ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

រដ្ឋមន្ត្រី​ការបរទេសថៃ​​​អំពាវនាវ​ឱ្យ​ដោះលែង​ជនជាតិ​ខ្លួន​ដែល​ឃុំខ្លួន​នៅ​ហ្គាហ្សា​ប្រមាណ​​​៨នាក់ ដែលកំពុង​ជាប់​ក្នុងដៃ​របស់​ក្រុមហាម៉ាស... The post ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​ appeared first on Kampuchea Thmey Daily.

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

រដ្ឋមន្ត្រី​ការបរទេសនៃព្រះរាជាណាចក្រថៃ​​ស្វាគមន៍​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដោះលែង​​ចំណាប់ខ្មាំងដែល​ចូល​ជាធរមាន​នៅថ្ងៃ​រសៀល​ថ្ងៃទី​១៩​ខែ​មករា​នេះ និង​អំពាវនាវ​ឱ្យ​ដោះលែង​ជនជាតិ​ខ្លួន​ដែល​ឃុំខ្លួន​នៅ​ហ្គាហ្សា​ប្រមាណ​​​៨នាក់។

រដ្ឋមន្ត្រី​ការបរទេស​លោក Maris Sangiampongsa ក្នុងអំឡុង​ពេលទស្សនកិច្ច​នៅកម្ពុជា។ MFIAC​។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសថៃស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់​ដោះលែង​ចំណាប់ខ្មាំង​ដែលជា​​ការទន្ទឹង​រង់ចាំ​មួយដ៏​យូរ​ និងអំពាវនាវឱ្យមានការដោះលែងអ្នកទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងហ្គាហ្សា រួមទាំងជនជាតិថៃផងដែរ។

ក្រសួង​និយាយ​ថា​៖«​ប្រទេស​ថៃ​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​បទ​ឈប់​បាញ់​និង​កិច្ចព្រមព្រៀង​ចំណាប់ខ្មាំង​នៅ​ហ្គាហ្សាស្ទ្រីប​»។

សេចក្តីថ្លែងការណ៍បានសរសេរថា៖«ប្រទេសថៃសរសើរកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ចំពោះតួនាទីសំខាន់​របស់ពួកគេ និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រុះសម្រួលភាគីជម្លោះឆ្ពោះទៅរកការបញ្ចប់ដោយ​ជោគជ័យនៃកិច្ចព្រមព្រៀង»។

ក្រសួងបាននិយាយថា៖«ប្រទេសថៃអំពាវនាវឱ្យភាគីទាំងអស់អនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញ ក៏ដូចជាការដោះលែងជាបន្ទាន់នូវចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ រួមទាំងជនជាតិថៃផងដែរ»។

ជនជាតិថៃ៨នាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងពីអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅតែត្រូវបានឃុំខ្លួននៅហ្គាហ្សា។​

​ទោះបី​យ៉ាង​ណា​ ការ​ដោះលែង​ចំណាប់​ខ្មាំង​ដែល​ពេញ​កម្លាំង​នឹង​មិនស្ថិតនៅ​ក្នុង​កិច្ច​ព្រមព្រៀង​លើក​នេះ​ទេ ដោយសារ​តែ​​​ចំណាប់ខ្មាំងដែល​ត្រូវដោះលែង​លើក​នេះ​ចំនួន​៣៣​នាក់​ជាថ្នូរ​ការដោះលែង​អ្នកទោស​​ប៉ាឡេស្ទីន​ប្រមាណ​២០០០នាក់​។ ចំណាប់ខ្មាំង​ភាគច្រើន​ជា​ស្ត្រី កុមារ និង​មនុស្ស​ចាស់​អាយុលើស​៥០ឆ្នាំ។

​​មានការវិភាគថា ​ក្រុមហាម៉ាសនឹង​ដាក់​ថ្លៃដ៏ខ្ពស់​ជាថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​ដែលសល់​ជាង​៥០​នាក់​ទៀត៕

ដោយ រ៉ាន់ រើយ​

The post ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​ appeared first on Kampuchea Thmey Daily.