កសិករ​ ៣ នាក់ ប្រាប់បទពិសោធន៍​កែច្នៃដី​​ទំនេរ​ជុំវិញ​ផ្ទះ​ បង្កើត​ចំណូល​ក្នុង​គ្រួសារ

ប្រជាកសិករតាមបណ្តាស្រុកមួយចំនួនក្នុង​ខេត្ត​បាត់ដំបង បានលើកឡើងប្រហាក់ប្រហែលគ្នា..... The post កសិករ​ ៣ នាក់ ប្រាប់បទពិសោធន៍​កែច្នៃដី​​ទំនេរ​ជុំវិញ​ផ្ទះ​ បង្កើត​ចំណូល​ក្នុង​គ្រួសារ appeared first on Kampuchea Thmey Daily.

កសិករ​ ៣ នាក់ ប្រាប់បទពិសោធន៍​កែច្នៃដី​​ទំនេរ​ជុំវិញ​ផ្ទះ​ បង្កើត​ចំណូល​ក្នុង​គ្រួសារ

ប្រជាកសិករតាមបណ្តាស្រុកមួយចំនួនក្នុង​ខេត្ត​បាត់ដំបង បានលើកឡើងប្រហាក់ប្រហែលគ្នាឲ្យកម្ពុជាថ្មីដឹងថា ក្រៅពីមុខរបរជាទំនៀមទម្លាប់(ធ្វើស្រែ) ពួកគាត់បានកែច្នៃ​ដីទំនេរ​ជុំវិញផ្ទះ​បង្កើត​ជា​ប្រភព​ចំណូលប្រចាំថ្ងៃ ទ្រងទ្រង់​ដល់​ជីវភាព​មិនប្រឈមការខ្វះខាត។ ចំណូលនេះ គឺឲ្យ​តែឧស្សាហ៍​និងព្យាយាម ហើយក៏មិនឆ្ងាយពីផ្ទះដែរ គឺកើតចេញពីដីភូមិដែលកសិករខ្លះទុកទំនេរចោលគ្មានកែច្នៃបម្រើ​​​ប្រយោជន៍ ដែលអាច​រៀបចំ​ធ្វើកសិកម្មខ្នាតគ្រួសារបាន។

លោក ជិន គ្រក់ រស់នៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់បានឲ្យដឹងថា ក្រោយពីលោកនិងភរិយាឈប់ធ្វើជាពលករចំណាកស្រុកអស់រយះពេលជិតមួយឆ្នាំកន្លងមកនេះ លោកបានមើលឃើញពីផលល្អមួយដែលកើតចេញពីដីភូមិ គឺដាំ រាល់ដំណាំទាំងរយះវែងនិងរយះពេលខ្លី ដែល​អាចផ្តល់ចំណូលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ​មិន​ខ្វះ​មុខ​ខ្វះក្រោយ។

លោកបានលើកឡើងកាលពីលោកជាពលករនៅក្នុងស្រុកថៃ បានឃើញកសិករថៃបានដឹកជញ្ជូនរាល់កសិផលចូលទីផ្សារ​គ្មានលោះថ្ងៃ តាមពិតកសិផលទាំងនោះមិនមែនពួកគេមានចម្ការ​ទេ គឺជាដំណំាក្រោយផ្ទះប៉ុណ្ណោះ ដែលអាចរកចំណូលបានជាប្រចាំ ក្នុងនោះមាន ផ្លែទៀប ពុទ្រា ក្រូច ជាដើម។

អតីតពលកររូបនេះបន្តថា ដោយសារតែមើលឃើញបែបនេះ លោកជាមួយភរិយាបានសម្រេចចិត្តឈប់យកកម្លាំងដើម្បី​បម្រើ​ប្រយោជន៍ដល់អ្នកដទៃ ហើយយកកម្លាំងមក​បម្រើ​ដល់​ក្រុម​គ្រួសារខ្លួនឯងនៅឯស្រុកកំណើតវិញ។

លោកថា បើគិតមកត្រឹមពេលនេះ នៅលើដីភូមិលោកគឺមានផលដាំណាំច្រើនប្រភេទ ហើយ​ចំណូល​ពី​ដំណាំជុំវិញ​ផ្ទះ​នេះ​យ៉ាងហោច ១ថ្ងៃក៏បានចន្លោះពី ២៥ ដល់ ៣០ មុឺនរៀលដែរ តាមរយះផលផ្លែទៀបស្វិតរបស់លោកដែលបានដាំប្រហែល​ជាង ៣០ ដើម គឺលោកនិងភរិយាបានប្រមូលផលវិលជុំតែម្តង ក្រោយពីលោកបានប្រមូលផលម្ទេសរួចរាល់។

