សម្ដេចធិបតី៖ ម៉ោងនេះមិនមែនជាពេលបែកបាក់ទេ! យើងកំពុងប្រឈមនឹងអ្នកជិតខាងរបស់យើង
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅអ្នកនយោបាយ ជនរួមជាតិខ្មែរទាំងអស់រួបរួមគ្នាតែមួយប្រឆាំងសត្រូវខាងក្រៅ ដោយថាពេលនេះមិនមែនជាពេលដែលត្រូវបែកបាក់គ្នាទេ គឺជាពេលដែលត្រូវប្រឈមនឹងអ្នកជិតខាងរបស់យើង។ សម្ដេចក៏ផ្ដាំទៅអ្នកនយោបាយក្រៅប្រទេសម្នាក់ឱ្យគិតគូរពីបញ្ហាជាតិជាធំផងដែរ។ The post សម្ដេចធិបតី៖ ម៉ោងនេះមិនមែនជាពេលបែកបាក់ទេ! យើងកំពុងប្រឈមនឹងអ្នកជិតខាងរបស់យើង appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅអ្នកនយោបាយ ជនរួមជាតិខ្មែរទាំងអស់រួបរួមគ្នាតែមួយប្រឆាំងសត្រូវខាងក្រៅ ដោយថាពេលនេះមិនមែនជាពេលដែលត្រូវបែកបាក់គ្នាទេ គឺជាពេលដែលត្រូវប្រឈមនឹងអ្នកជិតខាងរបស់យើង។ សម្ដេចក៏ផ្ដាំទៅអ្នកនយោបាយក្រៅប្រទេសម្នាក់ឱ្យគិតគូរពីបញ្ហាជាតិជាធំផងដែរ។

ថ្លែងក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរិទ្ធិជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ដែលបានបង្ហាញស្មារតីជាតិនិយម ផ្ដល់កម្លាំអចិត្តដល់កងទ័ព និងជឿជាក់លើរដ្ឋាភិបាលកម្ពុជា។ សម្ដេចថាការលើកទឹកចិត្តនេះគឺសំខាន់ណាស់ក្នុងពេលដែលប្រឈមនឹងស្ថានភាពគ្រោះថ្នាក់ចំពោះជាតិនេះ។
សម្ដេចថា៖ «សុំឱ្យបងប្អូនទាំងអស់គ្នាដែលមានឈាមជ័រជាខ្មែរពិតប្រាកដបើមិនគាំទ្ររដ្ឋាភិបាលនោះទេ!សុំកុំចេញសារឬមួយធ្វើសកម្មភាពណាវាយបំបាក់នូវស្មារតីសាមគ្គីឯកភាពជាតិរបស់យើង សូមឈរនៅពីក្រោយកងទ័ពរបស់យើងហើយជាពិសេសកុំវាយបំបាក់កងទ័ពជួរមុខរបស់យើងឱ្យសោះនេះគឺសុំឱ្យរួមគ្នាបែបនេះព្រោះបើគាត់មានសតិអារម្មណ៍គាត់មិននឹងនរអារម្មណ៍នៅទីណា បាត់បង់អី? គឺអាយុជីវិត និងទឹកដី»។
សម្ដេចអំពាវនាវដល់អ្នកនយោបាយទាំងអស់គ្រប់មជ្ឈដ្ឋានចូលរួមគ្នា ព្រោះស្ថានភាពប្រែប្រួលនៅព្រំដែនកម្ពុជា-ថៃមិនទាន់ចប់ទេ ខណៈដែលថៃកាយលេណដ្ឋាន ចល័តទ័ព និងអូសកាំភ្លើងធំរៀងរាល់ថ្ងៃ។
សម្ដេចធិបតីបានបង្ហាញការហួសចិត្តចំពោះការលើកឡើងរបស់អ្នកនយោបាយក្រៅប្រទេសមួយដែលចាត់ទុកបញ្ហាព្រំដែនកម្ពុជា-ថៃជាការលេងសៀករបស់រដ្ឋាភិបាលកម្ពុជានិងថៃ សូមឱ្យគិតឡើងវិញខណៈសម្ដេចថាម៉ោងពេលនេះមិនមែនជាពេលបែកបាក់ទេ។

សម្ដេចថា៖ «ម៉ោងថ្មើនេះមិនមែនជារឿងបែកបាក់ទេ! ខ្ញុំមិនចង់ឡងទៅគ្នាឯងទេយល់សាររបស់ខ្ញុំហើយ។ អ្វីដែលខ្ញុំនិយាយនេះគឺយើងកំពុងប្រឈមមុខជាមួយនឹងអ្នកជិតខាងរបស់យើងដែលកំពុងទាមទារព្រំដែន»។
គួរឱ្យដឹងផងដែរថាបញ្ហាព្រំដែនកម្ពុជា-ថៃបានកើនកម្ដៅចាប់ពីថៃធ្វើការឈ្លានពានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើឱ្យកម្ពុជាបានបញ្ជូនទ័ពទៅត្រៀមក្នុងខ្សែត្រៀមជួរមុខត្រៀមឆ្លើយតបនឹងការគំរាមកំហែងនេះ។
ស្ថានភាពកាន់តែក្ដៅឡើងបន្ថែមទៀតក្រោយថៃបិទព្រំដែនដោយឯកតោភាគី និងគំរាមកាត់ផ្ដាច់ភ្លើង និងអ៊ីនធើណិត ហើយកម្ពុជាបានសម្រេចបញ្ឈប់ការប្រើប្រាស់អ៊ីនធើណិតពីថៃ និងបានបិទច្រកដូងជាការឆ្លើយតបផងដែរ ខណៈប្រមុខរដ្ឋាភិបាលនិងប្រធានព្រឹទ្ធសភា បានបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃត្រលប់មកកាន់កម្ពុជាវិញ ស្របពេលដែលបណ្ដឹងដាក់ទៅ ICJ នៅថ្ងៃទី១៥ ខែមិថុនា៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post សម្ដេចធិបតី៖ ម៉ោងនេះមិនមែនជាពេលបែកបាក់ទេ! យើងកំពុងប្រឈមនឹងអ្នកជិតខាងរបស់យើង appeared first on Kampuchea Thmey Daily.