ស្តង់ប្រមាណ ៣០០ តាំងបង្ហាញក្នុងកម្មវិធីបុណ្យទន្លេរ​ នៅខេត្តតាកែវឆ្នាំនេះ ​

បុណ្យទន្លេរលើកទី៩ នៅខេត្តតាកែវឆ្នាំនេះ មានស្តង់ប្រមាណ ៣០០ តាំងបង្ហាញពីសមិទ្ធផលតាមក្រុង-ស្រុក នីមួយៗ... The post ស្តង់ប្រមាណ ៣០០ តាំងបង្ហាញក្នុងកម្មវិធីបុណ្យទន្លេរ​ នៅខេត្តតាកែវឆ្នាំនេះ ​ appeared first on Kampuchea Thmey Daily.

ស្តង់ប្រមាណ ៣០០ តាំងបង្ហាញក្នុងកម្មវិធីបុណ្យទន្លេរ​ នៅខេត្តតាកែវឆ្នាំនេះ ​

លោក វ៉ី សំណាង អភិបាល​ខេត្ត​តាកែវ បាន​ឱ្យ «កម្ពុជា​ថ្មី» ដឹង​ថា សម្រាប់​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នៅ​តាកែវ​នា​​ចុង​សប្ដាហ៍​នេះ ខេត្ត​បាន​រៀប​ចំ​ស្តង់​ពិព័រណ៍​សរុប​ទាំង​អស់​ប្រមាណ ៣០០​ ស្តង់ ដែល​តាំង​បង្ហាញ​ពី​សមិទ្ធផល​ក្រុង​ស្រុក ភូមិ​មួយ ផលិត​ផល​មួយ​។

លោក វ៉ី សំណាង នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មីនា បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្នុងចំនួនស្តង់ទាំង ៣០០ ស្តង់ ក្នុង​នោះរដ្ឋបាលខេត្តបានរៀបចំ​ស្តង់​នៅ​តាម​ក្រុង-​ស្រុក​នីមួយ​ៗ ដើម្បី​ឱ្យ​ពួក​គេ​អាច​តាំង​បង្ហាញ និង​បង្អួត​អំពី​ផលិតភាព​ដែល​អាច​ផលិត​បាន​នៅ​ក្នុង​ក្រុង-​ស្រុក​រៀង​ៗ​ខ្លួន​ បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​មក​លេង​នៅ​ក្នុង​ខេត្ត​ឱ្យ​ពួកគេ បានដឹង និង​បាន​ឃើញ​ពី​សក្ដានុពល​នៅ​ក្នុង​ខេត្ត​ ដើម្បី​ទាក់ទាញ​ឱ្យអ្នកដែលចូលមកទស្សនាទាំងនោះ​មក​បណ្តាក់​ទុន​នៅ​ក្នុង​ខេត្ត​។

លោកអភិបាល បានបន្ថែមថា៖«នេះ​ជា​លើក​ទី​១ សម្រាប់​ខេត្ត​តាកែវ​ដែល​ត្រូវបានរាជរដ្ឋាភិបាលប្រគល់ឱ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះក្នុងការរៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេរ​លើក​ទី​៩ ដែល​នេះ​ជា​មោទនភាព​មួយ​សម្រាប់​ខេត្ត​តាកែវ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ទាំង​មូល​»។

ជា​មួយ​គ្នា​នេះ ជុំ​វិញ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេរ​រយៈ​ពេល ៣ ថ្ងៃ​នេះ លោក​ វ៉ី សំណាង បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជា​អភិបាល គឺ​មិន​អាច​វាយ​តម្លៃ​បាន​ទេ​ថា​នឹង​មាន​អ្នក​ចូល​រួម​ក្នុង​រង្វង់​ប៉ុន្មាន ប៉ុន្តែ​ដោយ​នេះ​ជា​លើក​ទី​១ ដូច្នេះ​លោក​ក៏​សង្ឃឹម​ថា នឹង​មាន​ប្រជាជន​ជា​ច្រើន​ ទាំង​ជាតិ និង​អន្តរ​ជាតិ ដែលនឹងមកលេងនៅខេត្តតាកែវ។