ចំណែកកសិករម្នាក់ទៀតនៅក្នុងស្រុកបាណន់ជាមួយគ្នា គឺលោក ធឿន បានលើកឡើងដែរថា លោកមានដាំក្រូចពោធិសាត់ ប្របាណជិត ១០ ដើម ហើយលោកបានបំប៉នទឹក គឺបានហុចផលល្អ និងបានចំណូលរាល់ថ្ងៃ សូម្បីអ្នកភូមិជិតគ្នាក៏ចូលចិត្តបរិភោគដែរ ព្រោះក្រូចលោកមានរសជាតិផ្អែមឆ្ងាញ់ ហើយក្រៅពីនេះលោកក៏មានដាំដំណាំវិលជុំនៅក្បែរផ្ទះជាច្រើនផងដែរ។

លោកបន្តថា “មិនសូវជាលំបាកប៉ុន្មានទេ ក្នុងមួយថ្ងៃខ្ញុំឆ្លៀតពេលតែបន្តិច យូរទៅវាអាចផ្តល់ផលដោយមិនដឹងខ្លួន តែកុំឲ្យតែយើងខ្ចិលគឺលុយចូលរហូត”។

ចំណែកឯកសិករ នៅស្រុកមោងឫស្សីឯណោះវិញ គឺលោក ឡុង ភាព ក៏បានឲ្យដឹងដែរថា នៅលើទំហំដីជិត ១ ហិកតាក្បែរផ្ទះរបស់លោក បានដាំដើមពុទ្រាពូជ ៣ រសជាតិ ហើយដែល​បច្ចុប្បន្ន កំពុងប្រមូលផលទាំង ១០០ ដើម។

លោកថា ក្នុងមួយ ថ្ងៃលោករកចំណូលបានចន្លោះពី ២០ ម៉ឺនរៀលទៅ ៣០ ម៉ឺនរៀល ខណះការប្រមូលផលបានក្នុងមួយថ្ងៃចន្លោះពី ៥០ ទៅ ៦០ គីឡូក្រាម។ លោកថា លោកបានដាំរយះពេលជិត ៥ ឆ្នាំ ហើយពូជពុទ្រានេះដាំបាន ១ ឆ្នាំ គឺវាបានហុចផលខ្លះៗហើយ។ តាមរយះផលដំណាំនេះ លោក​ថា​បានផ្តល់សេដ្ឋកិច្ចគ្រួសារបានយ៉ាងកក់ក្តៅ ខណះលោកថា កាលពីមុនលោក​បានដើរសុីឈ្នួលឲ្យគេដល់ខេត្តកំពង់ចាម មិនបានគិតដល់ថា ដីទុកទំនេរក្បែរផ្ទះបានផ្តល់ប្រយោជន៍បែបនេះទេ។

លោកបន្តថា “ខ្ញុំចាប់ផ្តើមដាំ ដោយសារកាលខ្ញុំដើរទៅធ្វើការនៅខេត្តកំពង់ចាម ក៏បានឃើញអ្នកស្រុកខេត្តនោះគេដាំ ហើយបានផលល្អ លុយចូលរហូត ខ្ញុំរកបានលុយបន្តិចបន្តួចក៏វិលមកស្រុកវិញ ហើយសាកល្បងដាំក៏បានហុចផលផ្លែផ្កា និងបានរកចំណូលបានតាំងតែពីដាំបានរយះពេល ១ ឆ្នាំដំបូង ហើយ​ខ្ញុំក៏ឈប់ដើរ នៅតែថែទាំដំណាំនេះរហូតមកដល់ពេលនេះ ដែល​មិន​ត្រឹម​មាន​បាន​ចំណូល​ហើយ​បាននៅជុំគ្រួសារទៀតផង”៕

អត្ថបទ៖ សៅ សារិទ្ធ

The post កសិករ​ ៣ នាក់ ប្រាប់បទពិសោធន៍​កែច្នៃដី​​ទំនេរ​ជុំវិញ​ផ្ទះ​ បង្កើត​ចំណូល​ក្នុង​គ្រួសារ appeared first on Kampuchea Thmey Daily.