ទូតថៃនឹងដឹកនាំអ្នកធុរៈជនថៃពិនិត្យពីលទ្ធភាពវិនិយោគលើទីតាំងទេសចរណ៍សំខាន់ៗកម្ពុជា
ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជា លោក ធុល ត្រៃសូរ៉ាត់ បានជម្រាបប្រធានសភាកម្ពុជាថានាពេលខាងមុខលោកនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចុះទស្សនកិច្ចជាក់ស្ដែងទៅកាន់គោលដៅវិនិយោគ និងទេសចរណ៍សំខាន់ៗនៅកម្ពុជា។ The post ទូតថៃនឹងដឹកនាំអ្នកធុរៈជនថៃពិនិត្យពីលទ្ធភាពវិនិយោគលើទីតាំងទេសចរណ៍សំខាន់ៗកម្ពុជា appeared first on Kampuchea Thmey Daily.

ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជា លោក ធុល ត្រៃសូរ៉ាត់ បានជម្រាបប្រធានសភាកម្ពុជាថានាពេលខាងមុខលោកនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចុះទស្សនកិច្ចជាក់ស្ដែងទៅកាន់គោលដៅវិនិយោគ និងទេសចរណ៍សំខាន់ៗនៅកម្ពុជា។ លោកថាការពង្រឹងវិនិយោគរវាងថៃ និងកម្ពុជាគឺជាគោលបំណងសំខាន់មួយនៃអាណត្តិការងាររបស់លោក។

ថ្លែងក្នុងជំនួបជាមួយប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ លោក ធុល ត្រៃសូរ៉ាត់ បានលើកឡើងថាខេត្តសៀមរាប និងខេត្តជាប់ព្រំដែនកម្ពុជា-ថៃគឺជាគោលដៅនៃការចុះទស្សនកិច្ចទាំងនោះ។ ទោះជាយ៉ាងណាលោកមិនទាន់បញ្ជាក់នូវពេលវេលាជាក់លាក់ណាមួយនៅឡើយទេ។
ព្រះរាជាណាចក្រថៃជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា និងជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេ មកទស្សនាកម្ពុជា។ កាលពីឆ្នាំ២០២៤ អ្នកទេសចរថៃចំនួន២លាននាក់ បានធ្វើដំណើរមកកម្ពុជា ខណៈអ្នកទេសចរកម្ពុជាជាង៥សែននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ។

លោក ធុល ត្រៃសូរ៉ាត់ ជឿជាក់ថាការភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ នឹងអាចលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ។
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បានស្វាគមន៍ចំពោះផែនការបេសកម្មការទូតរបស់លោក ធុល ត្រៃសូរ៉ាត់ និងបញ្ជាក់ថារដ្ឋសភាកម្ពុជាគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងឡាយណាដែលផ្ដល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។ ក្នុងនោះដែរសម្ដេចក៏បានរំលឹកពី «គោលដៅទេសចរណ៍៦ប្រទេស ទិសដៅតែមួយ» ដែលសំដៅមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជា-ថៃប៉ុណ្ណោះទេ តែសម្រាប់តំបន់ និងដើម្បីកំណើនរួមផងដែរ។

គំនិតផ្ដួចផ្ដើមគោលដៅទេសចរណ៍៦ប្រទេស ទិសដៅតែមួយ ជាគំនិតផ្ដួចផ្ដើមរបស់ប្រទេសថៃក្នុងការជំរុញទេសចរណ៍ឆ្លងព្រំដែន ថៃ សឹង្ហបុរី កម្ពុជា ម៉ាឡេសី វៀតណាម និងប្រទេស៦ទៀតនៅតំបន់អាស៊ាន។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់វិនិយោគគិន និងធុរជនថៃចំពោះទំនុកចិត្ត និងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងនោះក៏បញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងក្របខណ្ឌ ប្រទេស៦គោលដៅតែ១នេះផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post ទូតថៃនឹងដឹកនាំអ្នកធុរៈជនថៃពិនិត្យពីលទ្ធភាពវិនិយោគលើទីតាំងទេសចរណ៍សំខាន់ៗកម្ពុជា appeared first on Kampuchea Thmey Daily.