សហគមន៍ណែនាំឱ្យពលរដ្ឋដឹងពីប្រភពទុរេន នៅចំពេលដែលកម្ពុជារឹតត្បិតទុរេននាំចូល
អ្វីដែលបងប្អូនត្រូវគិត គឺរកប្រភពដែលជឿទុកចិត្តបាន តាមរយៈចម្ការដែលបងប្អូនស្គាល់ មានទំនាក់ទំនងធ្លាប់ទិញ... The post សហគមន៍ណែនាំឱ្យពលរដ្ឋដឹងពីប្រភពទុរេន នៅចំពេលដែលកម្ពុជារឹតត្បិតទុរេននាំចូល appeared first on Kampuchea Thmey Daily.

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានណែនាំឱ្យប្រជាពលរដ្ឋត្រូវដឹងពីប្រភពទុរេនច្បាស់លាស់មុនពេលសម្រេចចិត្តទិញទុរេន ដើម្បីគេចផុតពីការប៉ះពាល់ដល់សុខភាព នៅចំពេលដែលរាជារដ្ឋាភិបាលបានរឹតត្បិតការនាំចូលទុរេនពីប្រទេសថៃ និងវៀតណាមបន្ទាប់ពីប្រទេសចិន។

លោក ហេង ឆេងលី ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ថា ទុរេនភាគច្រើនដែលនាំចូលមកពីវៀតណាមខុសពីទុរេនក្នុងស្រុកបន្តិច ដោយទុរេនខ្មែរសម្បុរស្អាត បន្លាស្រួចល្អ។ តែទុរេននាំចូលបន្លារង្វើលហើយរិចរិលដោយសារការដឹកជញ្ជូនឆ្ងាយ។ ប៉ុន្តែលោកអះអាងថា ភិនភាគមិនមែនជាចំណុចសំខាន់ទេ សំខាន់គឺប្រភពច្បាស់លាស់។
លោក ហេង ឆេងលីបន្ថែមថា៖ «អ្វីដែលបងប្អូនត្រូវគិត គឺរកប្រភពដែលជឿទុកចិត្តបាន តាមរយៈចម្ការដែលបងប្អូនស្គាល់ មានទំនាក់ទំនងធ្លាប់ទិញ ឬក៏អាចទាក់មកសហគមន៍ប្រសិនបើចង់ទិញទុរេនពីខាងកំពង់ចាម ឬបែកអន្លូង ឱ្យគាត់ទាក់ទងមកសហគមន៍តែម្ដង ព្រោះសហគមនមានសមាជិកជិត ១០០ នាក់នៅបែកអន្លូង។ បើមិនច្បាស់ទាក់ទងឱ្យគាត់ទាក់ទងមកសហគមន៍ សហគមន៍ជួយសម្របសម្រួលក្នុងការទិញ-លក់ អាហ្នឹងច្បាស់ហ្មង។ ប្រភពសំខាន់ណាស់ ភិនភាគគ្រាន់តែរឿងមួយចំណែកទេ»។

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ពន្លឿនក្នុងការរៀបចំសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុគីមី Basic Yellow 2 បន្ទាប់ពីប្រទេសចិនបានរឹតត្បិតការនាំចូលផ្លែទុរេនពីវៀតណាម និងថៃ។
សេចក្ដីណែនាំរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុគីមី Basic Yellow 2 ឬ Auramine និង Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគ នៅតាមមាត់ច្រក នៅពេលដែលមានការនាំចូលផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះ លើផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់»។

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្តេចទុរេន គាំទ្រចំណាត់ការខាងលើ ប៉ុន្តែស្នើឱ្យរដ្ឋាភិបាលបង្កើតយន្តការតាមដាន ដើម្បីធានាប្រសិទ្ធភាព ផ្ដល់ទំនុកចិត្តដល់អ្នកបរិភោគ។
លោក ឃឹម ប៊ុនឡែនយល់ថា៖ «ទាល់តែមានយន្តការតាមដានថាតើវិធានការហ្នឹងមានប្រសិទ្ធភាពអត់ ព្រោះកន្លងមកមានការរឹតបន្តឹងមែន ប៉ុន្តែចុងក្រោយនៅតែនាំចូលមកហូរហែរដដែលហ្នឹង ទី១ គឺបិទនៅច្រកព្រំដែនហ្នឹងហ្មង តាចូលមកស្រុកខ្មែរហើយពិបាកណាស់ និងចុះទៅកន្លែងលក់ ដើម្បីកម្លាអ្នកលក់កុំឱ្យយកចេះតែចង់បានលុយយករបស់គេថោកៗមកលក់សម្រាប់ខ្មែរ ហើយកុហកថា ទុរេនតំបន់នេះ តំបន់នេះ អាហ្នឹងវាខូចឈ្មោះទុរេនតំបន់ហ្នឹងទៀត»។
បើតាមលោក ឃឹម ប៊ុនឡែន ដើម្បីបញ្ចៀសហានិភ័យសម្រាប់សុខភាព អ្នកទិញស្គាល់ប្រភពឱ្យច្បាស់ទាំងអ្នកលក់ ឬម្ចាស់ចម្ការ ហើយអតិថិជនត្រូវស្វែងយល់ថា រដូវណាជារដូវទុរេន ហើយទុរេនដែលលក់តាមផ្លូវថោកៗ គួពិចារណាដែរ ព្រោះទុរេនជារបស់ថ្លៃ មិនអាចលក់ធូរថ្លៃបានទេ ហើយចៀសវាងកុំញាំ បើមិនទាន់ដល់រដូវ និងស្គាល់ប្រភពច្បាស់៕
រដូវកាលប្រមូលផលទុរេននៅឆ្នាំ ២០២៥ នេះអាចនឹងចាប់ផ្ដើមនៅមុនពេលបុណ្យចូលឆ្នាំខ្មែរ ដែលមានពពួកទុរេនពូជស្រាល ដូចជាពពួមូសាំងឃីង អាចចាប់ផ្ដើមដល់ខ្លះៗ ប៉ុន្តែមិនច្រើនទេ៕
អត្ថបទ៖ ឡេង ដេត
The post សហគមន៍ណែនាំឱ្យពលរដ្ឋដឹងពីប្រភពទុរេន នៅចំពេលដែលកម្ពុជារឹតត្បិតទុរេននាំចូល appeared first on Kampuchea Thmey Daily.