អេហ្ស៊ីប និងម៉ាឡេស៊ី អំពាវនាវឱ្យមានសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា

គែរ៖ ប្រទេសអេហ្ស៊ីប និងម៉ាឡេស៊ី បានអំពាវនាវឲ្យសម្រេចបានសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា។ ការអំពាវនាវនេះត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពី កិច្ចប្រជុំនៅរដ្ឋធានីគែររបស់អេហ្ស៊ីប រវាងប្រធានាធិបតីអេហ្ស៊ីបលោក  Abdel-Fattah al-Sisi និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim នេះបើយោងតាមប្រធានាធិបតីអេហ្ស៊ីប។ ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីអំពីសិទ្ធិ របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង រួមទាំងសិទ្ធិក្នុងការបង្កើតរដ្ឋឯករាជ្យមួយ។ មេដឹកនាំទាំងពីរក៏បានជំរុញឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិចារណាលើការស្នើសុំរបស់ប៉ាឡេស្ទីន សម្រាប់សមាជិកភាពពេញលេញ នៅក្នុងអង្គការសហប្រជាជាតិ ស្របតាមដំណោះស្រាយពាក់ព័ន្ធដែលត្រូវបានអនុម័ត ដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ ម៉ាឡេស៊ីបានសម្តែងការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប ក្នុងការជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌របស់ម៉ាឡេស៊ី ដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងខ្វះខាតយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានថ្កោលទោសការបន្តរំលោភច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌

អេហ្ស៊ីប និងម៉ាឡេស៊ី អំពាវនាវឱ្យមានសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា

គែរ៖ ប្រទេសអេហ្ស៊ីប និងម៉ាឡេស៊ី បានអំពាវនាវឲ្យសម្រេចបានសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា។ ការអំពាវនាវនេះត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពី កិច្ចប្រជុំនៅរដ្ឋធានីគែររបស់អេហ្ស៊ីប រវាងប្រធានាធិបតីអេហ្ស៊ីបលោក  Abdel-Fattah al-Sisi និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim នេះបើយោងតាមប្រធានាធិបតីអេហ្ស៊ីប។

ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីអំពីសិទ្ធិ របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង រួមទាំងសិទ្ធិក្នុងការបង្កើតរដ្ឋឯករាជ្យមួយ។ មេដឹកនាំទាំងពីរក៏បានជំរុញឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិចារណាលើការស្នើសុំរបស់ប៉ាឡេស្ទីន សម្រាប់សមាជិកភាពពេញលេញ នៅក្នុងអង្គការសហប្រជាជាតិ ស្របតាមដំណោះស្រាយពាក់ព័ន្ធដែលត្រូវបានអនុម័ត ដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ម៉ាឡេស៊ីបានសម្តែងការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប ក្នុងការជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌របស់ម៉ាឡេស៊ី ដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងខ្វះខាតយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានថ្កោលទោសការបន្តរំលោភច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សក្នុងប្រតិបត្តិការយោធារបស់ខ្លួន ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់ផងដែរ។

ពួកគេក៏បានថ្កោលទោសការលុកលុយ ដែលកំពុងបន្តរបស់អ៊ីស្រាអែល ចូលទៅក្នុងតំបន់ហ្គាហ្សា និងការវាយប្រហារតាមអាកាស លើប្រទេសលីបង់ ដែលបានសម្លាប់ជនស៊ីវិលស្លូតត្រង់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការឈានដល់បទឈប់បាញ់ជាបន្ទាន់ ដើម្បីបញ្ចប់មហន្តរាយមនុស្សធម៌នេះ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់ ៕

ប្រែសម្រួល ឈូក បូរ៉ា