កសិករប្រាប់វិធីដាំម្អមឲ្យលូតលាស់ល្អ អាចរកចំណូលបានជាង ១២ ម៉ឺនរៀលក្នុងមួយថ្ងៃ
ស្ត្រីចំណាស់ម្នាក់ ប្រាប់វិធីដាំម្អមឲ្យលូតលាស់ល្អ អាចរកចំណូលបានជាង ១២ ម៉ឺនរៀលក្នុងមួយថ្ងៃ... The post កសិករប្រាប់វិធីដាំម្អមឲ្យលូតលាស់ល្អ អាចរកចំណូលបានជាង ១២ ម៉ឺនរៀលក្នុងមួយថ្ងៃ appeared first on Kampuchea Thmey Daily.
អ្នកស្រី កក់ ស្រីកង មានវ័យ ៦៣ ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្ហើបពីវិធីសាស្រ្តដាំម្អមឲ្យលូតលាស់ល្អ ដើម្បីយកទៅលក់នៅលើទីផ្សារ ដែលអាចទទួលបានចំណូលជាង ១២ ម៉ឺនរៀល ក្នុងមួយថ្ងៃពីរបរដាំម្អមនេះ។
អ្នកស្រី កក់ ស្រីកង បានប្រកបរបរដាំដំណាំម្អមនេះតាំងពី ឆ្នាំ២០០០មក លើផ្ទៃដីប្រមាណ ១ ហិតា បើគិតមកដល់ពេលនេះ មានរយៈពេល ២៤ឆ្នាំហើយ។ មុខរបរមួយនេះ បានជួយដោះបន្ទុកលើជីវភាពគ្រួសាររបស់អ្នកស្រីបានល្អប្រសើរ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកស្រីថា ចំណូលប្រចាំថ្ងៃបានថយចុះ ព្រោះមានអ្នកដាំដំណាំម្អមនេះច្រើន។
អ្នកស្រី កក់ ស្រីកង បានឲ្យដឹងថា ម្អមជាដំណាំមួយប្រភេទងាយស្រួលដាំ ហើយក៏ងាយប្រឈមសត្វល្អិតដូចជា ក្រា ដង្កូវ មមាច ផ្សិត ជាដើម ហើយការប្រើថ្នាំបាញ់លុះត្រាតែដល់កម្រិតមួយទើបអ្នកស្រីប្រើ តែថ្នាំគីមីអ្នកស្រីមិនដែលប្រើទេ ហើយប្រើតែជីសរីរាង្គប៉ុណ្ណោះ និងឧស្សាបញ្ចូលទឹកផង។
កសិកររូបនេះ បានគូសបញ្ជាក់ថា «បើការដាំមិនមានបទពិសោធន៍និងថែទាំនោះទេ ដើមម្អមមិនមានសុខភាពល្អនោះដែរ។ ដំបូង ត្រូវវាយដីឲ្យបានល្អដូចដាំស្រូវ ហើយស្ទូងក៏មិនខុសពីស្រូវដែរ បន្ទាប់ពីស្ទូងបានរយៈពេលចន្លោះពីមួយទៅពីរខែ នោះអាចប្រមូលផលបានហើយ»។
អ្នកស្រីបន្តថា បច្ចុប្បន្នក្នុងមួយថ្ងៃ ម៉ូយកុម្ម៉ង់ទិញចាប់ពី ៥០ ទៅ ៥៧ ថង់ រកចំណូលបានជាង ១២ ម៉ឺនរៀលក្នុងមួយថ្ងៃ ខណៈកាលពីប៉ុន្មានឆ្នាំមុន ទីផ្សារត្រូវការចន្លោះពី ៦០ ថង់ ទៅ ៨០ ថង់ ហើយក្នុង ១ ថង់មានតម្លៃ ២៥០០ រៀល។ បើតាមកសិកររូបនេះ ឆ្នាំនេះការកុម្ម៉ង់មានការថយចុះតិចតូចដែរ តែលើទីផ្សារធំៗដូចជាផ្សារភូពុយ ផ្សារបឹងឈូក ផ្សារនៅតាមច្រកព្រំដែនថៃ និងភ្នំពេញ ជាដើមនៅដដែល ហើយសព្វថ្ងៃអ្នកស្រីក៏បានរួមចំណែកជួយទ្រទ្រង់ជីវភាពគ្រួសារអ្នកភូមិស្រុកជាកម្មករបាន ៧ នាក់ដែរ។
ជាមួយគ្នានេះ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ជាការប្រសើរសម្រាប់ប្រជាកសិករ ដែលបានមានគំនិតកែច្នៃដាំម្អម ដើម្បីជាចំណែកមួយនៃសេដ្ឋកិច្ចគ្រួសារឲ្យបានប្រសើរ បន្ថែមពីផលដាំណាំស្រូវ ស្របពេលបច្ចុប្បន្នកសិករបានប្រើប្រាស់ថ្នាំសត្វល្អិត និង ថ្នាំសម្លាប់ស្មៅច្រើនស្ទើរគ្រប់តំបន់ ដែលធ្វើឲ្យម្អមតាមស្រែស្ទើរតែដាច់ពូជ ហើយនៅតំបន់មួយចំនួនក៏រកម្អមស្លរឬធ្វើអន្លក់មិនបានផងក៏មាន។
ម្អមគឺជាឈ្មោះស្មៅរុក្ខជាតិម្យ៉ាង ដែលមានទម្រង់ដើមតូចៗ ស្លឹកល្អិត និងមានក្លិនឆ្ងុយប្រហើរ ដែលមានដុះតាមវាលស្រែ តាមធម្មជាតិ។ ប្រជាជនខ្មែរតែងនិយមយកមកផ្សំជាម្ហូបអាហារ តាមតម្រូវការគ្រួសារនីមួយៗ ខណៈដែលសម័យមុនស្មៅម្អមនេះសម្បូរបែបណាស់ដុះនៅតាមដីស្រែក្នុងតំបន់នីមួយៗ មិនមានកសិករដាំដុះនោះទេ។
ដោយឡែក មកដល់សម័យបច្ចុប្បន្ន ដោយសារតែតម្រូវការរបស់ប្រជាពលរដ្ឋច្រើន ទើបមានកសិករមានគំនិតកែច្នៃមកដាំសម្រាប់ចូលទីផ្សារ ដើម្បីជាជំនួយសេដ្ឋកិច្ចលើជីវភាពគ្រួសារផង៕
អត្ថបទ៖ សៅ សារិទ្ធ
The post កសិករប្រាប់វិធីដាំម្អមឲ្យលូតលាស់ល្អ អាចរកចំណូលបានជាង ១២ ម៉ឺនរៀលក្នុងមួយថ្ងៃ appeared first on Kampuchea Thmey Daily.