រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤
រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤ The post រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤ appeared first on Kampuchea Thmey Daily.
បើប្រៀបធៀបក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០%។ការថយចុះអាត្រាជំងឺគ្រុនឈាមនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានទាំង១៤ កងកម្លាំងកងពលតូចលេខ៧០(ង៧០) ដែលបានសហការគ្នាបាញ់ថ្នាំសម្លាប់មុខខ្លានៅក្នុងមូលដ្ឋានខណ្ឌទាំង១៤បានល្អប្រសើរ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) ចំនួន២៥នាក់ ជាមួយនិងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃទី១៤ ខែមករានេះ នៅសាលារាជធានីភ្នំពេញ ពោលគឺមុនពេលចាប់ផ្តើមយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស នាល្ងាចថ្ងៃដដែលនេះ។
លោកឃួង ស្រេង បានបន្តថា នៅដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ បានកើតមូសជាច្រើន ដែលបានបង្កឱ្យមានហានិភ័យចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង ស្របពេលអាជ្ញាធរមូលដ្ឋានខណ្ឌមួយចំនួនបាននិងកំពុងធ្វើសកម្មភាពបាញ់សម្លាប់មូសខ្លានេះដែរ។ យុទ្ធនាការនៅនេះយើងនឹងប្រើប្រាស់រថយន្តរបស់កងកម្លាំងកងពលតូចលេខ៧០(ង៧០) បាញ់សម្លាប់មុខខ្លា ជាទ្រុងទ្រាយធំនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅ ពិសេសនៅតាមប្រឡាយទឹក។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏ដូចជាមណ្ឌលសុខភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តតាមដានមើលពីសុខមាលភាពរប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្ថែមពីលើនេះ លោកឃួងស្រេងនូវបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរស់នៅដោយមានអនាម័យ ការពារកុំឱ្យមូសខ្លាខាំ នាំឱ្យឆ្លងជំងឺគ្រុនឈាម។ ចំណែកប្រជាពលរដ្ឋវិញសូមរាយការណ៍បន្ទាន់មកអាជ្ញាធរខណ្ឌពាក់ព័ន្ធបើទីតាំងណាមួយមានហានិភ័យដោយសារមូសខ្លាឬជំងឺគ្រុនឈាម។
ដើម្បីជាការឆ្លើយតប ក៏ដូចជាការអរគុណចំពោះកងពលតូចលេខ៧០(ង៧០) លោក ឃួង ស្រេង បាននាំយកនូវអំណោយរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូនកងពលតូចលេខ៧០(ង៧០)ចំនួន២៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេះ ទឹកបរិសុទ្ធ៣កេសនិងថវិកាចំនួន២០ម៉ឺនរៀល។
លោកឃួង ស្រេងបញ្ជាក់ថា យុទ្ធនាការនេះចាប់ផ្ដើមអនុវត្តនៅល្ងាចនេះតែម្ដង ជាមួយនិងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចេះបង្ការទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឱ្យដឹងថា សម្រាប់ថ្ងៃបើកយុទ្ធនាការនេះ កម្លាំកងពលតូចលេខ៧០(ង៧០)សហការជាមួយអាជ្ញាធរខណ្ឌនិងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ផ្តើមធ្វើសកម្មភាពនៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ, សែន សុខ, ពោធិ សែនជ័យ,ឬស្សីកែវ,ទួលគោក, បឹងកេងកងនិងខណ្ឌដូនពេញ៕
អត្ថបទ៖ស្រីរ័ត្ន
The post រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤ appeared first on Kampuchea Thmey Daily.