តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំចេញ
ផលិតកម្មដំណាំកសិកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤ ដំណើរការបានល្អ ទទួលបានលើសផែនការ... The post តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំចេញ appeared first on Kampuchea Thmey Daily.
គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំចេញម្រេច កើនឡើងជិត ១៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះថា កត្តាដែលធ្វើឱ្យទឹកប្រាក់នាំចេញម្រេចកើនឡើងខ្ពស់ ដោយសារតែតម្លៃម្រេចបានកើនឡើងជាង ១០០% បើធៀបនឹងឆ្នាំមុន ខណៈកសិករមួយចំនួនបានស្ដុកម្រេចទុក នៅចំពេលដែលតម្លៃធ្លាក់ចុះនៅក្នុងឆ្នាំនេះ។
បើតាមលោក ម៉ាក់ នី ការនាំចេញម្រេចកម្ពុជាជាផ្លូវការសម្រេចបានប្រមាណ ៦ ពាន់តោន នៅក្នុងឆ្នាំ ២០២៤ ខណៈនៅមានការនាំចេញក្រៅផ្លូវការមួយចំនួនទៀត។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ផលិតកម្មដំណាំកសិកម្ម និងការនាំចេញក្នុងឆ្នាំ ២០២៤ ដំណើរការបានល្អ ទទួលបានលើសផែនការ។
តម្លៃម្រេចធម្មតានៅកម្ពុជាបានហក់ឡើងទ្វេដងរហូតដល់ជិត ៣ ម៉ឺនរៀលក្នុងមួយគីឡូក្រាម បើធៀបនឹងតម្លៃក្នុងឆ្នាំ ២០២៣ ដែលលក់បានត្រឹមជាង ១ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ នៅក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧-២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា។
ទីផ្សារម្រេចកម្ពុជា ត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុបជាដើម៕
អត្ថបទ៖ ឡេង ដេត
The post តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពីការនាំចេញ appeared first on Kampuchea Thmey Daily.