លោក ម៉ៅ សុផាន់ ប្រាប់អាជ្ញាធរខេត្តព្រះវិហារឱ្យបម្រើប្រជាជន បើមានបញ្ហាត្រូវដោះស្រាយភ្លាម
ត្រូវរួមកម្លាំងឱ្យទៅជាកម្លាំងសរុប ឈរលើផ្លូវតែមួយ ទិសដៅតែមួយ គឺខិតខំប្រឹងប្រែងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ The post លោក ម៉ៅ សុផាន់ ប្រាប់អាជ្ញាធរខេត្តព្រះវិហារឱ្យបម្រើប្រជាជន បើមានបញ្ហាត្រូវដោះស្រាយភ្លាម appeared first on Kampuchea Thmey Daily.
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្តព្រះវិហារ ត្រូវបម្រើប្រជាជនដោយស្ម័គ្រត្រង់អស់ពីបេះដូង បើប្រជាជនមានបញ្ហា អាជ្ញាធរត្រូវដោះស្រាយភ្លាម។
ភ្ជាប់ការណែនាំនេះ លោក ម៉ៅ សុផាន់ បានរម្លឹកពីអនុសាសន៍របស់សម្ដេចប្រមុខរាជរដ្ឋាភិបាល គឺត្រូវរួមកម្លាំងឱ្យទៅជាកម្លាំងសរុប ឈរលើផ្លូវតែមួយ ទិសដៅតែមួយ គឺខិតខំប្រឹងប្រែងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ សកម្ម និងបុរេសកម្ម ដោយយកស្មារតីខ្វល់ខ្វាយពីប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ដែលនេះគឺជាក្តីសង្ឃឹម និងការចង់បានរបស់ប្រជាជន ក៏ដូចជារបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចចក្ខុវិស័យដ៏មានមហិច្ឆតារបស់កម្ពុជា។
លោកនាយឧត្តមសេនីយ៍ បានរម្លឹកដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ តាមយន្តការច្រកចេញចូលតែមួយឱ្យបានល្អប្រសើរ ពិសេសការដោះស្រាយបញ្ហាអត្រានុកូលដ្ឋាន ជៀសវាងកុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីការជំរុញការចុះបញ្ជីដីធ្លី ការចេញបណ្ណនិងការដោះស្រាយទំនាស់ដីធ្លី ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងពន្លឿនការដោះស្រាយបណ្ដឹងនៅតុលាការ និងការកាត់ក្តីប្រកបដោយយុត្តិធម៌ ដោយឈរលើគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន ព្រមទាំងត្រូវគិតគូពីប្រយោជន៍រួមរបស់ប្រជាជននិងប្រយោជន៍ជាតិ អនុវត្តតាមអភិក្រម «ដោះស្រាយបញ្ហា និងមិនបង្កើតបញ្ហា» ក្នុងគោលដៅបង្កើនជំនឿទំនុកចិត្តពីប្រជាជន។
ភ្ជាប់នឹងលើកឡើងខាងលើ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏មិនភ្លេចនូវការគូសបញ្ជាក់អំពីទស្សនាទានរបស់សម្តេចតេជោហ៊ុន សែន អំពីគុណតម្លៃនៃ «សន្តិភាព» ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ លោក ថា ការធានា និងរក្សានូវសន្តិភាព ដោយស្ថិរភាព និងយូរអង្វែង នឹងចូលរួមរុញឱ្យកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។
ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្រ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ សំដៅបន្តថែរក្សា និងពង្រីកសមិទ្ធផលរបស់ខេត្តបន្ថែមទៀត លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ក៏បានផ្ដល់នូវអនុសាសន៍ និងគោលការណ៍ណែនាំបន្ថែមលើកិច្ចការសំខាន់ៗមួយចំនួនសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹង និងលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន និងការដោះស្រាយជីវភាពប្រជាជន ជាពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសពាក់ព័ន្ធបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តព្រះវិហារ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់សម្រេចបានវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន៕
The post លោក ម៉ៅ សុផាន់ ប្រាប់អាជ្ញាធរខេត្តព្រះវិហារឱ្យបម្រើប្រជាជន បើមានបញ្ហាត្រូវដោះស្រាយភ្លាម appeared first on Kampuchea Thmey Daily.