សម្តេចធិបតី៖ «ភាសាខ្មែរ» នៅតែជាភាសាជាតិ ដែលត្រូវពង្រឹងតាំងពីថ្នាក់មូលដ្ឋាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា «ភាសាខ្មែរ» នៅតែជាភាសាជាតិ ដែលត្រូវពង្រឹងចាប់តាំងពីថ្នាក់មូលដ្ឋាន The post សម្តេចធិបតី៖ «ភាសាខ្មែរ» នៅតែជាភាសាជាតិ ដែលត្រូវពង្រឹងតាំងពីថ្នាក់មូលដ្ឋាន appeared first on Kampuchea Thmey Daily.
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា «ភាសាខ្មែរ» នៅតែជាភាសាជាតិ ដែលត្រូវពង្រឹងចាប់តាំងពីថ្នាក់មូលដ្ឋាន ដែលមានន័យនេះ ដើម្បីលើកកម្ពស់ភាសាខ្មែរ គឺត្រូវធ្វើកំណែទម្រង់ទៅលើកម្មវិធីសិក្សាចាប់ពីកម្រិតបឋមសិក្សាតែម្ដង។
អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងអប់រំ បន្តកំណែទម្រង់នៃការពង្រឹងមូលដ្ឋានថ្នាក់បឋម ដល់ថ្នាក់ទី១២ ឱ្យកាន់តែរឹងមាំ ហើយពិសេសផ្ដោតលើភាសាជាតិ គឺភាសាខ្មែររបស់យើង និងគណិតវិទ្យា ពិសេសថ្នាក់មូលដ្ឋានបឋមសិក្សានេះឱ្យកាន់តែរឹងមាំ»។
ក្នុងន័យនេះ សម្ដេចធិបតី បានណែនាំឱ្យក្រសួងអប់រំ ដាក់បញ្ចូលម៉ោងភាសាខ្មែរ និងគណិតវិទ្យាឱ្យច្រើនជាងម៉ោងភាសាបរទេស ដើម្បីពង្រឹងមូលដ្ឋានភាសាជាតិឱ្យបានរឹងមាំ ដោយសម្ដេច សង្កត់ថា «កុំឱ្យចប់ថ្នាក់ទី១២ ហើយ សរសេរអក្សខ្មែរអត់ត្រូវជួរ»។
នៅចំពោះមុខសិស្សនិទ្ទេស A សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានប្រកាសថា៖ «ដរាបណាគណបក្សប្រជាជននៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា»។ តាមការអះអាងរបស់សម្ដេចធិបតី គឺគ្មានទេការដាក់ភាសាបរទេសផ្សេងមកជំនួសភាសាខ្មែរ ព្រោះថា ភាសាជាតិក្នុងប្រព័ន្ធអប់រំរបស់កម្ពុជា គឺភាសាខ្មែរ រីឯភាសាបរទេស គ្រាន់តែជាភាសាបន្ទាប់បន្សំប៉ុណ្ណោះ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទិសដៅពង្រឹងសាលាបឋមសិក្សា គឺក្នុងគោលបំណងធ្វើយ៉ាងណាពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំ តាំងពីថ្នាក់បឋមឡើងមក។ នេះជាការបន្ថែមរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី។
សម្ដេចធិបតី បន្តថា មិនត្រឹមតែរៀនភាសាសរសេរទេ ក៏ប៉ុន្តែ ភាសារក៏បានដាក់បញ្ចូលទៅក្នុងប្រព័ន្ធឌីជីថលថែមទៀត ដើម្បីឱ្យកូនខ្មែរប្រើប្រាស់កាន់ច្រើន ខណៈដែលប្រព័ន្ធ Google ក៏ចេះភាសាខ្មែរដែរ។ ដូច្នេះ ការជំរុញថែទាំ ការអភិរក្សនិងការលើកកម្ពស់ភាសាខ្មែរ គឺជាអ្វីដែលរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ ជាសេនាធិការ បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ តាមរយៈការជំរុញ និងបង្កើនឱ្យទៅជាប្រព័ន្ធឌីជីថលទាន់សម័យតែម្ដង។
ភ្ជាប់នឹងកិច្ចការលើកកម្ពស់ភាសាខ្មែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យមានការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ និងលើកទឹកចិត្តដល់អាណាព្យាបាលជូនកូនទៅទិញសៀវភៅឱ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង ការស្រាវជ្រាវបន្ថែមដល់កូនៗ ពិសេសការកាត់បន្ថយការលេងទូរសព្ទផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
The post សម្តេចធិបតី៖ «ភាសាខ្មែរ» នៅតែជាភាសាជាតិ ដែលត្រូវពង្រឹងតាំងពីថ្នាក់មូលដ្ឋាន appeared first on Kampuchea Thmey Daily.