ឥណ្ឌូណេស៊ី ​ជប៉ុន​គ្រោងសហការ​លើ​គម្រោងវារីអគ្គិសនី ១៧,៨ ប៊ីលាន​ដុល្លារ

គម្រោងនេះនឹងក្លាយជាការអភិវឌ្ឍវារីអគ្គិសនីកកើតឡើងវិញខ្នាត​ធំដំបូងបង្អស់របស់​ឥណ្ឌូណេស៊ី និងធំបំផុតនៅអាស៊ីអាគ្នេយ៍។ The post ឥណ្ឌូណេស៊ី ​ជប៉ុន​គ្រោងសហការ​លើ​គម្រោងវារីអគ្គិសនី ១៧,៨ ប៊ីលាន​ដុល្លារ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី ​ជប៉ុន​គ្រោងសហការ​លើ​គម្រោងវារីអគ្គិសនី ១៧,៨ ប៊ីលាន​ដុល្លារ

ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) បានចុះហត្ថលេខា​លើ​លិខិត​នៃ​ការតាំង​ចិត្ត (LOI) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍរោងចក្រវារីអគ្គិសនី Kayan នៅខេត្តកាលីម៉ាន់តាន់ខាងជើង ក្នុងតម្លៃ ១៧,៨ ប៊ីលាន​ដុល្លារ ដែល​ជាគម្រោងវារីអគ្គិសនីធំបំផុតនៅអាស៊ីអាគ្នេយ៍។ ​នេះបើតាម​ការ​ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋឥណ្ឌូណេស៊ី Antara កាលពីសប្ដាហ៍មុន​។

ទីតាំង​រោងចក្រវារីអគ្គិសនី Kayan ក្នុងខេត្តកាលីម៉ាន់តាន់ខាងជើង

អនុរដ្ឋមន្រ្តីនៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Edi Prio Pambudi បាន​និយាយ​ក្នុងសេចក្ដីថ្លែងការណ៍ថា​៖ «សម្រាប់​ឥណ្ឌូណេស៊ី រោងចក្រវារីអគ្គិសនី Kayan មិនមែនគ្រាន់តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខ័ណ្ឌនៃ AZEC (សហគមន៍​គ្មាន​បំភាយកាបូន​អាស៊ី​) ប៉ុណ្ណោះទេ​។ គម្រោង​នេះ​ ជា​ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​សន្តិសុខ​ថាមពល និង​ការ​កាត់បន្ថយ​​កាបូន​របស់​ឥណ្ឌូណេស៊ី»។

លោក​បន្តថា​ ​ជប៉ុននឹងជួយប្រទេសឥណ្ឌូណេស៊ីអនុវត្តគម្រោងផ្លាស់ប្តូរថាមពល និងសម្រេចបាននូវគោលដៅអព្យាក្រឹត​កាបូន​នៅត្រឹមឆ្នាំ ២០៦០។ ​ដូច្នេះហើយ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានជំរុញឱ្យ​ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងផ្លាស់ប្តូរថាមពលដែលអាចអនុវត្តបាន ​និងមាន​បរិយាប័ន្ន​ក្នុងប្រទេសឥណ្ឌូណេស៊ី។

ស្នងការរងទទួលបន្ទុកកិច្ចការអន្តរជាតិនៅក្រសួង​ METI របស់​ជប៉ុន លោក Masanori Tsuruda បានបញ្ជាក់ថា រដ្ឋាភិបាលទាំង ២ ត្រូវតាមដានឱ្យបានឆាប់លើ LoI សម្រាប់រោងចក្រវារីអគ្គិសនី Kayan ​ហើយ​លោក​មានទំនុកចិត្តថា ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាង​ជប៉ុន និងឥណ្ឌូណេស៊ី នឹងគាំទ្រដល់ការអភិវឌ្ឍ​លើ​គម្រោង​នេះ។

យោងតាមគេហទំព័រផ្លូវការរបស់ PT Kayan Hydro Energy គម្រោងនេះនឹងក្លាយជាការអភិវឌ្ឍវារីអគ្គិសនីកកើតឡើងវិញខ្នាត​ធំដំបូងបង្អស់របស់​ឥណ្ឌូណេស៊ី និងធំបំផុតនៅអាស៊ីអាគ្នេយ៍​ ដោយ​មាន​សមត្ថភាពផលិតអគ្គិសនី ៩ ០០០ មេហ្គាវ៉ាត់ ក្រោមការវិនិយោគសរុប ១៧,៨ ប៊ីលាន​ដុល្លារ។ ​

គម្រោង​ដដែល​ ក៏នឹងរួមចំណែកផងដែរ​ដល់គោលដៅរបស់​ឥណ្ឌូណេស៊ី ក្នុងការសម្រេចបាននូវថាមពល​កកើតឡើងវិញចំនួន ២៣ ភាគរយ​ ​ក្នុងល្បាយថាមពលជាតិរបស់​ប្រទេស​​ត្រឹមឆ្នាំ ២០២៥ និង ៣១ ភាគរយ នៅឆ្នាំ ២០៥០៕

The post ឥណ្ឌូណេស៊ី ​ជប៉ុន​គ្រោងសហការ​លើ​គម្រោងវារីអគ្គិសនី ១៧,៨ ប៊ីលាន​ដុល្លារ appeared first on Kampuchea Thmey Daily.