បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព

បុរសជនជាតិជប៉ុនម្នាក់ បានលាក់សាកសពឪពុករបស់គាត់នៅក្នុងទូខោអាវនៅផ្ទះអស់រយៈពេលដល់ទៅ ២ ឆ្នាំ ... The post បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព appeared first on Kampuchea Thmey Daily.

បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព

បុរសជនជាតិជប៉ុនម្នាក់ បានលាក់សាកសពឪពុករបស់គាត់នៅក្នុងទូខោអាវនៅផ្ទះអស់រយៈពេលដល់ទៅ ២ ឆ្នាំ បន្ទាប់ពីការស្លាប់របស់អ្នកមានគុណ ដោយក្នុងន័យថា គាត់មិនចង់ទទួលបន្ទុកចំណាយក្នុងពិធីបុណ្យសព។ យ៉ាងណា សកម្មភាព​របស់​បុរស​រូប​នេះ ​បានបង្កើតការសង្ស័យ ទើប​ជំរុញឲ្យមានការ​ស៊ើបអង្កេត​ពី​ប៉ូលិសភ្លាមៗ ។

យោងតាមរបាយការណ៍ពី Fuji News Network លោក Nobuhiko Suzuki មិនបានបើកភោជនីយដ្ឋានអាហារចិនរបស់គាត់ នៅទីក្រុងតូក្យូអស់រយៈពេលមួយសប្តាហ៍ ដោយបង្កើនការសង្ស័យក្នុងចំណោមអ្នកជិតខាង ទើបទាក់ទងទៅប៉ូលិសជាបន្តបន្ទាប់ ដើម្បីរាយរាណ៍ពីបញ្ហា។

ទោះបីជាយ៉ាងណា នៅពេល​ប៉ូលិស​មក​ត្រួតពិនិត្យ​ បែរ​ជា​រក​ឃើញ​គ្រោង​ឆ្អឹង​ឪពុក​គាត់​នៅ​ក្នុង​ទូខោអាវទៅវិញ។ Suzuki បានលាក់សាកសពចាប់តាំងពីឪពុករបស់គាត់ បានទទួលមរណភាពក្នុងអាយុ ៨៦ ឆ្នាំ ក្នុងខែមករាឆ្នាំ២០២៣ មកម៉្លេះ។

បុរសជប៉ុនវ័យ ៥៦ ឆ្នាំរូបនេះ ​បាន​សារភាព​នៅចំពោះមុខប៉ូលិស និង​ពេ​ពន្យល់​ពី​ការ​សម្រេច​ចិត្ត​លាក់​សាកសព​ថា​ ដោយសារតែសេវាកម្មរៀបចំ​បុណ្យ​សពនៅក្នុងប្រទេសជប៉ុន​ថ្លៃ​ខ្លាំង ទើបបណ្ដាលឲ្យលោកត្រូវបង្ខំចិត្តធ្វើទង្វើបែបនេះ។

អាជ្ញាធរបានបញ្ជាក់ថា មិនត្រឹមតែជាការលាក់សពឪពុកទេ Suzuki ឥឡូវ​នេះក៏កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ពី​បទ​កេង​បន្លំ​ប្រាក់​សោធន​និវត្តន៍​របស់​ឪពុកដែរ។ ករណីនេះ បានបង្កឲ្យមានប្រតិកម្មចម្រុះក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតជប៉ុន។ អ្នកខ្លះប៉ាន់ស្មានថា បុរសនោះមានគោលបំណងប្រមូលប្រាក់សោធនបន្ថែម ខណៈពេលដែលអ្នកផ្សេងទៀតបង្ហាញការយល់ចិត្ត ដោយកត់សម្គាល់ពីភាពស្មុគស្មាញជុំវិញពិធីបុណ្យសព សម្រាប់អ្នកដែលខ្វះបទពិសោធន៍ ឬពុំមានលិទ្ធភាពគ្របគ្រាន់ ក្នុងចំណាយប្រាក់លើបុណ្យសព។

ផ្ទះដែលលាក់សាកសពឪពុក

យោងតាមការស្ទង់មតិរបស់អ្នកផ្តល់សេវាពិធីបុណ្យសពរបស់ប្រទេសជប៉ុន San Holdings Inc. បានបញ្ចាក់ឲ្យដឹងថា ការចំណាយពិធីបុណ្យសពជាមធ្យមនៅក្នុងប្រទេសជប៉ុនគឺប្រហែល ១.៣ លានយ៉េន (៨,៩០០ ដុល្លារអាមេរិក) បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩។ តួលេខនេះតំណាងឲ្យការថយចុះចំនួន ១៥៦,០០០ យ៉េន បើធៀបទៅនឹងការចំណាយមុនការរាតត្បាត ដោយសារមនុស្សជាច្រើនបានជ្រើសរើសសម្រាប់ពិធីបុណ្យសពដ៏សាមញ្ញ និងមានតម្លៃថោកជាង។មិនតែបុណ្ណោះ ជាង ៦០ ភាគរយនៃអ្នកឆ្លើយតបការស្ទង់មតិបានរំពឹងថា តម្លៃពិធីបុណ្យសព នឹងមានតិចជាងមួយលានយ៉េនឡើយ។

យ៉ាងណាមិញ ឧបទ្ទវហេតុ​នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ​ក្នុង​ប្រទេស​ជប៉ុន។ រម្លឹកទៅកាន់ឆ្នាំ២០២៣ បុរសគ្មានការងារ មានអាយុ ៥៦ ឆ្នាំម្នាក់ ត្រូវបានប្តឹងពីបទលាក់សាកសពម្តាយអាយុ ៧២ ឆ្នាំ នៅក្នុងផ្ទះពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ខណៈពេលដែលរូបគាត់ក៏លួចកិបកេងប្រាក់ប្រហែលពីរលានយ៉េន ពីប្រាក់សោធននិវត្តន៍ក្នុងអំឡុងពេលនោះដែរ។

បុរសនោះ បានសារភាពនៅក្នុងតុលាការថា គាត់បានលាក់សាកសពម្តាយរបស់គាត់ ដើម្បីចៀសវាងការចំណាយពិធីបុណ្យសព ហើយបន្តទាមទារប្រាក់សោធនរបស់ម្ដាយ ដែលជាប្រភពចំណូលតែមួយគត់របស់គាត់ក្នុងកំឡូងពេលគ្មានការងារធ្វើ៕

ជនសង្ស័យឈ្មោះ Suzuki

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​​​​​នៅ​ជប៉ុន ​សេវាកម្ម​​​បុណ្យសពចល័ត​​តាមរថយន្ត​ក្រុង​ ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​

The post បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព appeared first on Kampuchea Thmey Daily.