អាន់វ៉ា ជួប មីន អ៊ុងឡាំង ដ៏កម្រក្នុងទីក្រុងបាងកក
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានជួបពិភាក្សាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ដោយផ្តោតលើតម្រូវការមនុស្សធម៌ក្រោយរងគ្រោះរញ្ជួយដី ... The post អាន់វ៉ា ជួប មីន អ៊ុងឡាំង ដ៏កម្រក្នុងទីក្រុងបាងកក appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានជួបពិភាក្សាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា ដោយផ្តោតលើតម្រូវការមនុស្សធម៌ក្រោយរងគ្រោះរញ្ជួយដី ប៉ុន្តែជំនួបនេះត្រូវបានគេលើកឡើងថា លោក Anwar នឹងស្នើសុំបទឈប់បាញ់រវាងយោធាមីយ៉ាន់ម៉ា និងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុនNHKនៅថ្ងៃទី១៨ខែមេសានេះ។

លោក Anwar ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បច្ចុប្បន្ន បានបើកកិច្ចប្រជុំបិទទ្វារជាមួយ លោក Min Aung Hlaing នៅរាជធានីបាងកកប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍។ ប្រភពជាច្រើនបាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីរបៀបអាចបញ្ឈប់ជម្លោះ ក៏ដូចជាប្រតិបត្តិការសង្គ្រោះសម្រាប់ការរញ្ជួយដីដ៏បំផ្លិចបំផ្លាញដែលបានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនា។
រយៈពេលបួនឆ្នាំមកនេះការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យបានបន្តចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១។ ក្រោយការរញ្ជួយដី កម្លាំងយោធា និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រកាសបទឈប់បាញ់ជាបណ្ដោះអាសន្ន ដើម្បីផ្តោតលើការស្ដារការរញ្ជួយដី។ ប៉ុន្តែ លោក Anwar បាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

កន្លងមកអាស៊ានបានបដិសេធមិនអនុញ្ញាតឱ្យមន្ត្រីយោធាមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំសំខាន់ៗ ដោយលើកនេះជាករណីលើកលែងដ៏កម្រនៃកិច្ចពិភាក្សាចុងក្រោយរវាងប្រធានអាស៊ាន និងមេដឹកនាំយោធាកំពូលរបស់មីយ៉ាន់ម៉ា។ ទោះយ៉ាងណាកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យថា ពួកគេប្រឆាំងយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមណាមួយរបស់មេដឹកនាំអាស៊ានដែលចូលរួមជំនួយមនុស្សធម៌ជាមួយលោក Min Aung Hlaing នោះទេ។ ពួកគេបាននិយាយថា សកម្មភាពបែបនេះអាចជា «ការធ្វើរដ្ឋប្រហារយោធាខុសច្បាប់»។
គួរបញ្ជាក់ថាប្រទេសជិតខាង និងប្រទេសអាស៊ានមិនបានចាប់អារម្មណ៍ក្នុងការគាំទ្រការបះបោរតាមលទ្ធិប្រជាធិបតេយ្យ នោះទេ និងក៏មិនមានការគាំទ្រការរងទុក្ខរបស់ជនស៊ីវិលមីយ៉ាន់ម៉ាដែរ។ យុទ្ធសាស្ត្ររបស់ប្រទេសទាំងនេះគឺដើម្បីស្តារ «សណ្តាប់ធ្នាប់» ឡើងវិញ តាមរយៈការចរចាដែលទុកឱ្យរបបយោធានៅដដែលនិងទាមទារឲ្យពួកបដិវត្តន៍ទទួលយកការគ្រប់គ្រងដោយយោធាជាអចិន្ត្រៃយ៍លើប្រទេស សេដ្ឋកិច្ច និងនយោបាយ៕


អត្ថបទ៖ ប៊ុន សុភាព
The post អាន់វ៉ា ជួប មីន អ៊ុងឡាំង ដ៏កម្រក្នុងទីក្រុងបាងកក appeared first on Kampuchea Thmey Daily.