ហ្វីលីពីន ប្រទះឃើញដ្រូនជ្រមុជទឹក សង្ស័យជារបស់ចិន
នាយកប៉ូលិសប្រចាំតំបន់ លោក Andre Dizon បាននិយាយថា ដ្រូនដែលប្រទះឃើញ មានពណ៌លឿង ជាមួយស្លាកសញ្ញា... The post ហ្វីលីពីន ប្រទះឃើញដ្រូនជ្រមុជទឹក សង្ស័យជារបស់ចិន appeared first on Kampuchea Thmey Daily.
ដ្រូនជ្រមុជទឹក ដែលគេសង្ស័យថាមកពីចិន ត្រូវបានរកឃើញនៅក្នុងដែនទឹកភាគកណ្តាលប្រទេសហ្វីលីពីន។ នេះបើយោងតាមរបាយការណ៍ប៉ូលិសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ទី២ខែមករាឆ្នាំ២០២៥ ដោយបានព្រមានពី «ផលប៉ះពាល់សន្តិសុខជាតិដ៏ធ្ងន់ធ្ងរ»។
ប៉ូលិស បានប្រាប់ថា អ្នកនេសាទ៣នាក់បានរកឃើញដ្រូនមួយគ្រឿងកាលពីថ្ងៃចន្ទ ស្ថិតនៅចម្ងាយប្រហែល ៩គីឡូម៉ែត្រពីឆ្នេរសមុទ្រ San Pascual ក្នុងខេត្ត Masbate។
មេប៉ូលិសប្រចាំតំបន់ លោក Andre Dizon បាននិយាយថា ដ្រូនដែលប្រទះឃើញ មានពណ៌លឿង ជាមួយស្លាកសញ្ញា «HY-119» ហើយបានអណ្តែតតាមទឹកសមុទ្រ មុនពេលបញ្ជូនទៅកាន់អាជ្ញាធរ។ វាមានប្រវែងប្រហែល ២ម៉ែត្រនិងរាងដូចគ្រាប់បែកហើយមានព្រុយ។ យ៉ាងណា ដ្រូននេះមិនបានបំពាក់អាវុធអ្វីឡើយ។
លោក Dizon បានបញ្ជាក់ថា ផ្អែកលើការស្រាវជ្រាវក្នុងអ៊ីនធឺណិត HY-119 សំដៅទៅលើប្រព័ន្ធរុករក និងទំនាក់ទំនងក្រោមទឹករបស់ចិន។ វាមានអង់តែន និងភ្នែកដែលអាចប្រើសម្រាប់ការត្រួតពិនិត្យ និងឈ្លបយកការណ៍។
សូមបញ្ជាក់ថា ហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាអស់ជាច្រើនឆ្នាំជុំវិញសិទ្ធិនៅសមុទ្រចិនខាងត្បូង ក៏ដូចជាការកាន់កាប់តំបន់ថ្មប៉ប្រះទឹក និងកូនកោះតូចៗ។
ចិនទាមទារស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដោយលុបបំបាត់ការទាមទាររបស់គូប្រជែងពីប្រទេសផ្សេងទៀត និងសេចក្តីសម្រេចអន្តរជាតិដែលថា ការអះអាងរបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់៕
ដោយ៖ ឈាង
The post ហ្វីលីពីន ប្រទះឃើញដ្រូនជ្រមុជទឹក សង្ស័យជារបស់ចិន appeared first on Kampuchea Thmey Daily.