ជប៉ុន ក្លាយជាគូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូលប្រចាំអាស៊ី
ជប៉ុនបានវ៉ាដាច់ប្រទេសថៃ ប៉ុន្តែតួលេខនៅប្រកិតប្រកើយនៅឡើយ។ យ៉ាងណាមិញ អ្វីគួរឱ្យកត់សម្គាល់នោះគឺថា នៅឆ្នាំ ២០១៩ ពោលគឺមុនពេលវិបត្តិកូវីដ១៩ ធ្វើឱ្យវិស័យទេសចរណ៍សកលធ្លាក់ចុះដុនដាបនោះ ថៃបានទទួលភ្ញៀវទេសចរលើសជប៉ុនរហូតដល់ ១០ លាននាក់។ The post ជប៉ុន ក្លាយជាគូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូលប្រចាំអាស៊ី appeared first on Kampuchea Thmey Daily.
ភាពទាក់ទាញរបស់ជប៉ុន បានធ្វើឱ្យប្រទេសនេះស្ទុះងើបឡើងក្លាយជាគូប្រជែងរបស់ថៃ លើតំណែងទិសដៅទេសចរណ៍កំពូលប្រចាំទ្វីបអាស៊ី ដែលនេះបង្ហាញពីរបត់នៃទេសចរណ៍សកល។
កាសែត Nikkei បានផ្សាយថា គិតត្រឹមរយៈពេល ១១ ដើមឆ្នាំ ២០២៤ ប្រទេសជប៉ុនបានទទួលស្វាគមភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣៣,៣ លាននាក់ ខណៈកាសែតបាងកកប៉ុស្តិ៍ថៃវិញ បានរាយការណ៍ថា ប្រទេសនេះបានស្វាគមភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣២,៧ លាននាក់ គិតត្រឹម ថ្ងៃ ៨ ធ្នូ។
ចំនួនទាំងនេះបង្ហាញថា ជប៉ុនបានវ៉ាដាច់ប្រទេសថៃ ប៉ុន្តែតួលេខនៅប្រកិតប្រកើយនៅឡើយ។ យ៉ាងណាមិញ អ្វីគួរឱ្យកត់សម្គាល់នោះគឺថា នៅឆ្នាំ ២០១៩ ពោលគឺមុនពេលវិបត្តិកូវីដ១៩ ធ្វើឱ្យវិស័យទេសចរណ៍សកលធ្លាក់ចុះដុនដាបនោះ ថៃបានទទួលភ្ញៀវទេសចរលើសជប៉ុនរហូតដល់ ១០ លាននាក់។
នៅឆ្នាំ ២០២៤ នេះ ថៃបានកំណត់គោលដៅទាក់ទាញភ្ញៀវអន្តរជាតិរហូតដល់ ៣៦,៧ លាននាក់ ប៉ុន្តែនៅតិចជាងចំនួនភ្ញៀវដែលខ្លួនទទួលបាន ៤០ លាននាក់ ក្នុងឆ្នាំ ២០១៩។ ប្រហាក់ប្រហែលគ្នា ជប៉ុនបានកំណត់គោលដៅ ៣៥ លាននាក់។
តួលេខជាក់ស្ដែងបង្ហាញពីភាពមានប្រៀបជាងរបស់ជប៉ុន។ អ្នកជំនាញលើកឡើងថា ជប៉ុនភាពលេចធ្លោជាមួយនឹងបណ្តាញផ្លូវដែកពិសេសរបស់ខ្លួន ស្តង់ដារសុវត្ថិភាពខ្ពស់ ភាពស្អាតឥតខ្ចោះជាពិសេសផ្នែកបរិស្ថាន និងភាពទាក់ទាញចម្រុះផ្សេងៗ ដែលពង្រឹងជំហររបស់ប្រទេសនេះនៅក្នុងឧស្សាហកម្មទេសចរណ៍ដ៏ប្រកួតប្រជែង។ ក្រៅតែពីបណ្ដាញហេដ្ឋារចនាសម្ព័ន្ធជឿនលឿន ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េនជប៉ុន ក៏ជាផ្នែកមួយនៃភាពទាក់ទាញរបស់ជប៉ុនផងដែរ។
កត្តាមួយសំខាន់ដែលជំរុញឱ្យប្រទេសជប៉ុនទទួលបានជោគជ័យក្នុងវិស័យទេសចរណ៍ គឺកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារទេសចរណ៍ក្នុងស្រុក។ ជប៉ុនអាចបង្កើតយុទ្ធសាស្ត្រទីផ្សារទេសចរណ៍បង្រួបបង្រួម ដែលតភ្ជាប់ថ្នាក់ជាតិ តំបន់ និងថ្នាក់មូលដ្ឋានរបស់រដ្ឋាភិបាល។ ស្ថាប័នទេសចរណ៍ខេត្ត ចូលរួមយ៉ាងសកម្មនៅក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ ដោយធានាថាប្រទេសជប៉ុនត្រូវបានគេមើលឃើញក្នុងទីផ្សារទេសចរណ៍ពិភពលោក។ នេះបើតាមសារព័ត៌មាន Travel and Tour World។
ថៃឯណោះវិញ ត្រូវបានគេមើលឃើញថា មានភាពទាក់ទាញដ៏សំខាន់ៗ ជាពិសេសភាពសម្បូរបែបនៃវប្បធម៌ ភាពរស់រវើកនៃទិសដៅទេសចរណ៍ និងប្រជាជន តំបន់ធម្មជាតិ និងការបដិសណ្ឋារកិច្ចលំដាប់ពិភពលោកជាដើម។ យ៉ាងណាមិញ ប្រតិបត្តិករអន្តរជាតិមួយចំនួនបានលើកឡើងថា ប្រទេសនេះមិនសូវមានចំណុចទាក់ទាញថ្មី និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីទ្រទ្រង់ការប្រកួតប្រជែងរបស់ខ្លួនក្នុងឧស្សាហកម្ម។
ដើម្បីទប់ទល់នឹងបញ្ហានេះ ប្រទេសថៃបាននិងកំពុងផ្សព្វផ្សាយព្រឹត្តិការណ៍ពិធីបុណ្យធំៗទាំងអន្តរជាតិ និងជាតិ។ ឧទាហរណ៍ដូចជាការប្រារព្ធពិធីឆ្លងឆ្នាំ «Amazing Thailand Countdown 2025» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិទ្រង់ទ្រាយធំ សម្រាប់ឆ្នាំថ្មីខាងមុខនេះ។ កន្លងមករដ្ឋាភិបាលថៃបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីទាក់ទាញភ្ញៀវ ក្នុងនោះរួមមានទាំងគោលនយោបាយលើកលែងទិដ្ឋាការ និងជំរុញ «អំណាចទន់» ជាដើម។ ថៃបានកំណត់គោលដៅភ្ញៀវទេសចរប្រមាណ ៤០ លាននាក់ សម្រាប់ឆ្នាំ ២០២៥៕
The post ជប៉ុន ក្លាយជាគូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូលប្រចាំអាស៊ី appeared first on Kampuchea Thmey Daily.