ថៃរំពឹងដំណើរការផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់​ចិន​ នៅឆ្នាំ ២០៣០

ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ថៃ នឹង​តភ្ជាប់ផ្លូវ​រថភ្លើងល្បឿនលឿនឡាវ​ ដែល​មានប្រវែង ១ ០០០ គីឡូម៉ែត្រ ​ហើយ​ត​បណ្ដាញ​​ទៅទីក្រុង​គុនមីង នៃប្រទេស​ចិន​។ The post ថៃរំពឹងដំណើរការផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់​ចិន​ នៅឆ្នាំ ២០៣០ appeared first on Kampuchea Thmey Daily.

ថៃរំពឹងដំណើរការផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់​ចិន​ នៅឆ្នាំ ២០៣០

រដ្ឋាភិបាល​ថៃ​បាន​ឱ្យដឹង​កាលពីថ្ងៃពុធ​ថា​ ខ្លួន​រំពឹង​ដាក់ដំណើរការ​កំណាត់ផ្លូវ​រថយន្តល្បឿនលឿនប្រវែង ៦០៩ គីឡូម៉ែត្រ (គិតតែក្នុងស្រុកថៃ) តភ្ជាប់ប្រទេស​ចិន​តាម​រយៈឡាវ នៅឆ្នាំ ២០៣០​ ដែល​នេះ​យឺត​ជាង​គម្រោង​ដើម​រហូតដល់​ជិត​មួយ​ទសវត្សរ៍។ នេះបើ​តាម​ការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ជាង​១/៣នៃ​ការ​សាង​សង់​ ត្រូវ​បាន​បញ្ចប់​នៅ​លើ​កំណាត់ផ្លូវ​តភ្ជាប់​ទីក្រុង​បាងកក ​ទៅខេត្ត ណាខនរ័ត្នចាសីម៉ា ​​ដែល​មាន​ប្រវែង​ ​២២០ គីឡូម៉ែត្រ។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub ​​កំណាត់ផ្លូវរថភ្លើង​ដែល​នៅសល់ទាំង​ប៉ុន្មាន ទៅ​កាត់​ខេត្តហ្នងខាយ ជាប់ទីក្រុងរៀងចន្ទន៍ នៃប្រទេសឡាវ ​រំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣០។

​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ថៃ នឹង​តភ្ជាប់ផ្លូវ​រថភ្លើងល្បឿនលឿនឡាវ​ ដែល​មានប្រវែង ១ ០០០ គីឡូម៉ែត្រ ​ហើយ​ត​បណ្ដាញ​​ទៅទីក្រុង​គុនមីង នៃប្រទេស​ចិន​។ លោក Jirayu បាននិយាយថា៖ «នេះគឺជាឱកាសសម្រាប់ប្រទេសថៃក្នុងការតភ្ជាប់ទៅនឹងសេដ្ឋកិច្ចពិភពលោក» ​ដោយ​វានឹងនាំ​ថៃឱ្យកាន់តែខិតជិតទៅនឹងគោលដៅរបស់ខ្លួន ក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន។

ការ​ប្រកាស​​របស់​រដ្ឋាភិបាល​ថៃ​ចុង​ក្រោយ​នេះ ធ្វើ​ឡើង​១​ឆ្នាំ​បន្ទាប់​ពី​ចិន​បាន​ជំរុញ​ឱ្យ​​ថៃ​​ពន្លឿន​ការ​សាងសង់ផ្លូវរថភ្លើង​របស់​ខ្លួន​។ ​

គួរគូស​បញ្ជាក់ថា​ ការពិភាក្សាលើផ្លូវ​ភ្លើង​បានចាប់ផ្តើមជិត២ទសវត្សរ៍មុន ហើយ​ថៃ និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការសាងសង់របស់ខ្លួនក្នុងឆ្នាំ ២០១៧ ជាមួយនឹងផែនការ​ដាក់ដំណើរការនៅឆ្នាំ ២០២១។ ​

យ៉ាងណាមិញ ការសាងសង់​ត្រូវ​បាន​ពន្យារពេលដោយសារការខ្វែងគំនិតគ្នាលើការផ្តល់ហិរញ្ញប្បទាន និងការរចនា និងការរំខានពីវិបត្តិនៃជំងឺរាតត្បាត​កូវីដ១៩។ មែនទែន​ទៅ​ គម្រោង​ផ្លូវរថភ្លើងល្បឿនលឿននេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មខ្សែក្រវ៉ាត់ និងផ្លូវ ​របស់​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែល​រួម​បញ្ចូលទាំង​ផែនការសម្រាប់ផ្លូវរថភ្លើង​ចំនួន៣ មានប្រភពចេញពីទីក្រុងគុនមីង និងឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម។

ទន្ទឹម​នឹង​ថៃ ​វៀតណាមគ្រោងនឹងសាងសង់ខ្សែរថភ្លើងល្បឿនលឿនប្រវែង ១ ៥៤១ គីឡូម៉ែត្រ ​តភ្ជាប់​រដ្ឋធានី​ហាណូយ ដែល​នៅភាគខាង​ជើងនៃប្រទេស ទៅ​នឹង​​ក្រុងហូជីមិញ នៅភាគខាង​ត្បូង ក្នុងតម្លៃជាង ៦៧ ​ប៊ីលានដុល្លារ ​ជាមួយ​នឹង​គោលដៅ​ដាក់ដំណើរការ​នៅឆ្នាំ ២០៣៥៕

The post ថៃរំពឹងដំណើរការផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់​ចិន​ នៅឆ្នាំ ២០៣០ appeared first on Kampuchea Thmey Daily.