កំណាត់ផ្លូវដែកដែលរងការខូចខាតដោយសាររថភ្លើងដឹកប្រេងធ្លាក់ផ្លូវត្រូវបានជួសជុលរួចរាល់
បាត់ដំបង៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណករ និងដឹកជញ្ជូនបាន បានអោយដឹងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦នេះថា កំណាត់ផ្លូវដែកភាគខាងជើង ស្ថិតក្នុងក្រុងបាត់ដំបង ដែលបានរងការខូចខាតដោយសារហេតុការណ៍គ្រោះថ្នាក់រថភ្លើងដឹកប្រេងឥន្ធនៈរអិលធ្លាក់ផ្លូវ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា នោះ ឥឡូវនេះត្រូវបានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នវិញហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៣៧នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ២៧៧ នៃខ្សែរថភ្លើងភាគខាងជើង ស្ថិតក្នុងសង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង។ រថភ្លើងដែលជួបគ្រោះថ្នាក់នេះមានលេខ ៦៦៩៧ ផ្ទុកទៅដោយទូរប្រេងម៉ាស៊ូតចំនួន ១៣ទូរ និងប្រេងសាំងចំនួន ១៣ទូរ ធ្វើដំណើរចេញពីស្ថានីយតេលាក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ស្ថានីយតេលាបឹងព្រីង ខេត្តបាត់ដំបង។ នៅពេលមកដល់ចំណុចកើតហេតុខាងលើ រថភ្លើងបានជួបបញ្ហារអិលធ្លាក់ផ្លូវ បណ្ដាលឱ្យទូរប្រេងចំនួន ៤ទូរបានក្រឡាប់ ដែលក្នុងនោះមានទូរប្រេងម៉ាស៊ូតចំនួន ៣ទូរ (លេខ ០៩, លេខ ១២ និងលេខ ១៣) និងទូរសាំងចំនួន ១ទូរ […]
បាត់ដំបង៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណករ និងដឹកជញ្ជូនបាន បានអោយដឹងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦នេះថា កំណាត់ផ្លូវដែកភាគខាងជើង ស្ថិតក្នុងក្រុងបាត់ដំបង ដែលបានរងការខូចខាតដោយសារហេតុការណ៍គ្រោះថ្នាក់រថភ្លើងដឹកប្រេងឥន្ធនៈរអិលធ្លាក់ផ្លូវ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា នោះ ឥឡូវនេះត្រូវបានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នវិញហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៣៧នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ២៧៧ នៃខ្សែរថភ្លើងភាគខាងជើង ស្ថិតក្នុងសង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង។ រថភ្លើងដែលជួបគ្រោះថ្នាក់នេះមានលេខ ៦៦៩៧ ផ្ទុកទៅដោយទូរប្រេងម៉ាស៊ូតចំនួន ១៣ទូរ និងប្រេងសាំងចំនួន ១៣ទូរ ធ្វើដំណើរចេញពីស្ថានីយតេលាក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ស្ថានីយតេលាបឹងព្រីង ខេត្តបាត់ដំបង។

នៅពេលមកដល់ចំណុចកើតហេតុខាងលើ រថភ្លើងបានជួបបញ្ហារអិលធ្លាក់ផ្លូវ បណ្ដាលឱ្យទូរប្រេងចំនួន ៤ទូរបានក្រឡាប់ ដែលក្នុងនោះមានទូរប្រេងម៉ាស៊ូតចំនួន ៣ទូរ (លេខ ០៩, លេខ ១២ និងលេខ ១៣) និងទូរសាំងចំនួន ១ទូរ (លេខ ១៤)។

របាយការណ៍ដដែលបានបញ្ជាក់ថា មិនមានប្រជាពលរដ្ឋ ឬបុគ្គលិកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះឡើយ ដោយគ្រាន់តែរងការខូចខាតកំណាត់ផ្លូវដែកនៅចំណុចកើតហេតុប៉ុណ្ណោះ។ ភ្លាមៗបន្ទាប់ពីមានហេតុការណ៍កើតឡើង អាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបង ព្រមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍យ៉ាងតក់ក្រហល់ និងប្រចាំការនៅទីតាំងកើតហេតុ ដើម្បីការពារក្រែងមានការឆាបឆេះជាយថាហេតុ។

គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធបានធ្វើការជួសជុលកំណាត់ផ្លូវដែកដែលរងការខូចខាតនោះរួចរាល់ និងបានបើកឱ្យរថភ្លើងធ្វើចរាចរណ៍ជាបណ្ដោះអាសន្នឡើងវិញហើយ។ ដោយឡែក សម្រាប់ទូររថភ្លើងទាំង ៤ ដែលបានរអិលធ្លាក់ផ្លូវ កំពុងត្រូវបានក្រុមការងារបច្ចេកទេសធ្វើការស្ទូចលើកចេញជាបន្តបន្ទាប់ ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះឱ្យបានប្រក្រតីទាំងស្រុង៕

