ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយកម្ពុជា រហូតសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន
លោកស្រី Patricia Danzi បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាសម្រាប់ការរួមចំណែកវិស័យសកម្មភាពមីនសកល... The post ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយកម្ពុជា រហូតសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន appeared first on Kampuchea Thmey Daily.
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការជាមួយ លោកស្រី Patricia Danzi អគ្គនាយកទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ ក្នុងជំនួបនេះ លោកស្រី Patricia Danzi បានគូសបញ្ចាក់ថា ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា រហូតសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងស្វីស រយៈពេលជាង ៦០ឆ្នាំ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែកដល់កិច្ចការអភិវឌ្ឍនៅប្រទេសកម្ពុជា ក៏ជាការគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ លោកបានចាត់ទុកការសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ គឺជាផ្នែកមួយនៃរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនស្វីស។
ទន្ទឹមនេះ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ជាពិសេស ការផ្តល់ភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរួមចំណែកសម្រាប់វិស័យសកម្មភាពមីនសកល។
ចំណែក លោកស្រី Patricia Danzi បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាសម្រាប់ការរួមចំណែកវិស័យសកម្មភាពមីនសកល និងការអនុវត្តនៃអនុសញ្ញាអូតាវ៉ា។ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ពិសេសមុនបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺការដើរដង្ហែក្បួនសម្រាប់ពិភពលោកមួយដែលគ្មានមីន ដែលត្រូវបានចាត់ទុកជាសារមួយយ៉ាងសំខាន់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងសម្រាប់វិស័យសកម្មភាពមីនសកល។
លោកស្រីបន្តថា ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចបាននូវគោលដៅគ្មានផលប៉ះពាល់ដោយសារមីន ព្រមទាំងបានទទួលស្គាល់ចំពោះការលំបាក និងភាពស្មុគស្មាញនៃស្ថានភាពចម្ការមីននៅកម្ពុជា ដែលតម្រូវឱ្យបន្តពន្យាពេលការបោសសម្អាតមីនផងដែរ៕
The post ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយកម្ពុជា រហូតសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន appeared first on Kampuchea Thmey Daily.