ពន្ធ​របស់​ ត្រាំ អាច​ប៉ះពាល់ដល់ការនាំចេញ​របស់​ថៃ​ទៅ​អាមេរិក​ រហូតដល់ ២៥ ភាគរយ​

សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់​ថៃ ដោយ​នៅឆ្នាំ ២០២៣​ ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៤៧,៩ ប៊ីលាន​ដុល្លារ​ ឬស្មើ​នឹង​ ១៧,១ ភាគរយ​ នៃ​ការ​នាំចេញ​សរុប​របស់​ថៃ​។ ​​​ The post ពន្ធ​របស់​ ត្រាំ អាច​ប៉ះពាល់ដល់ការនាំចេញ​របស់​ថៃ​ទៅ​អាមេរិក​ រហូតដល់ ២៥ ភាគរយ​ appeared first on Kampuchea Thmey Daily.

ពន្ធ​របស់​ ត្រាំ អាច​ប៉ះពាល់ដល់ការនាំចេញ​របស់​ថៃ​ទៅ​អាមេរិក​ រហូតដល់ ២៥ ភាគរយ​

ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិក​ រំពឹងថានឹងរងផលប៉ះពាល់​ធ្ងន់ធ្ងរជាងគេ​បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែ​គោលនយោបាយ​ពន្ធ​របស់​ប្រធានាធិបតីជាប់​ឆ្នោត​​ លោក ដូណាល់ ត្រាំ​ ​ព្រោះ​​ថៃ​​មានចំណែកដ៏សំខាន់​លើ​​ពាណិជ្ជកម្មជាមួយ​អាមេរិក។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​ ដែល​ស្រង់​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​។

ទីភ្នាក់ងារស្រាវជ្រាវ​របស់​​ធនាគារ TMBThanachart (ttb) បាន​លើក​ឡើង​ថា​ នៅពេល​លោក ​ត្រាំ​ ស្បថចូលកាន់តំណែងជាប្រធានាធិបតី ​គេរំពឹងថាអាមេរិក​នឹងដាក់ចេញនូវគោលនយោបាយតឹង​រ៉ឹង​ជាច្រើន រួមទាំងការដំឡើងពន្ធនាំចូលផងដែរ។ ក្រោម​សេណារីយ៉ូនេះ​ វា​អាច​នឹងប៉ះពាល់រហូតដល់​ ២៥ ភាគរយ​ ​នៃការនាំចេញសរុបរបស់​ថៃទៅកាន់សហរដ្ឋអាមេរិក។

ការ​វិភាគ​របស់​ ttb បាន​បង្ហាញ​ថា​ ក្រោម​អាណត្តិថ្មី​របស់​លោក ត្រាំ​ អាមេរិក​អាច​នឹង​បង្កើនពន្ធនាំចូលពី​ប្រទេសផ្សេងៗ​ជុំវិញ​ពិភពលោក ដល់ប្រហែល ២០ ភាគរយ​ ដោយ​កើនឡើងពីជាអត្រា​៣ ភាគរយ​ ​មុន​វិបត្តិកូវីដ​។ ពន្ធ​លើទំនិញចិនអាចកើនឡើងខ្លាំងជាងនេះ ​ដោយ​ឈាន​ដល់ ៦០ ភាករយ​ ធៀប​នឹង​អត្រា​ ២១ ភាគរយ​ កាល​ពី​លើក​មុន​។

សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់​ថៃ ដោយ​នៅឆ្នាំ ២០២៣​ ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៤៧,៩ ប៊ីលាន​ដុល្លារ​ ឬស្មើ​នឹង​ ១៧,១ ភាគរយ​ នៃ​ការ​នាំចេញ​សរុប​របស់​ថៃ​។ ​​​

របាយការណ៍​វិភាគ​ដដែល​បាន​លើក​ឡើង​ថា​៖ «ឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ទំនាក់ទំនង ដែល​ផ្សាភ្ជាប់​យ៉ាងជិតស្និទ្ធទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន ​រំពឹងថានឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ ទំនិញទាំងនេះ ​រួមចំណែក​ប្រហែល ២៥ ភាគរយ​​ នៃការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិក ឬ ៤,៣ ភាគរយ​ នៃ​ការ​នាំចេញ​សរុប​របស់​ថៃ»។ ផលិតផលសំខាន់ៗដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែល​ថៃជាអ្នកផ្គត់ផ្គង់ធំជាងគេទី២​សម្រាប់​សហរដ្ឋអាមេរិក មានភាពងាយរងគ្រោះជាង​គេ​។​

លើសពីនេះ បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងគោលនយោបាយពាណិជ្ជកម្មរបស់​ថៃ ទំនងជាធ្វើឱ្យដំណើរការនាំចេញរបស់ខ្លួនធ្លាក់ចុះ ចំពេល​កំណើន​ហានិភ័យភូមិសាស្ត្រនយោបាយ និងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ ទំនិញ​ចិន​ ដែល​រង​ពន្ធ​របស់​​អាមេរិក​ ក៏រំពឹងថា​ នឹង​ជន់លិច​ទីផ្សារ​ថៃ​ ដោយធ្វើឱ្យ​រំខាន​ដល់ផលិតកម្មក្នុងស្រុក និង​ការនាំចេញ​។ ​

ដើម្បីដោះស្រាយបញ្ហាប្រឈម​សម្រាប់​វិស័យនាំចេញ ​អ្នកស្រាវជ្រាវរបស់​ ttb បានណែនាំរដ្ឋាភិបាលថៃឱ្យចរចាជាបន្ទាន់ជាមួយរដ្ឋបាល ត្រាំ​ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងពន្លឿនការចរចាកិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម (FTA) ​ផ្សេងៗ​ ដើម្បី​ឱ្យ​បាន​ដូច​វៀតណាម​ ដែលមាន FTA ជាមួយ​ប្រទេស​ជាច្រើន​ ដើម្បី​ជា​គោលដៅ​ទីផ្សារ​ជំនួស​ ។ គោល​នយោបាយ​ដែល​មាន​គោល​បំណង​ជួយ​ដល់​វិស័យ​ឯកជន ​​​មាន​សារៈ​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង និង​ទាក់​ទាញការវិនិយោគផ្ទាល់​ពី​បរទេស​៕

The post ពន្ធ​របស់​ ត្រាំ អាច​ប៉ះពាល់ដល់ការនាំចេញ​របស់​ថៃ​ទៅ​អាមេរិក​ រហូតដល់ ២៥ ភាគរយ​ appeared first on Kampuchea Thmey Daily.