ព្រះរាជដំណាក់ស្តេច ជាកន្លែងកត់ត្រា ទុកជាប្រវត្តិសាស្ត្ររបស់យុវជនជំនាន់ក្រោយ
អភិបាលខេត្តស្ទឹងត្រែង បានរៀបចំសំអាតបរិស្ថាន និងដាំកូនឈើ ផ្កា នៅដំណាក់ស្តេច នៃតំបន់ខាងក្រៅព្រះរាជដំណាក់ ដើម្បីប្រែក្លាយទីតាំងនេះ The post ព្រះរាជដំណាក់ស្តេច ជាកន្លែងកត់ត្រា ទុកជាប្រវត្តិសាស្ត្ររបស់យុវជនជំនាន់ក្រោយ appeared first on Kampuchea Thmey Daily.
អភិបាលខេត្តស្ទឹងត្រែង បានរៀបចំសំអាតបរិស្ថាន និងដាំកូនឈើ ផ្កា នៅដំណាក់ស្តេច នៃតំបន់ខាងក្រៅព្រះរាជដំណាក់ ដើម្បីប្រែក្លាយទីតាំងនេះ ទៅជាកន្លែងយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់ និងកត់ត្រាទុក ពីស្នាព្រះហស្ថរបស់សម្ដេចតា សម្ដេចតាទួតនៃយើង ដែលបានបន្សល់ទុកនៅខេត្តស្ទឹងត្រែង។
ក្នុងសកម្មភាព ដាំដើមឈើ និងផ្កា នៅទីតាំងជុំវិញព្រះរាជដំណាក់ស្ដេច ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា រដ្ឋបាលខេត្តឱ្យមន្ទីរជំនាញ ស្រាវជ្រាវ ពីប្រវត្តិនៃការកកើតព្រះរាជដំណាក់ស្ដេច ដែលជាស្នាព្រះហស្ថ របស់សម្ដេចតា សម្ដេចតាទួត យកមកចារនៅលើ ថ្មម៉ាបប៉ែកក្លោងទ្វារខាងក្រៅ ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយបានកត់ត្រា ចំណាំទុកជាប្រវត្តិសាស្ត្រ ព្រោះនេះជាសមិទ្ធផលដ៏មានតម្លៃ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផ្នែកវប្បធម៌ និងឱ្យភ្ញៀវទេសចរបានមកឃើញ និងបានស្គាល់ពីប្រវត្តិសាស្ត្រ និងស្នាដៃដូនតាយើងផង។
លោកមានប្រសាសន៍បន្តថា ចំណែកផ្នែកខាងក្នុង យើងពុំមានសិទ្ធិក្នុងការរៀបចំ នៅក្នុងតំបន់ទីតាំងនោះទេ ព្រោះនេះជាការគ្រប់គ្រងរបស់ព្រះបរមរាជវាំងតែយើងអាចដាក់ភ្លើងបំភ្លឺឱ្យមានសោភណភាពបាន តាមការអនុញ្ញាតឱ្យរៀបចំពីព្រះបរមរាជវាំង។
លោកមានប្រសាសន៍បន្តទៀតថា ទីតាំងតំបន់ខាងក្រៅរបង រដ្ឋបាលខេត្ត ឱ្យសាលាក្រុង រៀបចំឱ្យមានសោភ័ណភាពស្អាត តាមរយៈការដាំដើមឈើ និងផ្កា ដូចជាដើមជើងគោ ដើមលឿងរាជ ដើមក្ងោកជាដើម និងរៀបចំជាទីតាំងថ្មើរជើងសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋយើងមកទេសចរណ៍ដើរកម្សាន្តព័ទ្ធជុំវិញព្រះរាជដំណាក់នេះ មានបង្គុយកម្សាន្តសម្រាប់ពេលរាត្រីផងដែរ។
លោក ម៉េង តិចសែ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងត្រែង បានគាំទ្រផែនការអភិវឌ្ឍរបស់លោកអភិបាលខេត្ត ព្រោះបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចង់ឃើញការរៀបចំខេត្តឱ្យមានសោភណភាពស្អាតទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តបានច្រើន។
លោកបន្តថា នេះជាទេសចរណ៍ផ្នែកវប្បធម៌ ដោយសារទីតាំងនេះជាទីតាំងប្រវត្តិសាស្ត្រជាស្នាព្រះហស្ថរបស់សម្តេចតា សម្តេចតាទួតនៃយើង មិនអាចបំភ្លេចបានទេ ហើយបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរមកពីទីជិតទីឆ្ងាយ និងស្វែងយល់អំពីប្រវត្តិនៃការកកើត ព្រះរាជដំណាក់នេះ។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង សម្ដេចតា សម្ដេចតាទួតបានបន្សល់ទុកនូវទីតាំងប្រវត្តិសាស្រ្តចំនួន៤កន្លែង ដូចជាព្រះរាជដំណាក់ស្តេច ស្តូបអនុស្សាវរិយ៍បុរីអូរស្វាយសែនជ័យ-សាលាព្រះបូជនីយកិច្ច -និងសាលាសម្តេចឪ សម្តេចម៉ែជាដើម៕
The post ព្រះរាជដំណាក់ស្តេច ជាកន្លែងកត់ត្រា ទុកជាប្រវត្តិសាស្ត្ររបស់យុវជនជំនាន់ក្រោយ appeared first on Kampuchea Thmey Daily.