អ្នកស្រុកមោងឫស្សីនិយមដាំម្នាស់ ដោយសាររកចំណូលបានខ្ពស់ជាងស្រូវ
នរណាៗក៏ល្បីដែរថា ផ្លែម្នាស់នៅឃុំរបស់មង្គលក្នុងស្រុកមោងឬស្សី ពិតជាមានឱជារសផ្អែម ស្រួយ ... The post អ្នកស្រុកមោងឫស្សីនិយមដាំម្នាស់ ដោយសាររកចំណូលបានខ្ពស់ជាងស្រូវ appeared first on Kampuchea Thmey Daily.
នរណាៗក៏ល្បីដែរថា ផ្លែម្នាស់នៅឃុំរបស់មង្គលក្នុងស្រុកមោងឬស្សី ពិតជាមានឱជារសផ្អែម ស្រួយ និងមិនកាត់មាត់ ដូចម្នាស់ដទៃ ទើបធ្វើឲ្យផ្លែម្នាស់ស្រុកមោងឬស្សី ល្បីសុះសាយ និងមានការចែកចាយទៅទីក្រុងភ្នំពេញ និងបណ្ដាខេត្តមួយចំនួនផ្សេងទៀត។
អ្នកស្រី នឿន សាវ ជាម្ចាស់ចម្ការម្នាស់នៅភូមិរបស់មង្គល ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានរៀបរាប់ថា កន្លងមកអ្នកស្រីបានដាំម្នាស់នៅលើផ្ទៃដី ១៥អា ដែលកាលនោះតម្លៃផ្លែម្នាស់នៅលើទីផ្សារគឺមួយផ្លែ ១.០០០រៀល ដូច្នេះអ្នកស្រីអាចរកចំណូលបានប្រមាណ ១២លានរៀល ដែលអាចទប់ទល់លើការចាយវាយនៅក្នុងគ្រួសារ ហើយក៏អាចសល់ចំណេញផងដែរ។
អ្នកស្រីបានបន្តថា ដោយសារតែឃើញចំណូលលើការលក់ផ្លែម្នាស់អាចគ្រាន់បើជាងធ្វើស្រែ ទើបឆ្នាំនេះអ្នកស្រីបានពង្រីកបន្ថែមដោយបានដាំម្នាស់នៅលើផ្ទៃដី ៤៥អា ប៉ុន្តែជាចៃដន្យនៅឆ្នាំនេះផ្លែម្នាស់ដែលល្អក្នុងមួយផ្លែបានត្រឹមតម្លៃ ៥០០ រៀលប៉ុណ្ណោះ ប៉ុន្តែបើទោះបីជាតម្លៃធ្លាក់មកនៅពាក់កណ្ដាល ក៏អ្នកស្រីនៅអាចទប់ទល់ចំណេញបានខ្លះដោយមិនខាតនោះទេ។
លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានបញ្ជាក់ថា បច្ចុប្បន្នមានតែប្រជាពលរដ្ឋនៅឃុំរបស់មង្គលប៉ុណ្ណោះដែលនិយមចូលចិត្តដាំម្នាស់ជាយូរយារណាស់មកហើយ ដែលបច្ចុប្បន្នមានអ្នកខ្លះបានយកដីស្រែមកធ្វើជាចម្ការម្នាស់ទៅហើយ។ ដែលស្ថិតិបច្ចុប្បន្នមានប្រជាពលរដ្ឋដាំម្នាស់ចំនួន ៥០០គ្រួសារ នៅលើផ្ទៃដីចំនួន ៦០៥ហិកតា ។
លោកអភិបាលស្រុកបានបន្ថែមថា វាជាការពិតណាស់ដែលថា ការដាំម្នាស់អាចរកចំណូលលើសពីការធ្វើស្រែ ពីព្រោះនៅលើផ្ទៃដីមួយហិកតា គេអាចដាំកូនម្នាស់បានចំនួន ៦ម៉ឺនដើម នៅក្នុងរយៈពេល ៦ខែ គឺប្រជាពលរដ្ឋអាចប្រមូលផលម្នាស់បានហើយ ដូច្នេះនៅក្នុងចំនួន ៦ម៉ឺនដើម គេអាចកាត់ចោលការខូចខាតមួយម៉ឺនដើម ដូច្នេះពលរដ្ឋអាចទទួលផលបាន ៥ម៉ឺនផ្លែ លើផ្ទៃដីមួយហិកតា បើតម្លៃបច្ចុប្បន្នក្នុងមួយផ្លែបាន ៥០០រៀល ក៏គេអាចទទួលបាន ២៥លានរៀលផងដែរ ក្នុងមួយរដូវ ។
ប្រជាពលរដ្ឋដែលប្រកបមុខរបរដាំម្នាស់ក៏បានសំណូមពរដល់ឈ្មួញទាំងឡាយកុំទម្លាក់តម្លៃខ្លាំងពេក ធ្វើយ៉ាងណាអត់បានសមរម្យដើម្បីឲ្យពួកគាត់អាចបន្តមុខរបរនេះតទៅមុខទៀត ព្រោះបច្ចុប្បន្នម្នាស់ម៉ោងឬស្សី អាចចែកចាយដល់ទីក្រុងភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តដទៃទៀតមួយចំនួនផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
The post អ្នកស្រុកមោងឫស្សីនិយមដាំម្នាស់ ដោយសាររកចំណូលបានខ្ពស់ជាងស្រូវ appeared first on Kampuchea Thmey Daily.