រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញទិសដៅសំខាន់ៗមួយចំនួន... The post រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ appeared first on Kampuchea Thmey Daily.
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញទិសដៅសំខាន់ៗមួយចំនួនដើម្បីលើកកម្ពស់វិស័យសុខាភិបាលឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាព និងបូកសរុបការងារ សមិទ្ធផលការងារ និងលើកទិសដៅការងារបន្តកាលពីរសៀលថ្ងៃទិ២៦ធ្នូ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទិសដៅសំខាន់ៗរួមមាន ១) នវានុវត្តន៍ប្រព័ន្ធសុខភាពឌីជីថល (Digital Health) ២) គោលដៅទប់ស្កាត់នៃជំងឺគ្រុនឈាម ៣) ពង្រឹងបន្ថែមទៀតទៅលើការងារអធិការកិច្ច ៤) ពង្រឹងទៅជំងឺមិនឆ្លង ៥) ការត្រៀមក្នុងទប់ស្កាត់ និងឆ្លើយតបនឹងជំងឺឆ្លងនានា និង ៦)ផ្តោតទៅលើជំងឺមហារីក ដែលបង្កើនភាពបុរេសកម្មបន្ថែមទៀតក្នុងវិស័យសុខាភិបាល ព្រមទាំងជួយជំរុញការអនុវត្តស្របទៅតាមពេលវេលា មានសន្ទុះលឿន និងមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃអាណ្តិតទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើវិស័យសុខាភិបាល ជាវិស័យអាទិភាព។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការវិនិយោគទៅលើវិស័យសុខាភិបាលឱ្យបានច្រើនបន្ថែមទៀតព្រោះថា ជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រីបានបង្ហាញពីសមិទ្ធផលនានាដែលក្រសួងសុខាភិបាល សម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ និងសំដែងនូវការកោតសរសើរ ចំពោះសមិទ្ធផលដែលសម្រេចបាននេះ ដែលពិតជាឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង សហការគ្នា សាមគ្គីភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់កម្រិត។
ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកអគ្គនាយកបច្ចេកទេសុខាភិបាល លោកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកអគ្គាធិការ នៃក្រសួងសុខាភិបាល និងលោកលោកស្រី ជាថ្នាក់ដឹកនាំក្រសួង រាយការណ៍អំពីវឌ្ឍនភាពការងាររបស់សុខាភិបាល ដែលកិច្ចការងារបានអនុវត្តកន្លងមកដែលកំពុងអនុវត្ត និងដោះស្រាយនូវបញ្ហាប្រឈមនានា សម្រាប់លើកទិសដៅឆ្នាំបន្ទាប់។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២៥ ខាងមុខនេះ លោករដ្ឋមន្ត្រី ជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមមានសុខភាពល្អ កម្លាំងកាយមាំងមួន ប្រាជ្ញាវាសវៃ និងជោគជ័យគ្រប់ភារកិច្ចការងារ៕
អត្ថបទ៖ សំអឿន
The post រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ appeared first on Kampuchea Thmey Daily.