នាយករដ្ឋមន្ត្រីបន្តទាក់ទាញអ្នកវិនិយោគមកកម្ពុជាជាថ្មី

បន្ទាប់ពីឈានជើងចុះពីយន្តហោះពេលដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីទៅដល់ប្រទេសហ្វីលីពីននៅរសៀលថ្ងៃទី១០ ខែកុម្ភៈ កិច្ចការទី១ដែលសម្ដេចបានចូលរួមគឺវេទិការធុរកិច្ចកម្ពុជា-ហ្វីលីពីន។ The post នាយករដ្ឋមន្ត្រីបន្តទាក់ទាញអ្នកវិនិយោគមកកម្ពុជាជាថ្មី appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីបន្តទាក់ទាញអ្នកវិនិយោគមកកម្ពុជាជាថ្មី

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តការដើរទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្តទៀតក្នុងឆ្នាំ២០២៥នេះ។ ប្រទេសហ្វីលីពីនគឺជាប្រទេសដំបូងដែលសម្ដេចធិបតីធ្វើដំណើរទៅនៅឆ្នាំនេះ។

បន្ទាប់ពីឈានជើងចុះពីយន្តហោះពេលដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីទៅដល់ប្រទេសហ្វីលីពីននៅរសៀលថ្ងៃទី១០ ខែកុម្ភៈ កិច្ចការទី១ដែលសម្ដេចបានចូលរួមគឺវេទិការធុរកិច្ចកម្ពុជា-ហ្វីលីពីន។ ក្នុងវេទិកានោះសម្ដេចធិបតីបានថ្លែងពីសក្ដានុពលរបស់កម្ពុជាទាំងហេដ្ឋារចនាសម្ព័ន្ធ ភូមិសាស្ត្រ ភាពជាដៃគូរសេដ្ឋកិច្ច ការអនុវត្តន៍ច្បាប់វិនិយោគដែលផ្ដល់ប្រយោជន៍ជាច្រើនដល់វិនិយោគិន ព្រមទាំងលក្ខខន្ដលើកលែងពន្ធដ៏ល្អប្រសើរផងដែរ។

សម្ដេចថា៖ «ខ្ញុំសូមអញ្ជើញអ្នកវិនិយោគហ្វីលីពីនទាំងអស់មកស្វែងយល់ពីកលានុវត្តន៍ភាពដ៏សំបូរបែបរបស់កម្ពុជាដែលកំពុងរីកលូតលាស់យ៉ាងឆាប់ប្រកបដោយចិរភាពតាមរយៈយន្តការគាំទ្រ និងតម្រង់ទិសគ្រប់ជ្រុងជ្រោយ។ រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាសម្របសម្រួលនឹងធ្វើឱ្យការវិនិយោគរបស់អ្នកទទួលបាននូវបទពិសោធន៍ដ៏រលូននិងជោគជ័យ»។

បន្តពីវេទិការធុរកិច្ចកម្ពុជា-ហ្វីលីពីន ដូចទស្សនកិច្ចមុនៗក្នុងឆ្នាំចាស់ដែរនាយករដ្ឋមន្ត្រីក៏បន្តជួបជាមួយក្រុមហ៊ុនរបស់ប្រទេសនោះជាបន្តទៀតដែលរួមមានក្រុមហ៊ុនរចនាសម្ព័ន្ធ ក្រុមហ៊ុនវិនិយោគកសិ-ឧស្សាហកម្ម ក្រុមហ៊ុនទាក់ទងនឹងការអប់រំសុខាភិបាលជាដើម។

គួរឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤ ក្នុងពេលដែលសម្ដេចធិបតីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបានជាង១ឆ្នាំកម្ពុជាបានទាក់ទាញគម្រោងវិនិយោគបាន ៤១៤គម្រោង ដែលមានទុនវិនិយោគជិត៧ពាន់លានដុល្លារច្រើនបំផុតក្នុងរយៈពេលដែលកម្ពុជា៣០ឆ្នាំនេះ។

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់អ្នកយកព័ត៌មានកាលពីដើមខែកុម្ភៈនេះ ថាចំនួនអ្នកវិនិយោគច្រើនបែបនេះគឺដោយសារតែគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាល ព្រមទាំងការព្យាយាមទាក់ទាញអ្នកវិនិយោគពីសម្ដេចធិបតីផងដែរ។

លោកជំរុញដល់មន្ត្រីរបស់រដ្ឋាភិបាលទាំងអស់ធ្វើយ៉ាងជំរុញការទាក់ម៉ូយនេះបន្ថែមពីលើកិច្ចការងារសម្ដេចសម្រេចបានបន្ថែមទៀតផងដែរ ដោយថាការជួបរបស់សម្ដេចជាមួយក្រុមហ៊ុននានានៅក្រៅប្រទេសគឺជាការបើកផ្លូវមួយឱ្យមន្ត្រីបន្តទំនាក់ទំនងធ្វើការបញ្ចុះបញ្ជូលឱ្យគេចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាបន្ថែម។

បច្ចុប្បន្នកម្ពុជាកំពុងដាក់ប្រើប្រាស់ប្រព័ន្ធ cdcIPM ដើម្បីសម្រួលការចុះបញ្ជីរបស់អ្នកវិនិយោគ ត្រួតពិនិត្យ និងតាមដានការអនុវត្តន៍គម្រោងវិនិយោគនៅកម្ពុជា។ ប្រព័ន្ធនេះបានផ្ដល់ភាពងាយស្រួលជាច្រើនដល់ការរៀបចំឯកសារ និងការពិនិត្យអនុម័តលើគម្រោងដែលអ្នកវិនិយោគបានដាក់ស្នើដោយប្រើប្រាស់ប្រព័ន្ធអនឡាញសុទ្ធសាធ។ CDC ក៏ជំរុញដល់រដ្ឋបាលខេត្តទាំងអស់ក្នុងប្រទេសអនុវត្តន៍ផងដែរ ដោយជំរុញឱ្យខេត្តនីមួយៗប្រឹងប្រែងទាក់ទាញអ្នកវិនិយោគឱ្យបានច្រើនដោយសារជាការប្រកួតប្រជែងដើម្បីការរីកចម្រើនរបស់កម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post នាយករដ្ឋមន្ត្រីបន្តទាក់ទាញអ្នកវិនិយោគមកកម្ពុជាជាថ្មី appeared first on Kampuchea Thmey Daily.