បទ​ឈប់​បាញ់​ត្រូវ​ពន្យារ​ម្ដងទៀត ខណៈ​​អ៊ីស្រាអែលនិង​ហាម៉ាស​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក

អ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើ​ឲ្យ​មាន​ការ​អាក់ខាន​ដល់​បទឈប់បាញ់ ខណៈដែលភាគីទាំងពីរកាន់តែខិត... The post បទ​ឈប់​បាញ់​ត្រូវ​ពន្យារ​ម្ដងទៀត ខណៈ​​អ៊ីស្រាអែលនិង​ហាម៉ាស​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក appeared first on Kampuchea Thmey Daily.

បទ​ឈប់​បាញ់​ត្រូវ​ពន្យារ​ម្ដងទៀត ខណៈ​​អ៊ីស្រាអែលនិង​ហាម៉ាស​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក

អ៊ីស្រាអែល និងក្រុមហាម៉ាស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០២៤ បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើ​ឲ្យ​មាន​ការ​អាក់ខាន​ដល់​បទឈប់បាញ់ ខណៈដែលភាគីទាំងពីរកាន់តែខិត​ជិត​ទៅ​ដល់​​កិច្ចព្រមព្រៀង​ដែលអាច​បញ្ចប់​ភ្លើង​សង្រ្គាម​រយៈពេល​១៤​ខែនៅ​​តំបន់​ហ្គាហ្សា។

តំបន់​ហ្គាហ្សា (រូបភាព៖ AP)

ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានដាក់លក្ខខណ្ឌ​ថ្មី​បន្ថែមទៀត ចំណែក​ឯ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់​ហាម៉ាស​ថាបានច្រាន​ចោល​នូវ​​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ពី​មុន​រួច​មក​ហើយ។

ក្រុម​ហាម៉ាស បាន​លើក​ឡើង​ថា៖ «អ្នក​ឈ្លានពាន​​បានកំណត់លក្ខខណ្ឌថ្មីទាក់ទងនឹងការដក​ទ័ព បទ​ឈប់បាញ់ អ្នកទោស និងការវិលត្រឡប់មកវិញនៃជនភៀសខ្លួន ដែល​ធ្វើ​ឲ្យ​មាន​ការ​ពន្យារពេលក្នុងការឈាន​ទៅ​ដល់កិច្ចព្រមព្រៀង»។

ហាម៉ាស បាន​បន្ថែម​ថា ខ្លួន​​កំពុង​បង្ហាញ​ពី​ភាព​បត់បែន ហើយ​ថា​ការ​ចរចា​ដែល​សម្រុះសម្រួល​ដោយ​កាតា និង​អេហ្ស៊ីប​ គឺ​ជា​រឿង​ប្រាកដ​ប្រជា​មួយ។

លោក Netanyahu បានប្រឆាំង​ដោយ​និយាយ​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អង្គការភេរវករ ហាម៉ាស នៅតែបន្តនិយាយកុហក ហើយ​កំពុងតែច្រានចោលនូវការ​ព្រមព្រៀង​គ្នា​ដែលបាន​សម្រេច​​រួច​មក​ហើយ និង​កំពុងបន្តបង្កើតការលំបាក​ដល់​កិច្ច​ចរចា»។

យ៉ាង​ណា​មិញ មេ​ដឹក​នាំ​អ៊ីស្រាអែល ​បាន​បន្ថែម​ថា អ៊ីស្រាអែល​នឹង​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ ​ដើម្បី​នាំ​យក​ចំណាប់​ខ្មាំង​មក​វិញ​ទាល់​តែ​បាន។

គួរ​បញ្ជាក់​ថា ក្រុមហាម៉ាស កំពុងទាមទារ​ឲ្យ​បញ្ចប់សង្គ្រាម ខណៈដែលអ៊ីស្រាអែល អះអាង​ថា ខ្លួនចង់បញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាសជាមុនសិន ដើម្បីធានាថាវានឹងលែងបង្កការគំរាមកំហែងដល់ជនជាតិអ៊ីស្រាអែលទៀតហើយ។

ក្នុងអំឡុងពេលនៃការវាយប្រហារកាលពីថ្ងៃទី​៧​​ខែតុលា​ឆ្នាំ​២០២៣ ទៅលើ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល ក្រុមហាម៉ាស​បានចាប់​ខ្លួន​មនុស្សប្រហែល ២៥០នាក់​ធ្វើ​ជាចំណាប់ខ្មាំង ហើយបាននាំពួកគេទៅកាន់តំបន់ហ្គាហ្សា។

បទឈប់បាញ់ពីមុនក្នុងខែវិច្ឆិកា​ឆ្នាំ​២០២៣ បាន​រំដោះ​ចំណាប់ខ្មាំងជាង ១០០​នាក់។ អ៊ីស្រាអែល ប្រាប់​ថា ចំណាប់ខ្មាំងប្រហែល ១០០​នាក់​ទៀត​នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ដែលយ៉ាងហោចណាស់មួយភាគបីនៃពួកគេ​​ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារ ឬស្លាប់នៅក្នុងការជាប់ឃុំឃាំង៕

ដោយ៖ ឈាង

The post បទ​ឈប់​បាញ់​ត្រូវ​ពន្យារ​ម្ដងទៀត ខណៈ​​អ៊ីស្រាអែលនិង​ហាម៉ាស​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក appeared first on Kampuchea Thmey Daily.