សកម្មជនប្រឆាំងខ្មែរម្នាក់នៅកូរ៉េខាងត្បូង ផ្តាំទៅពលរដ្ឋកុំឱ្យជឿតាមការញុះញុងរឿងកោះគុត
សកម្មជនប្រឆាំងយ៉ាងសកម្មម្នាក់នៅសាធារណរដ្ឋកូរ៉េដែលមានឈ្មោះលើបណ្តាញសង្គម អាសង្ហា បានអំពាវនាវឱ្យជាប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់ ព្រោះកោះគុត The post សកម្មជនប្រឆាំងខ្មែរម្នាក់នៅកូរ៉េខាងត្បូង ផ្តាំទៅពលរដ្ឋកុំឱ្យជឿតាមការញុះញុងរឿងកោះគុត appeared first on Kampuchea Thmey Daily.
សកម្មជនប្រឆាំងយ៉ាងសកម្មម្នាក់នៅសាធារណរដ្ឋកូរ៉េដែលមានឈ្មោះលើបណ្តាញសង្គម អាសង្ហា បានអំពាវនាវឱ្យជាប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់ ព្រោះកោះគុតស្ថិតនៅលើទឹកដីកម្ពុជា ខណៈភាគីរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងធ្វើការចរចាគ្នាដោយសន្ដិវិធីច្បាប់។
សកម្មជនអតីតបក្សប្រឆាំង ដែលគេស្គាល់ថាមានឈ្មោះក្រៅថា «អាសង្ហា» បាននិយាយក្នុងវិឌីអូខ្លីមួយនៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ២០២៤នេះថា៖«កោះគុតហ្នឹង វាមិនបាត់បង់ទៅណាទេ វាគ្រាន់តែជាសង្រ្គាមពាក្យសម្ដីខ្មែរនិងថៃទៅវិញទៅមក ហើយខ្មែរយើងមួយចំនួនចេះតែយកមកវិភាគផ្ដេសផ្ដាស់ រឿងវាមិនទាន់នឹងកើតឡើងផង ភាគីថៃគេចោទយើងអ្នកយករបស់គេ ប៉ុន្ដែកោះគុត ស្ថិតនៅក្នុងដីខ្មែរទេ ហើយយើងក៏ចោទថា ថៃយករបស់យើង ចោទគ្នាអ៊ីចឹង វាពិបាកនិយាយគ្នា»។
លោកបន្តថា បើនិយាយពីជនជាតិថៃ គឺពួកគេនឹងមិនហ៊ានធ្វើសង្រ្គាមជាមួយកម្ពុជានោះទេ ហើយថ្នាក់ដឹកនាំកម្ពុជាក៏មិនព្រមឱ្យបាត់បង់ទឹកដីទៅខាងភាគីថៃដែរ។ កាលពីជំនាន់សម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស មិនដែលអនុញ្ញាតឱ្យថៃយកទឹកដីកម្ពុជាបាននោះទេ ប៉ុន្ដែកាលពីសម័យមុនសម្ដេចេជោដឹកនាំប្រទេស គឺពិតជាមានការបាត់បង់ទឹកដីទៅភាគីថៃមែន។
សកម្មជនរូបនេះបន្ថែមថា ប្រសិនបើមានកោះគុត ពិតជាបាត់បង់ទៅភាគីថៃមែន គឺសម្ដេចតេជោ ហ៊ុន សែន នឹងមិននៅស្ងៀមនោះទេ ប៉ុន្ដែជាក់ស្ដែងកោះនេះមិនទាន់បាត់បង់ទៅភាគីថៃនោះទេ។ សំណុំរឿងនេះផ្ទុះឡើង ដោយសារតែក្រុមបក្សប្រឆាំងនៅប្រទេសថៃរុញឱ្យក្ដៅប៉ុណ្ណោះ ខណៈដែលជិតបោះឆ្នោតនៅថៃ ទើបធ្វើឱ្យបក្សប្រឆាំងថៃព្យាយាមស្វែងរកប្រជាប្រិយភាពពីពលរដ្ឋ ពួកគេថែមទាំងសន្យាជាមួយពលរដ្ឋខ្លួនថា បើពួកគេជាប់ឆ្នោត គេនឹងទាមទារយកកោះគុតពីខ្មែរឱ្យទាល់តែបាន។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានជំរុញឱ្យអ្នកនយោបាយដែលមាននិន្នាការប្រឆាំងនៅកម្ពុជាបញ្ឈប់ការព្យាយាមរុញបញ្ហាកោះគុតឱ្យទៅជាប្រធានបទក្ដៅ ដើម្បីកេងចំនេញនយោបាយ ខណៈវាជាឧបសគ្គក្នុងការចរចាគ្នារកដំណោះស្រាយ។
ជាមួយគ្នានេះ លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានអះអាងថា ប្រធានបទក្ដៅទាក់ទងនឹងសំណុំរឿងកោះគុត គឺជាភាពចម្រូងចម្រាស់នៃនយោបាយផ្ទៃក្នុងរបស់ថៃ ដោយបក្សប្រឆាំងថៃមានបំណងចង់រុញសំណុំរឿងនេះឱ្យកាន់តែក្ដៅ និងបង្កភាពស្មុគស្មាញ ដើម្បីទាញទម្លាក់ប្រជាប្រិយភាពបក្សកាន់អំណាច និងទាញទម្លាក់លោកស្រី Paetongtarn Shinawatra ចេញពីតំណែងផងដែរ។
លោកបន្តថា បញ្ហាកោះគុតកំពុងក្លាយជារឿងចម្រូងចម្រាសនៅក្នុងរបបនយោបាយថៃ ដែលអាចបង្កជាឧបសគ្គសម្រាប់រដ្ឋាភិបាលថៃ និងកម្ពុជាក្នុងការដោះស្រាយតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រដែលស្ថិតក្នុងជម្លោះរវាងភាគីទាំងពីរ និងការកំណត់តំបន់អភិវឌ្ឍរួមគ្នា។
ក្នុងន័យនេះ លោកបានសង្កត់ធ្ងន់ឱ្យប្រជាពលរដ្ឋខ្មែរ និងថៃរក្សាភាពស្ងៀមស្ងាត់ និងភាពអត់ធ្មត់ឱ្យបានខ្ពស់ ដើម្បីផ្ដល់ពេលវេលាដ៏សមស្របមួយទុកជូនគណៈកម្មការកិច្ចការព្រំដែន និងរាជរដ្ឋាភិបាលទាំងពីរសិក្សាស្វែងរកដំណោះស្រាយដោយសន្ដិវិធី សន្ដិភាព សន្ដិសុខនៅតាមព្រំដែន និងយោគយល់គ្នាទៅវិញទៅមក៕
The post សកម្មជនប្រឆាំងខ្មែរម្នាក់នៅកូរ៉េខាងត្បូង ផ្តាំទៅពលរដ្ឋកុំឱ្យជឿតាមការញុះញុងរឿងកោះគុត appeared first on Kampuchea Thmey Daily.