ភាគខាងត្បូងថៃ ផ្ទុះគ្រាប់បែក២លើក មុនដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន
ប្រទេសថៃ កើតមានហេតុការណ៍ផ្ទុះគ្រាប់បែកចំនួន២លើក នៅខេត្តភាគខាងត្បូងដោយបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ខណៈរឿងនេះកើតឡើងមុនដំណើរទស្សនកិច្ច... The post ភាគខាងត្បូងថៃ ផ្ទុះគ្រាប់បែក២លើក មុនដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន appeared first on Kampuchea Thmey Daily.

ប្រទេសថៃ កើតមានហេតុការណ៍ផ្ទុះគ្រាប់បែកចំនួន២លើក នៅខេត្តភាគខាងត្បូងដោយបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ខណៈរឿងនេះកើតឡើងមុនដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៅទីនោះ។

តាមការចុះផ្សាយរបស់ Bangkok Post, ហេតុការណ៍ទីមួយ កើតឡើងក្នុងខេត្ត Yala នៅម៉ោង៨:២០នាទី យប់ថ្ងៃសៅរ៍ទី២២ខែកុម្ភៈឆ្នាំ២០២៥ លើផ្លូវហាយវ៉េលេខ១០ ទល់មុខផ្សារទំនើបមួយ ក្នុងស្រុក Bannang Sata ពេលប៉ូលិសកំពុងចេញល្បាត ដោយបណ្តាលឲ្យជនស៊ីលម្នាក់ស្លាប់ និងរបួសប៉ូលិស ៧នាក់។

ហេតុការណ៍ទី២ កើតឡើងក្នុងខេត្ត Narathiwat ដោយគ្រាប់បែកក្នុងរថយន្តភីកអាប់ បានផ្ទុះនៅម៉ោង ៨:៥០នាទីព្រឹកថ្ងៃអាទិត្យទី២៣ខែកុម្ភៈឆ្នាំ២០២៥ ក្បែរប៉មគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស នៅឯអាកាសយានដ្ឋានខេត្ត មួយម៉ោងមុនពេលយន្តហោះគណៈប្រតិភូលោក ថាក់ស៊ីន ចុះចតនៅទីនោះ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ភាគខាងត្បូងប្រទេសថៃ ក្នុងរយៈពេល២ទសវត្សរ៍។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទុះលើកទី២នេះ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសទេ។
សូមជម្រាបថា ភាគខាងត្បូងប្រទេសថៃ ត្រូវញាំញីដោយជម្លោះដ៏រ៉ាំរ៉ៃ ប៉ះពាល់ដល់ខេត្ត Pattani, Yala, Narathiwat និង Songkhla។ ជម្លោះនេះ គឺមានផ្តើមចេញពីបញ្ហាជនជាតិនិងសាសនា ជាពិសេសគឺអ្នកកាន់សាសនាឥស្លាមនិងព្រះពុទ្ធ។

បញ្ហាធំមួយគឺថា អ្នកនៅទីនោះមិនពេញចិត្តចំពោះការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃឡើយ ខណៈការរើសអើង និងកង្វះស្វ័យភាព ក៏មានចំណែកធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរទៅៗផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
The post ភាគខាងត្បូងថៃ ផ្ទុះគ្រាប់បែក២លើក មុនដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន appeared first on Kampuchea Thmey Daily.