មន្ទីរពេទ្យក្នុងជំរំជនភៀសខ្លួនថៃត្រូវបិទ ខណៈអាមេរិកផ្អាកជំនួយ
មន្ទីរពេទ្យចំនួនប្រាំពីរដែលបម្រើជនភៀសខ្លួននៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ាជាង ១០០០០០នាក់បានបញ្ឈប់សេវាវេជ្ជសាស្រ្តបន្ទាប់ពីការផ្អាករយៈពេល ៩០ ថ្ងៃ... The post មន្ទីរពេទ្យក្នុងជំរំជនភៀសខ្លួនថៃត្រូវបិទ ខណៈអាមេរិកផ្អាកជំនួយ appeared first on Kampuchea Thmey Daily.
យោងតាមការចេញផ្សាយរបស់ The Nation មន្ទីរពេទ្យចំនួន៧ដែលបម្រើជនភៀសខ្លួននៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ាជាង១០ម៉ឺននាក់ បានបញ្ឈប់សេវាវេជ្ជសាស្រ្តរបស់ពួកគេ បន្ទាប់ពីការផ្អាករយៈពេល៩០ថ្ងៃរបស់រដ្ឋបាលលោកត្រាំលើការផ្តល់មូលនិធិជំនួយបរទេស។
លោក Saw Saw អតីតមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានបញ្ជាក់ថា មន្ទីរពេទ្យក្នុងជំរំជនភៀសខ្លួនចំនួនប្រាំពីរ ក្នុងនោះមានបីនៅខេត្ត Tak ពីរនៅខេត្ត Mae Hong Son មួយនៅខេត្ត Ratchaburi និងមួយនៅខេត្ត Kanchanaburi បានផ្អាកការព្យាបាល បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ចប់ការផ្តល់មូលនិធិដែលធ្លាប់តែផ្តល់ជាង៤០ឆ្នាំ និងគ្មានការគាំទ្រពីប្រភពផ្សេងទៀត។ លោកបានបន្ថែមថា បុគ្គលិកពេទ្យ រួមទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាបានដកខ្លួនចេញ ហើយអ្នកជំងឺត្រូវបានបង្ខំឱ្យស្វែងរកការព្យាបាលនៅកន្លែងផ្សេង។
ជនភៀសខ្លួនមកពីប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែនថៃ ដើម្បីគេចពីអំពើហិង្សា និងការលំបាក ចំពេលមានសង្រ្គាមស៊ីវិលដែលបង្កឡើងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១ កំពុងរងផលប៉ះពាល់។ ក្នុងនោះនៅក្នុងខេត្ត Tak មានជំរុំជនភៀសខ្លួនបណ្តោះអាសន្នចំនួនបីគឺ Ban Mae La, Ban Umpiem និង Ban Nu Po ដែលជាលំនៅដ្ឋានជនភៀសខ្លួនជាង ១០០០០០ នាក់ ភាគច្រើនជាជនជាតិ Karen មកពីប្រទេសមីយ៉ាន់ម៉ា។
លោក Sunai Phasuk អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស(USAID) បាននិយាយថា បញ្ជារបស់លោកប្រធានាធិបតី ត្រាំ ក្នុងការផ្អាកការផ្តល់មូលនិធិ IRC មានន័យថា ការថែទាំវេជ្ជសាស្រ្តសម្រាប់ជនភៀសខ្លួននឹងបញ្ឈប់នៅទូទាំងពិភពលោកសម្រាប់រយៈពេល ៩០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ខែមករា។ លោកថាវាមិនទាន់ច្បាស់ទេថានឹងមានអ្វីកើតឡើងបន្ទាប់ពីរយៈពេល៩០ថ្ងៃនោះ។
គួរបញ្ជាក់ថា ជំរំជនភៀសខ្លួនសរុបចំនួន ៩ នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា មានជនភៀសខ្លួនប្រមាណ ១០៦០០០នាក់។ មន្ទីរពេទ្យចំនួនប្រាំនៅក្នុងជំរុំត្រូវបានបញ្ជាឱ្យបិទជាបន្ទាន់កាលពីថ្ងៃពុធ បន្ទាប់ពីការផ្គត់ផ្គង់ទឹក និងអគ្គិសនីរបស់ពួកគេត្រូវបានកាត់ផ្តាច់ ដែលធ្វើឱ្យអ្នកជំងឺស្ថិតក្នុងភាពខ្វះខាត ខណៈមន្ទីពេទ្យដែលនៅដំណើរការខ្លះមិនអាចព្យាបាលស្ត្រីមានផ្ទៃពោះ អ្នកជំងឺធ្ងន់ធ្ងរ ករណីសង្គ្រោះបន្ទាន់ និងអ្នកជំងឺរ៉ាំរ៉ៃ ក៏ដូចជាអ្នកដែលមានជំងឺរបេង ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមនោះទេ។
មានជំរុំចំនួនពីរ នៅ Mae La Oon និង Mae La Ma Luang មិនបានរងផលប៉ះពាល់នោះទេ ដោយសារពួកគេត្រូវបានផ្តល់មូលនិធិដោយអង្គការសុខភាពអាល្លឺម៉ង់។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភកំពុងកើនឡើងថាអ្នកជំងឺមកពីជំរុំដែលមន្ទីរពេទ្យបានបិទនឹងស្វែងរកការព្យាបាលនៅមន្ទីរពេទ្យសាធារណៈរបស់ប្រទេសថៃ ខណៈបុគ្គលិកពេទ្យនៅមន្ទីរពេទ្យព្រំដែនថៃមួយចំនួនថា ជនជាតិមីយ៉ានម៉ាច្រើនលើសលប់ ជាពិសេសស្ត្រីមានផ្ទៃពោះឆ្លងព្រំដែនទៅព្យាបាល៕
អត្ថបទ៖ ប៊ុន សុភាព
The post មន្ទីរពេទ្យក្នុងជំរំជនភៀសខ្លួនថៃត្រូវបិទ ខណៈអាមេរិកផ្អាកជំនួយ appeared first on Kampuchea Thmey Daily.