រដ្ឋមន្ត្រីកិច្ចការនារី៖ អាកាសធាតុក្ដៅខ្លាំង អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ឬអាចឈានដល់រលូតកូន
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលធ្លាប់បម្រើការជាវេជ្ជបណ្ឌិតច្រើនឆ្នាំនៅបារាំង ព្រមានថា បញ្ហាអាកាសធាតុក្ដៅខ្លាំង អាចបណ្ដាលឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ឬអាចឈានដល់រលូតកូនថែមទៀតផង The post រដ្ឋមន្ត្រីកិច្ចការនារី៖ អាកាសធាតុក្ដៅខ្លាំង អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ឬអាចឈានដល់រលូតកូន appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលធ្លាប់បម្រើការជាវេជ្ជបណ្ឌិតច្រើនឆ្នាំនៅបារាំង ព្រមានថា បញ្ហាអាកាសធាតុក្ដៅខ្លាំង អាចបណ្ដាលឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ឬអាចឈានដល់រលូតកូនថែមទៀតផង។ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី ព្រមានដូច្នេះ នៅក្នុងកិច្ចសន្ទនាអំពីសមភាពយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុដំណាក់កាលទី៣ រៀបចំឡើងនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

បណ្ឌិតផ្នែកវេជ្ជសាស្ត្រ លោកស្រី អ៊ឹង កន្ថាផាវី ព្រមានដូច្នេះ ៖«ពេលណាមានកម្ដៅកើនឡើង១ដឺក្រេ លើសពីមធ្យម កើនមួយដឺក្រ Celsius លើសពីមធ្យម វាប៉ះពាល់ទៅលើ ការសម្រាលកូន មានផ្ទៃពោះ អាចរលូតកូនថែមទៀត »។

តាមលោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បញ្ហាកម្ដៅកើនឡើងខ្លាំង អាចធ្វើឱ្យប៉ះពាល់ដល់ការបន្តពូជ ជះផលប៉ះពាល់ធ្ងន់ធ្ងរដល់គោលនយោបាយប្រជាជន។

លោកស្រី អ៊ឹង កន្ថាផាវី អះអាងថា បញ្ហាកម្ដៅក្ដៅខ្លាំងអាចប៉ះពាល់ទារក អាចបណ្ដាលឱ្យមានពិការភាព សុខភាព ការលូតលាស់មិនល្អ ដែលជាបញ្ហាចោទមួយទាមទារឱ្យមានការដោះស្រាយរួមគ្នា ដើម្បីសង្គមកម្ពុជា។ បន្ថែមពីនេះ លោកស្រី អះអាងថា បញ្ហាកម្ដៅគឺជះឥទ្ធិពលខ្លាំងចំពោះស្រ្តី។

គួរឱ្យដឹងដែរថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ក៏បានលើកឡើងថា នៅរដូវក្តៅទាមទារឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងការពារសុខភាពឱ្យបានល្អ ដើម្បីចៀសវាងនូវការកើតជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺសួត រាករូស ការដួលសន្លប់ដោយសារខ្វះជាតិទឹក ការបរិភោគចំណីអាហារមិនស្អាត និងមិនមានអនាម័យ និងជំងឺឆ្លងផ្សេងៗទៀត។

ជាមួយគ្នា លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋពិសារទឹកឱ្យបានច្រើនយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ ចៀសវាងការ បរិភោគភេសជ្ជៈផ្អែមខ្លាំង កុំនៅក្រោមកំដៅថ្ងៃយូរពេក ត្រូវស្លៀកសម្លៀកបំពាក់ស្ដើង និងស្លៀកពាក់ខោអាវវែងៗការពារកំដៅថ្ងៃដើម្បីការពារសុខភាពនៅពេលអាកាសធាតុក្តៅខ្លាំង៕
ដោយ៖ ង៉ិល ណារ៉ាត់
The post រដ្ឋមន្ត្រីកិច្ចការនារី៖ អាកាសធាតុក្ដៅខ្លាំង អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ឬអាចឈានដល់រលូតកូន appeared first on Kampuchea Thmey Daily.