អៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូ ដើម្បីជួយសហគមន៍ជនបទភាគខាងជើងប្រទេសកម្ពុជា
គម្រោងនេះធានាថាកសិករមានលទ្ធភាពទទួលបានទឹកគ្រប់គ្រាន់ ប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យពេញមួយឆ្នាំ។ ជាមួយនឹងប្រព័ន្ធធារាសាស្រ្តដែលដើរដោយថាមពល The post អៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូ ដើម្បីជួយសហគមន៍ជនបទភាគខាងជើងប្រទេសកម្ពុជា appeared first on Kampuchea Thmey Daily.

ប្រទេសអៀរឡង់ បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធី អាកាសធាតុក្នុងឆ្នាំ ២០២៥ ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាមប្រចាំនៅកម្ពុជា ដើម្បីដល់សហគមន៍ជនបទនៅភាគខាងជើងនៃប្រទេសកម្ពុជា ជាមួយនឹងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍជនបទ។
ការផ្តល់មូលនិធិនេះ ធ្វើឡើងតាមរយៈលោក Noel Grealish TD រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រ នៃប្រទេសអៀរឡង់។ ក្រុមការងារនៃកម្មវិធីនេះនឹងធ្វើការយ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមរៀបចំ និងពង្រឹងគោលនយោបាយអាកាសធាតុផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥។

លោក Grealish ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ បានប្រកាសអំពីការផ្តល់មូលនិធិដោយរដ្ឋាភិបាលប្រទេសអៀរឡង់នូវគម្រោង ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅឃុំវត្តតាមិម នាខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងភាពធន់ នឹងអាកាសធាតុសម្រាប់កសិករជនបទក្នុងប្រទេសកម្ពុជា។
ក្រៅពីការដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ គម្រោងក៏បានផ្តល់ការបណ្តុះបណ្តាលដល់កសិករ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាពផងដែរ។ តាមរយៈការផ្តល់មូលនិធិដោយ ស្ថានទូតអៀរឡង់ប្រចាំនៅទីក្រុងហាណូយ ប្រទេសអៀរឡង់បានចូលរួម ចំណែកថវិកាចំនួន ៨៤,០០០ អឺរ៉ូ ដល់ការសាងសង់ ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះដើម្បីធានាថាសហគមន៍មានទឹកប្រើប្រាស់ គ្រប់គ្រាន់ក្នុងរយៈពេលពេញមួយឆ្នាំ។ គ្រួសារជាង ២២០ នឹងទទួលបានអត្ថប្រយោជន៍តាមរយៈ ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ដែលស្រោចស្រពលើផ្ទៃដី ២៣៤ ហិកតា។ ពិធីបើកដំណើរការស្ថានីយនេះ រួមមានការបង្ហាញពីស្ថានីយបូមទឹកដែលបំពាក់ដោយថាមពលពន្លឺព្រះអាទិត្យ និងការចែករំលែកបទពិសោធន៍ពីកសិករ ។

ថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការ លោក Grealish បានមានប្រសាសន៍ថា “វិស័យកសិ-ម្ហូបអាហារ គឺជាផ្នែកមួយ ដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ ប្រទេសអៀរឡង់ ដែលមានកសិដ្ឋានលក្ខណៈគ្រួសារចំនួន ១៣៥,០០០ ដែលផលិតអាហារដែលមានគុណភាពខ្ពស់។ ប្រទេសអៀរឡង់បានផ្តល់អាទិភាពដល់ការប្រើប្រាស់ បច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីបន្ថែមគុណតម្លៃ បង្កើតភាពប្រកួតប្រជែង និងដើម្បីដោះស្រាយ បញ្ហាប្រឈមសំខាន់ៗដូចជានិរន្តរភាពបរិស្ថាន។
លោកបញ្ជាក់ថា៖«ដូចគ្នានេះដែរ នៅប្រទេសកម្ពុជា កសិករខ្នាតតូច គឺជាឆ្អឹងខ្នងនៃវិស័យកសិកម្ម ហើយជាចំណុចស្នូល សម្រាប់អនាគតនៃវិស័យកសិកម្មផងដែរ ។ គម្រោងសូឡានេះ ជាឧទាហរណ៍ដ៏ល្អនៃការវិនិយោគលើបច្ចេកវិទ្យា ប៉ុន្តែវាក៏ជាការវិនិយោគសម្រាប់កសិករកម្ពុជា និងក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាពផងដែរ»។
បទពិសោធន៍ រួមគ្នារបស់ប្រទេសអៀរឡង់ និងប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម បង្ហាញពីឱកាសដ៏មានតម្លៃសម្រាប់ កិច្ចសហប្រតិបត្តិការ។ ជាផ្នែកមួយនៃការចូលរួម កាន់តែខ្លាំងឡើងរបស់ប្រទេសអៀរឡង់នៅក្នុងប្រទេសកម្ពុជា លោកបន្តថា៖«យើងមានសេចក្តីសោមនស្សរីករាយដែល បានបង្កើនមូលនិធិសម្រាប់កម្មវិធីដូចជាកម្មវិធីដែលយើងបានបើក ដំណើរការថ្ងៃនេះ និងស្វែងរកឱកាសថ្មីៗ ដើម្បីធ្វើការរួមគ្នាក្នុងការអភិវឌ្ឍតំបន់ជនបទ ប្រកបដោយចីរភាព និងការដោះស្រាយការប្រែប្រួលអាកាសធាតុ»។

ជុំវិញមូលនិធិនេះលោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង ដែលបានចូលរួមធ្វើជាគណៈអធិបតី បានថ្លែងអំណរគុណចំពោះប្រទេសអៀរឡង់សម្រាប់ការគាំទ្រគម្រោងនេះ។ លោកមានប្រសាសន៍ថា “ខេត្តបាត់ដំបង ជាខេត្តមួយដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា ជង្រុកស្រូវរបស់ប្រទេសកម្ពុជា ហើយការទទួលបាននូវប្រព័ន្ធធារាសាស្ត្រដែលអាចទុកចិត្តបាន គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិកររបស់យើង»។
លោកបញ្ជាក់ថា គម្រោងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺ ព្រះអាទិត្យនេះមិនត្រឹមតែជួយបង្កើនផលិតភាពកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលខេត្តបាត់ដំបង ក្នុងការទទួលយកនូវការអនុវត្តប្រកបដោយនិរន្តរភាព និងបៃតងជាងមុន។ លោកក៏បានកោតសរសើរយ៉ាងខ្លាំង ចំពោះភាពជាដៃគូរវាងប្រទេសអៀរឡង់ អង្គការអុកស្វាម អង្គការដៃគូ និងសហគមន៍មូលដ្ឋាន ក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើម នេះក្លាយជាការពិត។

ចំណែកលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា តាមរយៈកម្មវិធីនេះ យើងកំពុងធ្វើការដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ក្រីក្របំផុតមួយចំនួនក្នុងប្រទេសកម្ពុជា។ លោកស្រីបន្តថា៖«កិច្ចសហការជាមួយប្រទេសអៀរឡង់ ជាមួយរដ្ឋាភិបាលក្នុងតំបន់ ជាមួយដៃគូរបស់យើង និងជាមួយសហគមន៍នៅ ក្នុងខេត្តបាត់ដំបងនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការរួមគ្នាលើ សកម្មភាពអាកាសធាតុ និងការផ្តល់នូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា»។

គម្រោង បានបើកដំណើរការនៅថ្ងៃនេះ បង្ហាញអំពីសារៈសំខាន់នៃការដោះស្រាយបញ្ហាប្រឈម ផ្នែកអាកាសធាតុ និងភាពក្រីក្រជាមួយគ្នា ហើយយើងដឹងថា វានឹងជួយលើកកម្ពស់ជីវភាពដល់គ្រួសារ ជាច្រើនក្នុងតំបន់នេះ ។
លោក អ៊ិម ស្វាង ប្រធានសហគមន៍ប្រើប្រាស់ទឹកឃុំវត្តតាមិម បានថ្លែងអំណរគុណដល់ប្រទេសអៀរឡង់ និងអង្គការអុកស្វាមសម្រាប់គម្រោងនេះ “ទឹកគឺជាធនធានដ៏សំខាន់សម្រាប់វិស័យកសិកម្មក្នុងសហគមន៍។ បើតាមលោក ស្វាង គម្រោងនេះធានាថាកសិករមានលទ្ធភាពទទួលបានទឹកគ្រប់គ្រាន់ ប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យពេញមួយឆ្នាំ។ ជាមួយនឹងប្រព័ន្ធធារាសាស្រ្តដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ សហគមន៍ របស់យើងអាចពង្រីកការដាំដុះ បង្កើនទិន្នផលដំណាំ បង្កើនប្រាក់ចំណូល និងមានអនាគតល្អសម្រាប់កសិកររបស់យើង” ៕
The post អៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូ ដើម្បីជួយសហគមន៍ជនបទភាគខាងជើងប្រទេសកម្ពុជា appeared first on Kampuchea Thmey Daily.