អាមេរិក ដាក់លក្ខខណ្ឌ២ចំណុច បើអ៊ុយក្រែន ចង់ចូលណាតូ
នៅឯក្រុមប្រឹក្សាទំនាក់ទំនងបរទេស ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken... The post អាមេរិក ដាក់លក្ខខណ្ឌ២ចំណុច បើអ៊ុយក្រែន ចង់ចូលណាតូ appeared first on Kampuchea Thmey Daily.
នៅឯក្រុមប្រឹក្សាទំនាក់ទំនងបរទេស ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានដាក់លក្ខខណ្ឌ២ចំណុចទៅអ៊ុយក្រែន បើពិតជាចង់ចូលជាសមាជិកអង្គការណាតូមែន។
ត្បិតតែមិនបញ្ជាក់ច្បាស់ពីពេលវេលាដែលអ៊ុយក្រែន នឹងសង្ឃឹមបានចូលណាតូ ប៉ុន្តែលោក Blinken និយាយថា ទីក្រុងកៀវអាចចូលជាសមាជិកបានលុះត្រាតែពួកគេកែទម្រង់យោធា និងកែលម្អស្ថាប័នប្រជាធិបតេយ្យរបស់ពួកគេឲ្យបានជោគជ័យសិន។
ទោះបីជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា មិនមែនជារឿងតូចឡើយបើអ៊ុយក្រែនចូលណាតូមែន ព្រោះថា រុស្ស៊ីក៏មិននៅស្ងៀមដែរ ប៉ុន្តែយើងនឹងចាត់វិធានការម៉ឺងម៉ាត់ដើម្បីសម្រេចគោលដៅនេះ។
លោកលើកឡើងថា ច្បាស់ណាស់ វានឹងជាបញ្ហាប្រឈមយ៉ាងធំសម្រាប់រុស្ស៊ី ក្នុងការឯកភាពលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ទាំងដែលទីក្រុងកៀវមិនបោះបង់គំនិតចូលណាតូ ប៉ុន្តែទោះមិនក្លាយជាសមាជិកពេញសិទ្ធិ អ៊ុយក្រែនក៏អាចមានសក្តានុពល ទទួលបានការធានាផ្សេងៗទៀត ស្រដៀងទៅនឹងមាត្រា៥នៃធម្មនុញ្ញណាតូ ដែលចែងថា ការវាយប្រហារលើសមាជិកមួយនៃប្លុកនេះ គឺស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់។
តាមពិតទៅ អ៊ុយក្រែនប្រាថ្នាក្លាយជាសមាជិកណាតូពេញសិទ្ធិជាយូរមកហើយ ហើយថែមទាំងបានដាក់ពាក្យចូលជាផ្លូវការកាលពីឆ្នាំ២០២២ទៀតផង បន្ទាប់ពីអតីតតំបន់ចំនួន ៤ របស់ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី។
យ៉ាងណា រឿងនេះត្រូវបានសមាជិកមួយចំនួនបដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយរុស្ស៊ី តែងប្រឆាំងយ៉ាងដាច់អហង្ការ ដោយអះអាងថា វានឹងបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន។
ម្យ៉ាងវិញទៀត រុស្ស៊ីធ្លាប់ប្រកាសហើយថា បើអ៊ុយក្រែន ពិតជាចង់ចរចាសន្តិភាពមែន ទី១ ទីក្រុងកៀវ ត្រូវបោះចោលគំនិតចូលជាសមាជិកអង្គការណាតូសិន ហើយទី២ អ៊ុយក្រែន ត្រូវដកទ័ពចេញពីទឹកដីដែលរុស្ស៊ីកាន់កាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បងធំណាតូ ៦ប្រទេស ចេញសេចក្តីថ្លែងការណ៍រួម គាំទ្រសមាជិកភាពរបស់ អ៊ុយក្រែន
The post អាមេរិក ដាក់លក្ខខណ្ឌ២ចំណុច បើអ៊ុយក្រែន ចង់ចូលណាតូ appeared first on Kampuchea Thmey Daily.