នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
ក្រុមការងារព័ត៌តមាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយទៅហេតុការណ៍ឃាត់លោកបណ្ឌិត សុខ ទូច ផ្លុំជាតិអាល់កុលកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ថាលោក សុខ ទូច មិនព្រមសហការ ហើយបានប្រើប្រាស់កាយវិការ ពាក្យសំដីមិនសមរម្យតាំងពីពេលចុះពីលើឡានទៅលើនគរបាល។ The post នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច appeared first on Kampuchea Thmey Daily.

ក្រុមការងារព័ត៌តមាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយទៅហេតុការណ៍ឃាត់លោកបណ្ឌិត សុខ ទូច ផ្លុំជាតិអាល់កុលកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ថាលោក សុខ ទូច មិនព្រមសហការ ហើយបានប្រើប្រាស់កាយវិការ ពាក្យសំដីមិនសមរម្យតាំងពីពេលចុះពីលើឡានទៅលើនគរបាល។

ក្នុងសេចក្ដីបំភ្លឺនៅថ្ងៃទី១៨ ខែកុម្ភៈនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថាហេតុការណ៍ខាងលើកើតឡើងនៅមុខសាលាបឋមសិក្សាភ្នំពេញថ្មី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខនៅម៉ោង១១និង៥៥នាទីយប់ថ្ងៃ១៧ ខែកុម្ភ បន្ទាប់ពីឃាត់រថយន្តដែលបើកបរដោយបណ្ឌិត សុខ ទូច ដើម្បីពិនិត្យជាតិស្រវឹង។ នគរបាលឱ្យដឹងថាបណ្ឌិត សុខ ទូច បានចុះពីឡានក្នុងកាយវិការ និងពាក្យសម្តីមិនសមរម្យ មិនព្រមសហការផ្លុំរកជាតិអាល់កុល ហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុលថែមទៀត។
ក្នុងសេចក្ដីបំភ្លឺនោះបន្ថែមថា៖ «បន្ទាប់មកគាត់បានយល់ព្រមផ្លុំខ្យល់៤ ទៅ ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាងទាញកញ្ជក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ច ដោយចោទថាដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថាបំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយប្តូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំហើយយកប្រើប្រាស់ទៀតនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់(អា) ទៅវិញ និងចោទថាប្រើប្រាស់កាយវិកាមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល»។

ក្រោយការប្រទះគ្នានេះសមត្ថកិច្ចឱ្យដឹងថាលោកបណ្ឌិត សុខ ទូច បានរើយកអីវ៉ាន់ វ៉ាលី និងសម្ភារ ចេញពីក្នុងរថយន្ត រួចហៅផាស់អេប ជិះចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង បន្ទាប់សមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំអ្នកបើកបរចូលមកដោះស្រាយ។
ក្នុងវីដេអូដែលបានចែកចាយក្នុងបណ្ដាញសង្គមបានបង្ហាញសកម្មភាពឈ្លោះប្រកែកគ្នារវាងលោកបណ្ឌិត សុខ ទូច និងកម្លាំងសមត្ថកិច្ច ដែលក្នុងនោះលោក សុខ ទូច បានបកស្រាយថាគឺជាពេលដែលខឹងច្រលោតក្រោយពេលដែលនគរបាលប្រើសំដីអសុរោះប្រមាថលោក។
លោកបានសរសេរនៅលើហ្វេសបុករបស់លោកថា៖ «នេះជាសកម្មភាពដែលខ្ញុំច្រលោតហើយ ក្រោយពេលហៅខ្ញុំអាផង ហែងផង»។

ក្នុងសារបង្ហោះកាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះលោកបណ្ឌិត សុខ ទូច ថាដើមហេតុដែលនាំឱ្យមានជម្លោះគឺបន្ទាប់ពីសមត្ថកិច្ចឃាត់លោកវាស់ជាតិអាល់កុលដែលពេលនោះលោកបានស្នើឱ្យប្រើទុយោថ្មីដើម្បីផ្លុំ តែត្រូវបាននគរបាលប្រចាំការនៅទីនោះគំហកមកថា «ហែងស្អីបានមកបញ្ជាកងកម្លាំង» ដែលធ្វើឱ្យលោកកំពុងតែហត់ផងឆេវឆាវកើតរឿងហេតុឈ្លោះប្រកែកគ្នាតែម្ដង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច appeared first on Kampuchea Thmey Daily.