ត្រាំ គិតដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ចាប់ពីដើមខែកុម្ភៈ
លោក ត្រាំ តែងតែផ្ដោតខ្លាំងលើគោលនយោបាយពន្ធគយប្រឆាំងនឹងគ្រប់ប្រទេស ជាពិសេសចិន ប៉ុន្តែគេមិនឃើញលោកចេញអធិបញ្ជា ឬចាត់វិធានការខ្លាំងៗណាមួយនៅពេលស្បថចូលកាន់តំណែងនោះទេ។ The post ត្រាំ គិតដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ចាប់ពីដើមខែកុម្ភៈ appeared first on Kampuchea Thmey Daily.
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលស្បថចូលកាន់តំណែងកាលពីម្សិលមិញ បានលើកឡើងថា លោកនឹងអាចច្បាប់ផ្ដើមអនុវត្តពន្ធគយលើទំនិញម៉ិកស៊ិក និងកាណាដា ចាប់ពីដើមខែកុម្ភៈតទៅ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។
លោក ត្រាំ ថ្លែងនៅថ្ងៃចន្ទថា៖ «យើងកំពុងគិតគូរពី[ពន្ធ] ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ពីព្រោះពួកគេអនុញ្ញាតឱ្យមនុស្សមួយចំនួនធំ» ឆ្លងព្រំដែន។ លោកថ្លែងបែបនេះ ដោយសំដៅលើការចោទប្រកាន់ចំពោះប្រទេសទាំង២ ថាបានបើកផ្លូវឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ ឆ្លងចូលព្រំដែនអាមេរិកខុសច្បាប់។ លោកថា កាលបរិច្ឆេទគោលដៅសម្រាប់ការដាក់ពន្ធគយ នឹងច្បាប់ផ្ដើមពីថ្ងៃទី ១ កុម្ភៈ។
ប្រធានាធិបតីថ្មីរូបនេះ បានលើកឡើងយ៉ាងដូច្នេះទៅកាន់អ្នកសារព័ត៌មាន ខណៈបានចុះហត្ថលេខាលើអធិបញ្ជាជាច្រើន ដែលគ្របដណ្តប់លើបញ្ហាផ្សេងៗ រាប់តាំងពីបទប្បញ្ញត្តិថាមពល និងអាកាសធាតុ សេរីភាពបញ្ចេញមតិ និងអន្តោប្រវេសន៍។
ទោះជាយ៉ាងណាក៏ដោយ គេកត់សម្គាល់ឃើញថា លោក ត្រាំ តែងតែផ្ដោតខ្លាំងលើគោលនយោបាយពន្ធគយប្រឆាំងនឹងគ្រប់ប្រទេស ជាពិសេសចិន ប៉ុន្តែគេមិនឃើញលោកចេញអធិបញ្ជា ឬចាត់វិធានការខ្លាំងៗណាមួយនៅពេលស្បថចូលកាន់តំណែងនោះទេ។
លោក ត្រាំ បានត្រឹមតែចេញអនុស្សរណៈពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ ដែលណែនាំទីភ្នាក់ងារសហព័ន្ធឱ្យសិក្សា និងវាយតម្លៃការអនុវត្តពាណិជ្ជកម្មមិនស្មើភាព និងគោលនយោបាយរូបិយវត្ថុជាមួយប្រទេសផ្សេងទៀត ប៉ុណ្ណោះ។ ការណ៍នេះ ធ្វើឱ្យមានការចោទសួរ ឬបង្កើតភាពស្រពិចស្រពិលពីពេលវេលានៃការអនុវត្តការសន្យាមុនជាប់ឆ្នោតរបស់លោក។
ប៉ុន្តែលោកថ្លែងថា៖ «ខ្ញុំនឹងចាប់ផ្តើមជួសជុលប្រព័ន្ធពាណិជ្ជកម្មរបស់យើងភ្លាមៗ ដើម្បីការពារកម្មករ និងក្រុមគ្រួសារអាមេរិក។ ជំនួសឱ្យការយកពន្ធលើពលរដ្ឋរបស់យើង ដើម្បីធ្វើឲ្យប្រទេសដ៏ទៃទៀតក្លាយជាអ្នកមាន យើងនឹងយកពន្ធគយ និងពន្ធលើបរទេស ដើម្បីធ្វើឲ្យពលរដ្ឋរបស់យើងរីកចម្រើន»។
គួរគូសបញ្ជាក់ថា លោក ត្រាំ លើកឡើងម្ដងហើយម្ដងទៀត ជុំវិញវិធានការពន្ធគយ ២៥ ភាគរយ លើកាណាដា និងម៉ិកស៊ិក ៦០ ភាគរយ លើទំនិញចិន និង ១០ ភាគរយ លើទំនិញពីគ្រប់ប្រទេសទាំងអស់។ លោកថាធ្វើដូច្នេះ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងការពារអាជីវកម្មក្នុងស្រុកអាមេរិក។
យ៉ាងណាមិញ សេដ្ឋវិទូបានព្រមានថា ការធ្វើបែបនេះអាចនឹងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាមេរិក ជាពិសេសនៅពេលដែលកាណាដា ឬម៉ិកស៊ិក គឺជាដៃគូពាណិជ្ជកម្មលើសពីកន្លះទ្រីលានដុល្លារក្នុងមួយឆ្នាំៗ ខណៈគោលនយោបាយការពារនិយមទាំងមូល អាចនឹងធ្វើឱ្យពាណិជ្ជកម្មសកលធ្លាក់ទៅក្នុងភាពកាន់តែតានតឹង និងធ្វើឱ្យប្រជាជនអាមេរិកចំណាយកាន់តែច្រើន ដោយសារតែការហក់ឡើងនៃអតិផរណា៕
The post ត្រាំ គិតដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ចាប់ពីដើមខែកុម្ភៈ appeared first on Kampuchea Thmey Daily.