីដែល​ខ្ញុំ​ស៊កខ្លួន​ចូល​​។ ខ្ញុំអាចជួយក្រុមហ៊ុនដែលត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងទៀត​»​។

គួរគូស​បញ្ជាក់ថា​ បច្ចុប្បន្ន​ ក្រុមហ៊ុន Toyota ​ប្រចាំឥណ្ឌូណេស៊ី មានរោងចក្រ​ផលិតរថយន្តចំនួន ៥ រួចហើយ​ ដោយ​រោងចក្រនីមួយៗថែមទាំងមានសមត្ថភាពផលិតរថយន្ត​ប្រចាំឆ្នាំរាប់​សែន​គ្រឿង សម្រាប់ទាំងទីផ្សារក្នុង និងក្រៅស្រុក​។ ប្រទេស​លោកខាងត្បូង សំដៅលើ​ប្រទេស​កំពុងអភិវឌ្ឍ ដែល​រាប់បញ្ចូល​ទាំង​បណ្ដា​ប្រទេស​នៅអាហ្វ្រិក អាមេរិកឡាទីន ​កោះៗនៅសមុទ្រការ៉ាអ៊ីប អាស៊ី និងអូសេអានី។

ទិន្នន័យរបស់សមាគមរថយន្ត Gaikindo បង្ហាញថា ក្រុមហ៊ុន​ Toyota Indonesia បាន​នាំចេញ​រថយន្តដែលផលិតក្នុងស្រុកចំនួន ២៧៦ ០៨៩ គ្រឿង ​ពេញមួយឆ្នាំមុន។ ​ការរាយការណ៍នា​ពេល​កន្លងមក បានបង្ហាញថា ម៉ិកស៊ិកបាន​នាំចូល​នូវ​រថយន្ត Toyota Avanza និង Veloz ផលិតនៅឥណ្ឌូណេ​ស៊ី។

លោក Hashim មិន​បាន​និយាយ​ជា​​​លម្អិត​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល Toyota កំពុង​សម្លឹង​មើល​ជាមួយ​ម៉ិកស៊ិក​នោះ​ទេ។ ​យ៉ាងណា​មិញ​ បច្ចុប្បន្ន ឥណ្ឌូណេស៊ីកំពុងព្យាយាមធ្វើ​ឱ្យប្រសើរឡើងនូវ​លទ្ធភាពនាំចេញ​ទៅកាន់​ម៉ិកស៊ិក ជាពិសេសតាមរយៈកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនចំពោះភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជាដើម​៕

The post ឥណ្ឌូណេស៊ី៖ Toyota ចង់ឱ្យ​​ខ្លួន​ក្លាយជា មជ្ឈ​មណ្ឌល​​ផលិតកម្ម​ប្រចាំលោកខាងត្បូង appeared first on Kampuchea Thmey Daily.