ត្រាំ ដាក់ទណ្ឌកម្ម ICC
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាថ្មីមួយទៀត ដោយដាក់ទណ្ឌកម្មតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)... The post ត្រាំ ដាក់ទណ្ឌកម្ម ICC appeared first on Kampuchea Thmey Daily.

កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកុម្ភៈឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាថ្មីមួយទៀត ដោយដាក់ទណ្ឌកម្មតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដូចជារឹតត្បិតផ្នែកហិរញ្ញវត្ថុ និងទិដ្ឋាការលើបុគ្គលទាំងឡាយណានិងក្រុមគ្រួសារដែលគាំទ្រការស៊ើបអង្កេតរបស់ ICC លើពលរដ្ឋអាមេរិក ឬប្រទេសដែលជាសម្ព័ន្ធមិត្ត។

តាមការចុះផ្សាយរបស់ BBC, លោក ត្រាំ បានចុះហត្ថលេខាលើបញ្ជានេះដោយចោទថា ICC ជាស្ថាប័នខុសច្បាប់ ហើយធ្វើសកម្មភាពគ្មានមូលដ្ឋានច្បាស់លាស់ប្រឆាំងអាមេរិក និងតាមរករឿងសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសអ៊ីស្រាអែលឥតឈប់។
ជាក់ស្តែងកាលពីខែវិច្ឆិកាឆ្នាំទៅ អង្គការដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡាអេ នៃប្រទេសហូឡង់មួយនេះ បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ដែលទង្វើនោះធ្វើឲ្យអាមេរិក ខឹងសម្បាយ៉ាងខ្លាំង។
ក្នុងដីកានោះបានចោទថា ទាំងលោក Netanyahu និង Gallant បានប្រើប្រាស់ភាពអត់ឃ្លានធ្វើជាអាវុធក្នុងសង្រ្គាមនៅតំបន់ ហ្គាហ្សា ក៏ដូចជាមានចេតនាកាត់ផ្តាច់ការផ្គត់ផ្គង់សំខាន់ៗដូចជាអាហារ ទឹក និងថ្នាំពេទ្យ ចំពោះប្រជាជននៅទីនោះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងបញ្ជាប្រតិបត្តិរបស់លោក ត្រាំ, ប្រធានាធិបតីអាមេរិក បញ្ជាក់ថា សកម្មភាពនាពេលថ្មីៗនេះរបស់ ICC បានបង្ហាញពីគំរូដ៏គ្រោះថ្នាក់ឲ្យគេឃើញថា ជនជាតិអាមេរិកត្រូវយាយី រំលោភបំពាន និងអាចមានការចាប់ខ្លួនដែលបង្កគ្រោះថ្នាក់ដល់ពួកគេថែមទៀត។ ទង្វើដ៏អាក្រក់នេះ គំរាមកំហែងដល់ការរំលោភលើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក ហើយធ្វើឲ្យខូចដល់ការងារសន្តិសុខជាតិ និងគោលនយោបាយការបរទេសដ៏សំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងអ៊ីស្រាអែលផងដែរ។
សូមជម្រាប់ថា ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីស៊ើបអង្កេតអំពើឃោរឃៅ បន្ទាប់ពីការរំលាយយូហ្គោស្លាវី និងអំពើប្រល័យពូជសាសន៍រវ៉ាន់ដា។ ប្រទេសជាង១២០បានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម ខណៈ៣៤ប្រទេសទៀតបានចុះហត្ថលេខា និងអាចផ្តល់សច្ចាប័ននាពេលអនាគត។ យ៉ាងណា ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមទេ៕
អត្ថបទ៖ សុខ សុវណ្ណ
The post ត្រាំ ដាក់ទណ្ឌកម្ម ICC appeared first on Kampuchea Thmey Daily.