មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ក្រោយពេលលោក ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាដើម្បីយកតំបន់ Greenland នោះស្រាប់តែពេលនេះ មហាអំណាចអឺរ៉ុប២ប្រទេសគឺអាល្លឺម៉ង់និងបារាំង... The post មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland  appeared first on Kampuchea Thmey Daily.

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ក្រោយពេលលោក ដូណាល់ ត្រាំ គំរាមប្រើកម្លាំងយោធាដើម្បីយកតំបន់ Greenland នោះស្រាប់តែពេលនេះ មហាអំណាចអឺរ៉ុប២ប្រទេសគឺអាល្លឺម៉ង់និងបារាំង បានចេញមុខព្រមាន ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះចំៗតែម្តង។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz (រូបថត៖ AP)

តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃពុធទី៨ខែមករាឆ្នាំ២០២៥, អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និយាយថា «គោលការណ៍មិនរំលោភព្រំដែនប្រទេសដទៃ ត្រូវតែអនុវត្តចំពោះគ្រប់ប្រទេសមិនថានោះគឺជាប្រទេសតូច ឬប្រទេសមានអំណាចក៏ដោយ។ យើងពិតជាមិនយល់ទាល់តែសោះអំពីសេចក្តីថ្លែងការណ៍ ចេញពីមាត់រដ្ឋបាលសហរដ្ឋអាមេរិកអាណត្តិថ្មី»។ 

ទន្ទឹមនោះ បារាំងក៏ប្រតិកម្មខ្លាំងៗដែរ ដោយរដ្ឋមន្ត្រីការបរទេសលោក Jean-Noël Barrot បានប្រាប់វិទ្យុ France Inter ថា «សហភាព​អឺរ៉ុប​មិន​គួរ​ឲ្យ​គេ​បំភិត​បំភ័យបានឡើយ។ អឺរ៉ុប​គួរ​តែ​ភ្ញាក់​ខ្លួននិង​ពង្រឹងកម្លាំង។ អឺរ៉ុបនឹងអនុញ្ញាតឲ្យប្រទេសផ្សេង វាយប្រហារលើព្រំដែនអធិបតេយ្យរបស់ខ្លួន ទោះពួកគេជានរណាក៏ដោយ។ យើងជាទ្វីបដ៏រឹងមាំ»។

រដ្ឋមន្ត្រីការបរទេសលោក Jean-Noël Barrot (រូបថត៖ Reuters)

នេះគឺជាការឆ្លើយតបទៅលោក ត្រាំ ដែលបានគំរាមចេញពីសន្និសីទសារព័ត៌មាននៅ Mar-a-Lago កាលពីថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ថា មិនមែនតែ Greenland ទេ លោកក៏អាចប្រើកម្លាំងយោធាឬវិធានការសេដ្ឋកិច្ច ដើម្បីយកព្រែកជីកបាណាម៉ា មកគ្រប់គ្រងផងដែរ។

លោកនិយាយដោយចំហថា «យើងត្រូវការពួកគេសម្រាប់សន្តិសុខសេដ្ឋកិច្ច។ វាចាំបាច់ណាស់សម្រាប់សន្តិសុខរបស់អាមេរិក។ Greenland មានសារៈសំខាន់ផ្នែកយោធា ដើម្បីតាមដាននាវាចិននិងរុស្ស៊ី។ ខ្ញុំកំពុងនិយាយអំពីការការពារពិភពលោកសេរី»។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)

សូមបញ្ជាក់ថា Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ។

វាស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិកនិងអាកទិក ត្រូវ​បាន​គ្របដណ្ដប់ដោយផ្ទាំងទឹកកក​ចំនួន​ ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ។ កោះដ៏ធំបំផុតរបស់ពិភពលោក​មួយ​នេះ មានរដ្ឋធានីនៅជិតទីក្រុងញូវយ៉ក ជាងរដ្ឋធានីកូប៉ិនហាករបស់ដាណឺម៉ាក ហើយ​សម្បូរ​​ធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍ​មានសភាពយឺតយ៉ាវ ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន​ត្រូវ​ពឹងផ្អែកលើការនេសាទ និងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

The post មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland  appeared first on Kampuchea Thmey Daily.