អ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido នៅម៉ូសំប៊ិកកើនឡើងដល់៧៣នាក់
ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido នៅក្នុងប្រទេសម៉ូសំប៊ិកបានកើនឡើងដល់ ៧៣នាក់ហើយ ខណៈមនុស្ស៥៤០នាក់ផ្សេងទៀតបានរងរបួស... The post អ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido នៅម៉ូសំប៊ិកកើនឡើងដល់៧៣នាក់ appeared first on Kampuchea Thmey Daily.
សារព័ត៌មានAl Jazeera បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido នៅក្នុងប្រទេសម៉ូសំប៊ិកបានកើនឡើងដល់៧៣នាក់ហើយ ខណៈមនុស្ស៥៤០នាក់ផ្សេងទៀតបានរងរបួស ព្រមទាំងបង្កការខូចខាតយ៉ាងខ្លាំង។
មជ្ឈមណ្ឌលគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់អ្នកស្លាប់ចំនួន៦៦នាក់នៅក្នុងខេត្ត Cabo Delgado ភាគខាងជើង។ ចំណែកមនុស្ស ៤ នាក់បានស្លាប់នៅក្នុងខេត្ត Nampula និង ៣ នាក់ទៀតនៅ Niassa ខណៈមនុស្សម្នាក់បានបាត់ខ្លួន។ មនុស្សជាង ៥៤០ នាក់ត្រូវបានរាយការណ៍ថាបានរងរបួសដោយព្យុះស៊ីក្លូនដែលបាននាំមកនូវខ្យល់ប្រហែល ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់ខ្លាំងប្រហែល២៥០ មីលីម៉ែត្រក្នុងរយៈពេល២៤ ម៉ោង។
ព្យុះ Chido នេះបានធ្វើឲ្យមានបំណាក់ដីក្នុងប្រទេសម៉ូសំប៊ិកកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានហូរកាត់កោះ Mayotte នៃមហាសមុទ្រឥណ្ឌា ដែលមានការភ័យខ្លាចថាមនុស្សរាប់រយនាក់អាចត្រូវបានសម្លាប់។ ផ្ទះជាង ៣៩១០០ខ្នង ត្រូវបានបំផ្លាញ ហើយជាង ១៣៤០០ខ្នង ផ្សេងទៀតត្រូវបានបំផ្លាញដោយផ្នែក ខណៈមនុស្សជាង ៣២៩៥០០ នាក់ត្រូវបានរងផលប៉ះពាល់ដោយសារព្យុះនេះ។
បន្ទាប់ពីបានបោកបក់លើប្រទេស ម៉ូសំប៊ិក ព្យុះស៊ីក្លូននេះបានផ្លាស់ប្តូរចូលទៅក្នុងប្រទេសម៉ាឡាវី បានសម្លាប់មនុស្ស ១៣ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនោះ។អាជ្ញាធរបារាំងបាននិយាយថា ក្នុងពេលជាមួយគ្នានេះដែរ មនុស្សយ៉ាងហោចណាស់ចំនួន ៣១នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងទឹកដីក្រៅប្រទេសរបស់បារាំងឈ្មោះ Mayonette ហើយមនុស្សជាង ១,៥០០នាក់បានរងរបួស ក្នុងនោះមានជាង ២០០នាក់ ធ្ងន់ធ្ងរ។
ក្រសួងការបរទេសបារាំងទទួលបន្ទុកអឺរ៉ុប និងការបរទេសបាននិយាយថា ប្រទេសបារាំងបានស្នើសុំតង់ចំនួន ១០,០០០ និងកន្លែងស្នាក់នៅបន្ទាន់ពីយន្តការអឺរ៉ុបដើម្បីជួយដល់តំបន់ Mayotte។ ប្រជាជននៅ Mayotte ដែលរងការបំផ្លិចបំផ្លាញដោយព្យុះបានអង្វរប្រធានាធិបតីបារាំង Emmanuel Macron ឱ្យជួយបន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកបានធ្វើដំណើរទៅកាន់ទឹកដីនេះ៕
អត្ថបទ៖ ប៊ុន សុភាព
The post អ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido នៅម៉ូសំប៊ិកកើនឡើងដល់៧៣នាក់ appeared first on Kampuchea Thmey Daily.