ក្រុមហ៊ុន MIRARTH ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទី ៤០០ តោន ពីសហគមន៍កសិកម្មទំនើប
បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្រស់លក់បាន ៥៦០០ រៀល ក្នុងមួយគីឡូក្រាម ខណៈកសិករអះអាងថា ជាតម្លៃល្អ... The post ក្រុមហ៊ុន MIRARTH ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទី ៤០០ តោន ពីសហគមន៍កសិកម្មទំនើប appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន MIRARTH នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ បានចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទីទាំង៣នៅខេត្តកំពង់ធំចំនួន ៤០០ តោន ក្នុងទំហំទឹកប្រាក់ជិត ៦៥ ម៉ឺនដុល្លារ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថាសហគមន៍កសិកម្មទំនើបព្យាយាមកាត់បន្ថយហានិភ័យទីផ្សារជូនដល់សមាជិករបស់ខ្លួន តាមរយៈយន្តការធំៗពីរគឺ៖ ការលក់គ្រាប់ស្វាយចន្ទីតាមតម្លៃកិច្ចសន្យាជាក់លាក់ទុកជាមុន និងការសម្ងួតស្តុកគ្រាប់ស្វាយចន្ទីរង់ចាំលក់ស្ងួតពេលតម្លៃល្អក្រោយការប្រមូលផលទូទៅបញ្ចប់។ លោក ឃឹម ហ្វីណង់អះអាងថា ការធ្វើបែបនេះនឹងការពារបងប្អូនកសិករពីការប្រែប្រួលថ្លៃទីផ្សារគ្រាប់ស្វាយចន្ទីភ្លាមៗបានច្រើន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា កិច្ចសន្យាទិញពីសហគមន៍នេះផ្ដល់ផលវិជ្ជមានច្រើន នឹងជួយកាត់បន្ថយលំហូរគ្រាប់ឆៅនៅលើទីផ្សារ ដែលមិនធ្វើឱ្យតម្លៃធ្លាក់ចុះ។

លោក អួន ស៊ីឡុត យល់ឃើញថា៖ «កាលណាក្រុមហ៊ុនក្នុងស្រុកចាប់ផ្ដើមទិញ ទោះបីទិញនៅក្នុងសហគមន៍ក្ដី ប៉ុន្តែវាអាចជួយកាត់បន្ថយលំហូរគ្រាប់ឆៅនៅលើទីផ្សារ អញ្ចឹងកាលណាកាត់បន្ថយគ្រាប់ឆៅនៅលើទីផ្សារវាអត់ធ្វើឱ្យគ្រាប់ហ្នឹងជុញខ្លាំង កាលណាគ្រាប់ចន្ទីជុញតម្លៃធ្លាក់ចុះ»។
លោកមិនបានដឹងថា ក្រុមហ៊ុនចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីក្នុងតម្លៃប៉ុន្មាននោះទេ ប៉ុន្តែ អះអាងថា ការចុះកិច្ចសន្យាទិញ-លក់របស់សហគមន៍តែងតែមានតម្លៃលើសទីផ្សារ។
បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្រស់លក់បាន ៥៦០០ រៀល ក្នុងមួយគីឡូក្រាម ខណៈកសិករអះអាងថា ជាតម្លៃល្អដែលអាចផ្ដល់ផលចំណេញ៕

អត្ថបទ៖ ឡេង ដេត
The post ក្រុមហ៊ុន MIRARTH ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទី ៤០០ តោន ពីសហគមន៍កសិកម្មទំនើប appeared first on Kampuchea Thmey Daily.