នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋឱ្យរាយការណ៍ពីពេទ្យដែលរើសអើងប័ណ្ណ ប.ស.ស

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ជំរុញដល់ពលរដ្ឋរាយការណ៍ពីពេទ្យណាដែលរើសអើងប័ណ្ណ ប.ស.ស មិនយកចិត្តទុកដាក់ព្យាបាលពលរដ្ឋដែលទៅរកសេវាសុខាភិបាល។ The post នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋឱ្យរាយការណ៍ពីពេទ្យដែលរើសអើងប័ណ្ណ ប.ស.ស appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋឱ្យរាយការណ៍ពីពេទ្យដែលរើសអើងប័ណ្ណ ប.ស.ស

នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ជំរុញដល់ពលរដ្ឋរាយការណ៍ពីពេទ្យណាដែលរើសអើងប័ណ្ណ ប.ស.ស មិនយកចិត្តទុកដាក់ព្យាបាលពលរដ្ឋដែលទៅរកសេវាសុខាភិបាល។

ថ្លែងក្នុងពិធីដាក់អនុវត្តន៍ក្របខណ្ឌគោលនយោបាយជាតិគាំពាសង្គមឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការគាំពារសុខភាពប្រជាពលរដ្ឋដោយសម្ដេចបានបញ្ជាដល់រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារឱ្យគិតគូរពីគុណភាពសេវាសុខាភិបាលជូនប្រជាជន ហើយក្រមសីលធម៌របស់គ្រូពេទ្យគឺជារឿងចាំបាច់បំផុត។

សម្ដេចថា៖ «តម្លៃនៃកម្មវិធីគាំពារសង្គមមិនមែនស្ថិតលើទិន្នន័យឬតម្លៃនៃចំនួនថវិកាយើងចាយទេ! តម្លៃពិតប្រាកដគឺប្រជាពលរដ្ឋទទួលបានជាអ្នកផ្ដល់ឱ្យ»។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីនៅពេលនេះគឺក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមានករណីនៃការស្លាប់កូនក្នុងពោះស្រ្តីម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលម្ចាស់គណនីឈ្មោះ Vong Sopheak ដែលត្រូវជាប្ដីស្ដ្រីនោះបានលើកឡើងថា មូលហេតុដែលធ្វើឱ្យកូនរបស់ខ្លួនស្លាប់ដោយសារគ្រូពេទ្យបានរើសអើងដល់អ្នកប្រើប្រាស់ប័ណ្ណ ប.ស.ស ខណៈមន្ទីរពេទ្យបង្អែកខេត្តតាកែវបានច្រានចោល និងបកស្រាយថាក្រុមគ្រូពេទ្យបានធ្វើតាមវិជ្ជាជីវៈត្រឹមត្រូវ។ ទោះជាយ៉ាងណាមហាជនជាច្រើននៅតែបង្ហាញការមិនពេញចិត្តចំពោះការបកស្រាយរបស់គ្រួពេទ្យបែបនេះទេ។

កន្លងទៅដើម្បីទទួលការរាយការណ៍ពីភាពមិនប្រក្រតីនៃការប្រើប្រាស់ប័ណ្ណ ប.ស.ស បេឡាជាតិរបបសន្ដិសុខសង្គមបានបង្កើតលេខរាយការណ៍ ១២៨៦ ឬ១២៩៧ ឱ្យពលរដ្ឋរាយការណ៍មកខ្លួនដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដល់កន្លែងផ្ដល់សេវាសុខាភិបាលណាដែលរើសអើង មិនផ្ដល់សេវាសុខាភិបាលដល់អ្នកប្រើប័ណ្ណ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង មើលឃើញថាកន្លងមកពិតជាមានការមិនសូវយកចិត្តទុកដាក់ពីគ្រូពេទ្យចំពោះអ្នកប្រើប្រាស់ប័ណ្ណ ប.ស.ស ពិតមែន ទោះជាយ៉ាងណាមួយរយៈចុងក្រោយហាក់មានការប្រែប្រួលគួរឱ្យកត់សម្គាល់ផងដែរ។

លោកយល់ថាការដែលឱ្យពលរដ្ឋរាយការណ៍ពីភាពមិនប្រក្រតីរបស់ពេទ្យដែលរើសអើងប័ណ្ណ ប.ស.ស គឺជារឿងល្អដើម្បីកែលម្អសេវាសុខាភិបាលនៅកម្ពុជា។

លោកថា៖ «ធ្វើយ៉ាងណាឱ្យប្រព័ន្ធសុខាភិបាលរបស់យើងគឺជាប្រព័ន្ធមួយដែលមានមេត្រីភាពចំពោះពលរដ្ឋ​កុំឱ្យជាការផ្ដល់សេវាសុខាភិបាលមួយដែលធ្វើឱ្យប្រជាពលរដ្ឋខ្លាចលែងហ៊ានទៅក្បែរ មានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង

ទោះជាយ៉ាងណាលោកជំរុញដល់មន្ត្រីដែលមានមុខតំណែងខ្ពស់ៗក្នុងជួររាជរដ្ឋាភិបាលត្រូវងាកមកប្រើប្រាស់សេវាសុខាភិបាលក្នុងស្រុកឱ្យបានច្រើនវិញ ដើម្បីជាការជំរុញឱ្យមានការផ្ដល់សេវាសុខាភិបាលកាន់តែប្រសើរ ហើយពលរដ្ឋ​កាន់តែមានទំនុកចិត្តលើប្រព័ន្ធសុខាភិបាលក្នុងប្រទេស។

របាយការណ៍របស់បេឡាជាតិសន្ដិសុខសង្គមនៅ​ដើមឆ្នាំ​២០២៥​នេះ​ មាន​សមាជិក ប​.​ស​.​ស​. ចូលទៅ​ប្រើប្រាស់​សេវានៅតាម​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. ប្រមាណ​ជាង ៩​ សែនដង ខណៈសមាជិក ​ប​.​ស​.​ស​. កើនឡើង​ដល់​ ២ ៧៨៥ ៥២៦ ​នាក់។ បច្ចុប្បន្ន​មាន​មូលដ្ឋាន​សុខាភិបាល ដែលជា​ដៃគូ​ជាមួយ ប​.​ស​.​ស សរុប​មាន​ចំនួន ១ ៥៩៥ ​មូលដ្ឋាន ក្នុងនោះ​ឯកជន ចំនួន ១៦៣៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋឱ្យរាយការណ៍ពីពេទ្យដែលរើសអើងប័ណ្ណ ប.ស.ស appeared first on Kampuchea Thmey Daily.