ហ្វីលីពីនពិចារណាហាមឃាត់ការនាំចេញនីកែល
រដ្ឋាភិបាលហ្វីលីពីន កំពុងពិចារណាលើការហាមឃាត់ការនាំចេញរ៉ែនីកែលឆៅ ដើម្បីជំរុញឧស្សាហកម្មកែច្នៃក្នុងស្រុករបស់ខ្លួនវិញ។ The post ហ្វីលីពីនពិចារណាហាមឃាត់ការនាំចេញនីកែល appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលហ្វីលីពីន កំពុងពិចារណាលើការហាមឃាត់ការនាំចេញរ៉ែនីកែលឆៅ ដើម្បីជំរុញឧស្សាហកម្មកែច្នៃក្នុងស្រុករបស់ខ្លួនវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម VNA។

ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Francis Escudero បាននិយាយកាលពីពេលថ្មីៗនេះថា សភារបស់ប្រទេសហ្វីលីពីន អាចផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីពីការហាមឃាត់ការនាំចេញរ៉ែឆៅ ឱ្យបានឆាប់ត្រឹមខែមិថុនា។
ប្រសិនបើត្រូវបានអនុម័ត ការហាមឃាត់រំពឹងថានឹងចូលជាធរមានក្នុងរយៈពេល ៥ ឆ្នាំ ខាងមុន ដើម្បីទុកពេលវេលាដល់ក្រុមហ៊ុនរ៉ែ ឱ្យបង្កើតកន្លែងកែច្នៃរបស់ខ្លួននៅក្នុងប្រទេស។
អ្នកជំនាញបាននិយាយថា ការហាមឃាត់ការនាំចេញរ៉ែនីកែលរបស់ប្រទេសហ្វីលីពីន អាចជាការព្រួយបារម្ភ សម្រាប់ឧស្សាហកម្មកែច្នៃរបស់ឥណ្ឌូណេស៊ី ដោយសារតែហ្វីលីពីនជាអ្នកផ្គត់ផ្គង់នីកែលសំខាន់។

ទិន្នន័យពីការិយាល័យស្ថិតិឥណ្ឌូណេស៊ី (BPS) បង្ហាញថា ឥណ្ឌូណេស៊ីបាននាំចូលរ៉ែនីកែលជាង ១០,៤៧ លានតោន កាលពីឆ្នាំមុន ដែលបានកើនឡើងយ៉ាងខ្លាំងពីត្រឹមតែ ៣៧៤ ៤៦៨ តោន នៅឆ្នាំ ២០២៣។ ប្រហែល ៩៧ ភាគរយ នៃការនាំចូលនោះ បានមកពីប្រទេសហ្វីលីពីន។
ជាមួយគ្នានោះ អ្នកជំនាញក៏បានព្រមានផងដែរថា ការហាមប្រាមការនាំចេញនីកែលរបស់ហ្វីលីពីន អាចនាំឱ្យតម្លៃនីកែលអន្តរជាតិកាន់តែខ្ពស់ ដែលអាចបង្កជាកំណើនថ្លៃដើមសម្រាប់ឧស្សាហកម្មកែច្នៃរបស់ឥណ្ឌូណេស៊ី និងការធ្លាក់ចុះនៃប្រាក់ចំណេញ៕
The post ហ្វីលីពីនពិចារណាហាមឃាត់ការនាំចេញនីកែល appeared first on Kampuchea Thmey Daily.