រដ្ឋមន្ដ្រី កែវ រតនៈ ៖ បច្ចុប្បន្នប្រព័ន្ធអគ្គិសនីគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រី នៃក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា បច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិ បានគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្ដឱ្យលំនៅឋាន ប្រជាពលរដ្ឋ រហូតដល់៩៧.៨២%។ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ របស់ ក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោករដ្ឋមន្ដ្រី កែវ រតនៈ បានឲ្យដឹងថា ក្រសួង បន្ដធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធបញ្ជូនរង និងចែកចាយ ដើម្បីពង្រីកវិសាលភាព និងសមត្ថភាពផ្គត់ផ្គង់ ឲ្យបានដល់គ្រប់ទីកន្លែង។ លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «បច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិបានគ្របដណ្តប់ ៩៩.១៥%នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្ដឱ្យលំនៅឋាន ប្រជាពលរដ្ឋរហូតដល់៩៧.៨២% នៃលំនៅឋានទូទាំងប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់ ទទួលបានការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីស្មើភាពគ្នា ទាំងថ្លៃ ទាំងគុណភាព ទាំងការភ្ជាប់ចរន្ត […]
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រី នៃក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា បច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិ បានគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្ដឱ្យលំនៅឋាន ប្រជាពលរដ្ឋ រហូតដល់៩៧.៨២%។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ របស់ ក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោករដ្ឋមន្ដ្រី កែវ រតនៈ បានឲ្យដឹងថា ក្រសួង បន្ដធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធបញ្ជូនរង និងចែកចាយ ដើម្បីពង្រីកវិសាលភាព និងសមត្ថភាពផ្គត់ផ្គង់ ឲ្យបានដល់គ្រប់ទីកន្លែង។
លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «បច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិបានគ្របដណ្តប់ ៩៩.១៥%នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្ដឱ្យលំនៅឋាន ប្រជាពលរដ្ឋរហូតដល់៩៧.៨២% នៃលំនៅឋានទូទាំងប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់ ទទួលបានការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីស្មើភាពគ្នា ទាំងថ្លៃ ទាំងគុណភាព ទាំងការភ្ជាប់ចរន្ត និងទាំងសេវាផ្សេងៗទៀត ហើយក៏កំពុងដាក់ចេញនូវកម្មវិធី «គីឡូម៉ែត្រចុងក្រោយ The Last Mile» ធ្វើឱ្យកម្ពុជាឆ្ពោះទៅមានអគ្គិសនីប្រើប្រាស់ ១០០ភាគរយ»។
បន្ថែមពីនេះ ក្រសួងកំពុងធ្វើការជិតស្និទជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លើ ការងារថាមពលបរមាណូស៊ីវិល និងបានដាក់ចេញនីតិវិធីជួយគាំទ្រថាមពលចំហាយសម្រាប់ផ្នែកឧស្សាហកម្ម និងកម្មន្តសាល ដើម្បីធានាដល់ការនាំចេញផលិតផលកម្ពុជាទៅទីផ្សារពិភពលោក។
វិស័យថាមពលបានធ្វើវិភាគទានជាចំណូលសារពើពន្ធគ្រប់ប្រភេទចំនួនប្រមាណ ៨៩,៧៥ លានដុល្លារ អាមេរិក ក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងចំនួនប្រមាណ ៨០,១០ លានដុល្លារអាមេរិក ក្នុងការអនុវត្តជាក់ ស្តែងរយៈពេល ៧ខែ ឆ្នាំ២០២៤។
គិតត្រឹមខែតុលា ឆ្នាំ២០២៤ វិស័យថាមពលបានបង្កើតការងារដោយ ផ្ទាល់បានចំនួន ១៥ ៩៥៧ កន្លែង ជូនប្រជាពលរដ្ឋ ដែលក្នុងនោះ អគ្គិសនីកម្ពុជាដែលជាសហគ្រាស អគ្គិសនីរដ្ឋមានបុគ្គលិកសរុបចំនួន ៦ ២៣១ នាក់ ក្នុងនោះមានបុគ្គលិកជាស្ត្រី ១ ១២៣នាក់ ដោយឡែក អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្នែកអគ្គិសនីឯកជន មានចំនួន ៤៧៩ សហគ្រាស មានបុគ្គលិកសរុប ចំនួន ៩ ៧២៦ នាក់ ក្នុងនោះបុគ្គលិកជាស្ត្រីចំនួន ១ ៩៩៥ នាក់៕