មន្ត្រីកសិកម្មអះអាង ផលិតកម្មជីក្នុងស្រុកជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លេីការកាត់បន្ថយថ្លៃដេីមផលិត... The post មន្ត្រីកសិកម្មអះអាង ផលិតកម្មជីក្នុងស្រុកជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត appeared first on Kampuchea Thmey Daily.
លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លេីការកាត់បន្ថយថ្លៃដេីមផលិត និងបង្កេីនប្រាក់ចំណេញរបស់ប្រជាកសិករ។
លោក គង់ ច័ន្ទវាសនា បានលើកឡើងក្នុងពេលចុះពិនិត្យដំណើរការផលិតកម្មជីសរីរាង្គចំនួន៣ក្រុមហ៊ុន ក្នុងខេត្តចំនួន៣ គឺខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣។
លោក គង់ ច័ន្ទវាសនា ថ្លែងថា៖ «ការផលិតកម្មជីសរីរាង្គក្នុងស្រុក មិនត្រឹមតែអាចជួយដោះស្រាយកង្វល់ផ្នែកអនាម័យ និងបរិស្ថានតាមរយៈការប្រមូលកាកសំណល់នានាមកធ្វើជាវត្ថុធាតុដើមផលិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត ដោយសារមានតម្លៃទាបជាងជីនាំចូល បង្កើនប្រាក់ចំណេញរបស់កសិករ បង្កើតការងារក្នុងស្រុក និងជួយរក្សានិរន្តរភាពគុណភាពដីបានទៀតផង»។
មន្ត្រីក្រសួងសិកម្មក៏បានទទួលសំណូមពរជាក់ស្តែងមួយចំនួនពីក្រុមហ៊ុន ដេីម្បីពិនិត្យលទ្ធភាពបង្កើនការគាំទ្រថែមទៀត ដល់ផលិតកម្មជីសរីរាង្គក្នុងស្រុកផងដែរ។
នេះគឺជាទស្សនកិច្ចជុំទី៣របស់ក្រុមការងារ បន្ទាប់ពីជុំទី១ នៅទីតាំងផលិតចំនួន៣ក្រុមហ៊ុន ក្នុងខេត្តកំពង់ស្ពឺ និងជុំទី២ នៅទីតាំងផលិតចំនួន៤ក្រុមហ៊ុន ក្នុងខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តកំពង់ធំ និងជុំទី៣ នៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
នៅវគ្គបន្ទាប់ ក្រុមការងារនឹងចុះពិនិត្យទីតាំងចំនួន៣ក្រុមហ៊ុនផ្សេងទៀត នៅខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នាពេលឆាប់ៗខាងមុខ៕
The post មន្ត្រីកសិកម្មអះអាង ផលិតកម្មជីក្នុងស្រុកជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត appeared first on Kampuchea Thmey Daily.