អាមេរិក ពន្លឿនការផ្ដល់ជំនួយយោធា ៤ពាន់លានដុល្លារឲ្យអ៊ីស្រាអែល
ជំនួយដែលបានពន្លឿន រួមមានកិច្ចព្រមព្រៀងសព្វាវុធដ៏សំខាន់ដែលមានតម្លៃប្រហែល ៣ពាន់លានដុល្លារ សម្រាប់គ្រាប់បែក MK 84 និងគ្រាប់បែក BLU-117 ចំនួន... The post អាមេរិក ពន្លឿនការផ្ដល់ជំនួយយោធា ៤ពាន់លានដុល្លារឲ្យអ៊ីស្រាអែល appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃសៅរ៍ទី១ខែមីនា បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដើម្បីពន្លឿនការផ្តល់ជំនួយយោធាចំនួន ៤ពាន់លានដុល្លារដល់អ៊ីស្រាអែល។ សកម្មភាពនេះគឺជាផ្នែកមួយនៃការលក់កញ្ចប់យោធាបរទេសដ៏ធំចំនួន ១២ពាន់លានដុល្លារដែលត្រូវបានអនុម័តដោយរដ្ឋបាលលោក ត្រាំ ចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃទី២០ខែមករា។

ជំនួយដែលបានពន្លឿន រួមមានកិច្ចព្រមព្រៀងសព្វាវុធដ៏សំខាន់ដែលមានតម្លៃប្រហែល ៣ពាន់លានដុល្លារ សម្រាប់គ្រាប់បែក MK 84 និងគ្រាប់បែក BLU-117 ចំនួន ៣៥ ៥០០គ្រាប់, ក្បាលគ្រាប់ Predator ចំនួន ៤ ០០០គ្រាប់តម្លៃ ២,០៤ពាន់លានដុល្លារ និងសម្ភារៈយោធាផ្សេងទៀតតម្លៃ ៦៧៥,៧លានដុល្លារ។ ការដឹកជញ្ជូន ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ និងបន្តរហូតដល់ឆ្នាំ២០២៨។
លោក Rubio បានអំពាវនាវឲ្យមានការពន្លឿនការផ្ដល់ជំនួយយោធានេះ ដោយលើកឡើងពីផលប្រយោជន៍សន្តិសុខជាតិ។
ការអំពាវនាវនេះ កើតឡើងចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅហ្គាហ្សា បន្ទាប់ពីជម្លោះរយៈពេល១៥ខែ។ នៅក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពានកិច្ចព្រមព្រៀងដែលចុះកាលពីថ្ងៃទី១៩ខែមករា។
ការសម្រេចចិត្តរបស់អាមេរិកក្នុងការពន្លឿនជំនួយផ្នែកយោធា បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់របស់អ៊ីស្រាអែល។ បន្ថែមពីលើកញ្ចប់ជំនួយយោធា៤ពាន់លានដុល្លារ មន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រក៏បានអនុម័តលើការលក់គ្រាប់បែក និងសព្វាវុធផ្សេងទៀតប្រមាណជា ៣ពាន់លានដុល្លារទៅឲ្យអ៊ីស្រាអែល ដោយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ៕

ដោយ៖ ឈាង
The post អាមេរិក ពន្លឿនការផ្ដល់ជំនួយយោធា ៤ពាន់លានដុល្លារឲ្យអ៊ីស្រាអែល appeared first on Kampuchea Thmey Daily.