ហ្សេលេនស្គី ប្រាប់​ថា រុស្ស៊ី​លួច​បច្ចេកវិទ្យា​ដ្រូន​ពី​ចិន

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឌីមៀរ ហ្សេលេនស្គី បានអះអាងថា ពលរដ្ឋចិន​មួយ​ចំនួន​កំពុងធ្វើការនៅរោងចក្រផលិត​ដ្រូន​មួយ​កន្លែង​​ក្នុងប្រទេសរុស្ស៊ី ដោយ... The post ហ្សេលេនស្គី ប្រាប់​ថា រុស្ស៊ី​លួច​បច្ចេកវិទ្យា​ដ្រូន​ពី​ចិន appeared first on Kampuchea Thmey Daily.

ហ្សេលេនស្គី ប្រាប់​ថា រុស្ស៊ី​លួច​បច្ចេកវិទ្យា​ដ្រូន​ពី​ចិន

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឌីមៀរ ហ្សេលេនស្គី បានអះអាងថា ពលរដ្ឋចិន​មួយ​ចំនួន​កំពុងធ្វើការនៅរោងចក្រផលិត​ដ្រូន​មួយ​កន្លែង​​ក្នុងប្រទេសរុស្ស៊ី ដោយបង្កើនការព្រួយបារម្ភអំពីការចូលរួមដោយប្រយោលរបស់ទីក្រុងប៉េកាំង​នៅ​ក្នុង​សង្គ្រាម។ យ៉ាង​​ណា​មិញ លោក ហ្សេលេនស្គី មិន​បាន​ចោទ​ប្រកាន់​​​ថា ចិន​ជា​អ្នក​ចូលរួម​ដោយ​ផ្ទាល់​នៅ​​ក្នុង​​ផលិតកម្ម​ដ្រូន​រុស្ស៊ី​នេះ​ទេ ពោល​គឺ​រុស្ស៊ីជា​អ្នក​លួច​បច្ចេកវិទ្យា​ដ្រូន​ ដោយ​រដ្ឋាភិបាល​ចិន​​មិន​បាន​ដឹង​ឮ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី មេ​ដឹក​នាំ​អ៊ុយក្រែន (រូបថត៖ Reuters)

ការ​លើក​ឡើង​​នេះ គឺ​ខុស​ពី​​ការចោទប្រកាន់ពីមុនដោយ​លោក​ ហ្សេលេនស្គី ដែល​ថា​ចិន​កំពុងផ្គត់ផ្គង់អាវុធ និង​រំសេវ​ដោយ​ផ្ទាល់​​ទៅ​ឲ្យ​​រុស្ស៊ី បើ​ទោះ​ជា​ចិន​​បាន​បដិសេធ និង​បញ្ជាក់​​ម្ដង​ហើយ​ម្តង​ទៀត​​អំពី​ជំហរ​អព្យាក្រឹត​របស់​ខ្លួន​​ក៏​ដោយ។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២២​ខែ​មេសា លោក ហ្សេលេនស្គី បាន​និយាយ​ថា៖ «យើងជឿថា វាអាចថា រុស្ស៊ីលួចបច្ចេកវិទ្យាទាំងនេះ ដោយ​បានធ្វើកិច្ចព្រមព្រៀងជាមួយពលរដ្ឋទាំងនេះនៅខាងក្រៅកិច្ចព្រមព្រៀងជាមួយថ្នាក់ដឹកនាំចិន»។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនបានដឹកនាំមន្ត្រី និង​ទីភ្នាក់ងារ​សន្តិសុខ​របស់​ខ្លួន​ ចែករំលែកព័ត៌មានលម្អិត​នេះ​ជាមួយអាជ្ញាធរចិន ដើម្បីបញ្ជាក់អំពីស្ថានភាព។

ក្រសួងការបរទេសអ៊ុយក្រែន ក៏​បាន​ប្រកាស​ដែរ​​ថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិនលោក Ma Shengkun ហើយបានបង្ហាញពី «ក្តីបារម្ភយ៉ាងខ្លាំង» របស់អ៊ុយក្រែន ជុំវិញការចូលរួមរបស់ចិននៅក្នុងសង្គ្រាម។

ចិន​បាន​ច្រាន​ចោល​ និង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ថា​គ្មាន​មូលដ្ឋាន។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញថា ចិនមិនបានផ្តល់អាវុធដ៍សាហាវដល់ភាគីណាមួយនៅក្នុងជម្លោះអ៊ុយក្រែននោះទេ ហើយបានសង្កត់ធ្ងន់លើជំហរអព្យាក្រឹតរបស់ខ្លួន ដោយរក្សាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បទឈប់បាញ់ និងការចរចាសន្តិភាព។

លោក ហ្សេលេនស្គី ធ្លាប់​បាននិយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រុស្ស៊ីកំពុងជ្រើសរើសជនជាតិចិនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីប្រយុទ្ធក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ហើយថា មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំង​ក៏​បានដឹងអំពីរឿងនោះ​ដែរ។ លោកបានបន្ថែមថា ទីក្រុង​កៀវ កំពុងព្យាយាមវាយតម្លៃថាតើអ្នកជ្រើសរើស​ទាហាន​កំពុងទទួលបានការណែនាំពីទីក្រុងប៉េកាំងឬយ៉ាងណា។

សូម​បញ្ជាក់​ថា ចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» ប៉ុន្មានថ្ងៃ មុនពេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូល​លុក​លុយ​អ៊ុយក្រែនក្នុងខែកុម្ភៈ​ឆ្នាំ​២០២២៕

លោក វ៉្លាឌីមៀរ ពូទីន មេដឹកនាំ​រុស្ស៊ី និង​លោក ស៊ី ជីនពីង មេ​ដឹក​នាំ​ចិន (រូបថត៖ AP)

ដោយ៖ ឈាង

The post ហ្សេលេនស្គី ប្រាប់​ថា រុស្ស៊ី​លួច​បច្ចេកវិទ្យា​ដ្រូន​ពី​ចិន appeared first on Kampuchea Thmey Daily.