លោក ត្រាំ ប្រកាសឈប់វាយប្រហារក្រុមហ៊ូធី បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន... The post លោក ត្រាំ ប្រកាសឈប់វាយប្រហារក្រុមហ៊ូធី បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ appeared first on Kampuchea Thmey Daily.

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន បន្ទាប់ពីក្រុមនេះបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការបញ្ឈប់ការតម្រង់គោលដៅទៅលើនាវាអាមេរិកនៅសមុទ្រក្រហម និងឈូងសមុទ្រអេឌែន។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងធានាលំហូរសុវត្ថិភាពនៃការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងតំបន់។ ថ្លែងពីការិយាល័យរាងពងក្រពើជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃទី៦ខែឧសភាឆ្នាំ២០២៥ លោក ត្រាំ បាននិយាយថា៖ «យ៉ាងហោចណាស់ ពួកគេបានប្រកាសប្រាប់យើងថា ពួកគេមិនចង់ប្រយុទ្ធទៀតទេ។ ពួកគេពិតជាមិនចង់ប្រយុទ្ធ ហើយយើងនឹងគោរពវា»។
យុទ្ធនាការយោធាអាមេរិក ដែលគេស្គាល់ថាជាប្រតិបត្តិការ «Rough Rider» បានធ្វើការវាយប្រហារជាង ១ ០០០លើកលើគោលដៅរបស់ក្រុមហ៊ូធី ក្នុងរយៈពេល ៥០ថ្ងៃចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះទៅលើនាវាពាណិជ្ជកម្ម និងយោធា។
ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏ភាពមិនច្បាស់លាស់នៅតែមាន។ ខណៈពេលដែលក្រុមហ៊ូធីបានយល់ព្រមបញ្ឈប់ការវាយប្រហារលើនាវារបស់សហរដ្ឋអាមេរិក ពួកគេមិនបានបញ្ជាក់ជាសាធារណៈនូវកិច្ចព្រមព្រៀងនេះទេ ហើយសំណួរនៅតែមានថាតើបទឈប់បាញ់នឹងអនុវត្តលើកប៉ាល់របស់ប្រទេសដទៃដែរឬក៏អត់។
ជាងនេះទៅទៀត ក្រុមហ៊ូធីនៅតែបានប្តេជ្ញាបន្តធ្វើអរិភាពប្រឆាំងនឹងអ៊ីស្រាអែល រហូតដល់ជម្លោះនៅតំបន់ហ្គាហ្សាបញ្ចប់។ ការវាយប្រហារដោយមីស៊ីលនាពេលថ្មីៗនេះដោយក្រុមហ៊ូធីនៅជិតទីក្រុង Tel Aviv បានជំរុញឲ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើហេដ្ឋារចនាសម្ព័ន្ធហ៊ូធី ក្នុងប្រទេសយេម៉ែន រួមទាំងរដ្ឋធានីសាណាផងដែរ៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ចោទលោក ណេតាន់យ៉ាហ៊ូ ថាបានអូសទាញអាមេរិកឲ្យធ្លាក់ចូល«មហន្តរាយ»នៅមជ្ឈិមបូព៌ា
The post លោក ត្រាំ ប្រកាសឈប់វាយប្រហារក្រុមហ៊ូធី បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ appeared first on Kampuchea Thmey Daily.