តើសហជីពយល់យ៉ាងណាចំពោះការដំឡើងពន្ធរបស់អាមេរិកមកលើកម្ពុជា៤៩ភាគរយ?

សហជីព និងតំណាងកម្មកររោងចក្រ បង្ហាញការយល់ឃើញថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកចំនួន៤៩ភាគរយមកលើទំនិញកម្ពុជា គឺនៅតែអាចគ្រប់គ្រងបាន The post តើសហជីពយល់យ៉ាងណាចំពោះការដំឡើងពន្ធរបស់អាមេរិកមកលើកម្ពុជា៤៩ភាគរយ? appeared first on Kampuchea Thmey Daily.

តើសហជីពយល់យ៉ាងណាចំពោះការដំឡើងពន្ធរបស់អាមេរិកមកលើកម្ពុជា៤៩ភាគរយ?

សហជីព និងតំណាងកម្មកររោងចក្រកាត់ដេរ និងវាយនភណ្ឌធំៗនៅកម្ពុជា បង្ហាញការយល់ឃើញថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកចំនួន៤៩ភាគរយមកលើទំនិញកម្ពុជា គឺនៅតែអាចគ្រប់គ្រងបាន ដោយសារទំនិញកម្ពុជានាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានតែ៣៨ភាគរយប៉ុណ្ណោះ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានថ្លែងថា៖ «ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនាពេលនេះ គឺមិនចៀសរួចពីផលប៉ះពាល់នោះទេ ក៏ប៉ុន្ដែ ផលប៉ះពាល់ទាំងអស់នេះ គឺយើងអាចគ្រប់គ្រងបាន ហើយក៏មិនមានការចោទជាបញ្ហាធំដុំដែរ ព្រោះទំនិញកម្ពុជា ដែលនាំចូលទៅទីផ្សារអាមេរិកមានត្រឹមតែ៣៨ភាគរយប៉ុណ្ណោះ»។

លោក បន្តថា «ខ្ញុំសូមលើកជាឧទាហរណ៍ថា ចាប់ពីឆ្នាំ២០២៥នេះទៅ គឺមានការកម្មង់ទិញសម្រាប់២ឆ្នាំទៅ ៣ឆ្នាំចំពោះផលិតផលស្បែកជើងរួចរាល់រហូតដល់ឆ្នាំ២០២៦ និង២០២៧ ហើយភ្លាមៗនេះ មិនមានផលប៉ះពាល់សង្វាក់ផលិតកម្មទេ ពោលគឺ២ ឬ៣ឆ្នាំ ទើបមានការកម្មង់ទិញស្បែកជើងម្ដង ប៉ុន្ដែផលិតផលជាខោអាវ គឺក្នុងមួយឆ្នាំ គឺមានការបញ្ជាទិញម្ដង ព្រោះផលិតផលស្បែកជើង និងខោអាវ មានរយៈពេលនៃការប្រើប្រាស់ផ្សេងៗគ្នា»។

តាមការមើលឃើញរបស់លោក អ៊ុន ដារ៉ា ស្ថានភាពនៅក្នុងរោងចក្រកាត់ដេរ គឺនៅមានដំណើរការល្អជាធម្មតាទេ ដោយមិនមានការជ្រោលច្របល់អ្វីនោះទេ។ លោក ជឿជាក់ថា រាជរដ្ឋាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ បាននឹងស្វែងរកការចរចាជាមួយភាគីសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាការដំឡើងពន្ធនេះ។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា បានថ្លែងថា៖ «ភ្លាមៗនេះមិនទាន់មានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ ហើយក៏មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរដែរ។ ស្ថានភាពនេះ យើងនៅតែអាចគ្រប់គ្រងបានជាធម្មតា ព្រោះបងប្អូនកម្មកររបស់យើងជឿជាក់ទៅលើដំណោះរបស់រាជរដ្ឋាភិបាល»។

តាមការអះអាងរបស់លោក គឺ៖ «កម្ពុជាយើងធ្លាប់ឆ្លងកាត់ការលំបាក ភាពអត់ធ្មត់ និងការតស៊ូច្រើនមកហើយ។ ដូច្នេះយើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងឥស្សរជនថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់កម្ពុជាយើង គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចរចារដោះស្រាយតាមនយោបាយឈ្នះ-ឈ្នះ ដែលរក្សាបាននូវផលប្រយោជន៍ពាណិជ្ជកម្ម ទីផ្សារ និងការងារជូនបងប្អូនកម្មករយើង»។

លោក សំ សឿន បានចាត់ទុកការដាក់ចេញវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកចំពោះបណ្តាប្រទេសនានា រួមទាំងកម្ពុជាផង គឺជាការប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងពង្រឹងកម្លាំងសេដ្ឋកិច្ច និងរក្សាលំនឹងជញ្ជីងពាណិជ្ជកម្ម ពោលគឺមិនមែនជាទំនាស់មនោគមវិជ្ជានយោបាយនោះទេ ហើយកម្ពុជានៅតែមានឱកាសក្នុងការចរចា ដើម្បីរក្សាផលប្រយោជន៍ទាំងសងខាង។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២៤ កម្ពុជា-សហរដ្ឋអាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០.១៨ពាន់លានដុល្លារ កើនឡើង១១.២% ក្នុងនោះ កម្ពុជានាំចេញទៅសហរដ្ឋអេមេរិកក្នុងតម្លៃ ៩.៩ពាន់លានដុល្លារ កើនឡើង ១១.៤% ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤.១៤លានដុល្លារ។

តាមរយៈទិន្នន័យនេះ បានបង្ហាញថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក គឺវៀតណាម ចិន ជប៉ុន និងកាណាដា៕

The post តើសហជីពយល់យ៉ាងណាចំពោះការដំឡើងពន្ធរបស់អាមេរិកមកលើកម្ពុជា៤៩ភាគរយ? appeared first on Kampuchea Thmey Daily.