ជាក់ស្តែង ក្រៅពីព្រឹត្តិការណ៍បុណ្យទន្លេរ ​ខេត្ត​តាកែវ ក៏​នៅមាន​កន្លែង​សម្រាក់​លំហែ​ កន្លែង​កម្សាន្ត ​ជា​ច្រើន​កន្លែង​ បន្ថែម​ពី​នេះ ក៏​នៅ​មាន​​ទេសចរណ៍​ធម្មជាតិ ទេសចរណ៍​កែច្នៃ សរុប​ប្រមាណ ១២​ កន្លែង ដែល​អាច​ឱ្យ​អ្នក​ទេសចរ​ទៅ​លេង​កម្សាន្ត​បាន​។

ជាមួយគ្នានេះ លោក អភិបាលខេត្ត បានអះអាងថា ដោយ​សារ​តែ​បុណ្យ​ទន្លេរនេះ ​រៀបចំឡើងសំ​ដៅ​បង្ហាញ​អំពី​សក្ដានុពល​នៅ​ក្នុង​ខេត្ត ដូច្នេះ​តាម​រយៈ​ការតាំងសមិទ្ធផល នៅតាមក្រុង-ស្រុកនីមួយៗ ​នឹង​ចូល​រួម​លើក​ស្ទួយ​ដល់​វិស័យ​សេដ្ឋកិច្ច​ខេត្ត​ ព្រោះ អ្នក​ដែល​បាន​មក​ទស្សនា​ខេត្ត​តាកែវ នឹង​បាន​ឃើញ​ពី​សមិទ្ធផល ​សក្ដានុពល​ក្នុង​ខេត្ត ដែល​ជាកត្តាមួយជួយជំរុញ​ឱ្យ​ពួកគេ ចាប់​អារម្មណ៍​មក​បណ្តាក់​ទុន​លើ​វិស័យនានាក្នុងខេត្ត ដូចជា វិស័យ​ទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម និង​ឧស្សាហកម្ម​ជា​ដើម​។ មួយ​វិញ​ទៀត ក៏អាច​ផ្តាស់​ប្តូរ​ផ្នត់​គំនិត​ប្រជាពលរដ្ឋ​ទាក់ទង​ទៅ​នឹង​ឥរិយាបថ​ក្នុង​ការ​ធ្វើ​បដិសណ្ឋាកិច្ច​ជា​មួយ​អ្នក​ដទៃ​ ការ​រៀប​ចំ​ទុក​ដាក់​សំរាម ក៏​ដូច​ជា​ការ​រៀប​ចំ​ម្ហូប​អាហារ​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជាង​មុន។

សូម​ជម្រាប​ថា ​ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នឹង​រៀប​ចំ​ឡើង​នៅខេត្តតាកែវ ​រយៈ​ពេល ៣ ថ្ងៃ​ពេល ពោល​គឺ ចាប់​ពី​ថ្ងៃ​ទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រោម​ប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ»។

ព្រឹត្តិការណ៍បុណ្យទន្លេ ត្រូវបានរៀបចំ​ចំនួន ៨ លើក​រួច​មក​ហើយ ដោយ​លើកដំបូងរៀប​ចំ​ឡើង​​ក្នុង​ឆ្នាំ​ ២០១៥ នៅ​​​ខេត្តក្រចេះ, ឆ្នាំ​២០១៦ រៀប​ចំ​នៅ​ខេត្តស្ទឹងត្រែង, ឆ្នាំ២០១៧ នៅខេត្តកំពង់ចាម-​ខេត្តត្បូងឃ្មុំ, ឆ្នាំ​២០១៨ ខេត្តកណ្ដាល, ឆ្នាំ​ ២០១៩ ខេត្តកំពង់ឆ្នាំង, ឆ្នាំ​២០២០ នៅខេត្តបាត់ដំបង មុន​ពេល​ត្រូវ​ផ្អាក​ចំនួន ២ ឆ្នាំ​ ដោយ​សារ​វិបត្តិ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។ បន្ទាប់​ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ អាច​គ្រប់​គ្រង​បាន​ រាជរដ្ឋាភិបាល​​បាន​សម្រេច​រៀបចំ​ពិធី​បុណ្យ​ទន្លេ លើ​ក​ទី៧ កាល​ពី​ឆ្នាំ​២០២៣ នៅ​ក្នុងខេត្ត​កំពង់​ធំ និង​លើក​ទី៨ ក្នុង​ឆ្នាំ២០២៤ នៅ​​ខេត្ត​សៀមរាប៕

The post ស្តង់ប្រមាណ ៣០០ តាំងបង្ហាញក្នុងកម្មវិធីបុណ្យទន្លេរ​ នៅខេត្តតាកែវឆ្នាំនេះ ​ appeared first on Kampuchea Thmey Daily.